ខេត្តកំពង់ចាម ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ត្រឹមតែមួយប៉ប្រិចភ្នែក និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍ប្រាប់សមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិ ភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ការពារកុំឱ្យឆេះរាលដាលបន្តទៀត។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម។
ផ្ទះ ទាំង២ខ្នង ដែលរងការឆាបឆេះ រួមមាន ផ្ទះទី១-ជាប្រភេទផ្ទះឈើ ប្រក់ក្បឿង មានទំហំ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ មានម្ចាស់ឈ្មោះប៉ាត់ ឆៃលាង ភេទស្រី អាយុ៦០ឆ្នាំ។ ផ្ទះទី២-ជាប្រភេទផ្ទះឈើប្រក់ក្បឿង មានទំហំ៦ម៉ែត្រ គុណនឹង ១៦ម៉ែត្រ មានម្ចាស់ ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោកស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឱ្យលោកអធិការដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍អធិ ការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចេញអន្តរាគ មន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារ ជាជំនួយព្រម ទាំងប្រជាពលរដ្ឋ និងបានបាញ់ទឹកស្រោចទៅលើភ្លើងដែលកំពុងឆាបឆេះផ្ទះឈើរបស់ប្រជាពលរដ្ឋ រហូតដល់ភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន១០ឡាន ក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន។
ករណីអគ្គិភ័យខាងលើ បានបណ្តាលឱ្យឆេះខូចខាតផ្ទះ ចំនួន២ខ្នង ក្នុងនោះ ផ្ទះទី១-របស់ឈ្មោះប៉ាត់ ឆៃលាង ភេទស្រី រងការខូចខាតទាំងស្រុង ប្រាក់ដុល្លារ ចំនួន៧ពាន់ដុល្លារ រួមនិងសម្ភារៈមួយចំនួន។ ចំណែកផ្ទះទី២-របស់ឈ្មោះយ៉េង នាង ភេទប្រុស រងការខូចខាតទាំងស្រុង ប្រាក់ដុល្លារ ចំនួន៣ម៉ឺនដុល្លារ រួមនិងសម្ភារៈមួយ ចំនួន។

ចំពោះមូលហេតុ ដែលនាំឱ្យកើតមានហេតុការណ៍អគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕