Monday, January 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងសុខាភិបាល ណែនាំវិធីការពារឆ្លងវីរុសនីប៉ាហ៍

ក្រសួងសុខាភិបាល ណែនាំវិធីការពារឆ្លងវីរុសនីប៉ាហ៍

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុស នីប៉ាហ៍ (Nipah) នៅលើមនុស្សនៅឡើយ តែយ៉ាងណា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺនីប៉ាហ៍ (Nipah) គឺជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វជ្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។ ជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គរបស់មនុស្ស និងមានអត្រាស្លាប់ ចន្លោះពី៤០ភាគរយ ទៅ៧០ភាគរយ។ វីរុសនេះ រកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុ ស្ស ១០០នាក់ បានស្លាប់ ក្នុងចំណោមអ្នកឆ្លងវីរុស ចំនួន៣០០នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះ រហូតមកដល់បច្ចុ ប្បន្ន មិនមានការផ្ទុះឡើងជាថ្មី ត្រូវបានរាយការណ៍ពីប្រទេសម៉ាឡេស៊ី ទៀតទេ។ វីរុស ត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំ ក្នុងប្រទេសបង់ក្លា ដែស និងភាគខាងកើតប្រទេសឥណ្ឌា នៅចន្លោះពេលទៀងទាត់។

ប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍ នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ។

របៀបចម្លង ៖

– សត្វប្រចៀវ ស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍ ចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វ ដូចជា ឈាម លាមក ឬទឹកនោមនៃសត្វទាំងនេះ។

– ការទទួលទានផ្លែឈើ ឬទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវ ដែលមានផ្ទុកវីរុសនីប៉ាហ៍ ចូលក្នុងនោះ ។

– មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវ ស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍

– ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗ ចេញពីផ្លូវដង្ហើម ឬច្រមុះ ។

រោគសញ្ញា ៖

– បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាល់ និងរលាកខួរក្បាលធ្ងន់ធ្ងរ ដូចជា ហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូតដល់ចាប់ផ្តើមមានរោគសញ្ញា គឺមានចន្លោះពី ៤ថ្ងៃ ទៅ១៤ថ្ងៃ តែអាចរហូតដល់ ៤៥ថ្ងៃ រោគសញ្ញា រួមមាន គ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេលដែលខួរក្បាលហើម ធ្វើឱ្យវិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ ។

– បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាល់ តែងមានផលវិបាកប្រព័ន្ធប្រសាទ រយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០ភាគរយ នៃអ្នកជំងឺ មានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូច ឈឺឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។

– បច្ចុប្បន្ននេះ មិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ។

របៀបបង្ការ ៖

– លាងសម្អាតដៃ និងរក្សាអនាម័យក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ជាប្រចាំ ជាមួយនឹងសាប៊ូ

– ចៀសវាងប៉ះពាល់ជាមួយសត្វប្រចៀវ សត្វប្រឹង ឬជ្រូកឈឺ

– បើមានការសង្ស័យថាមានការផ្ទុះឡើងកន្លែងសត្វ គួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេ ជាបន្ទាន់។ ការសម្លាប់សត្វដែលឆ្លងវីរុសត្រូវ អនុវត្តវិធីកប់ ឬដុតសាកសព ឱ្យត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដល់មនុស្ស។ ហាមផ្លាស់ទីសត្វពីកសិដ្ឋានដែលមានវីរុស ទៅកាន់ តំបន់ផ្សេងទៀត ។

– កុំឱ្យសត្វប្រចៀវ អាចប៉ះជាមួយបំពង់សម្រាប់ត្រងទឹកត្នោត និងផលិតផលអាហារស្រស់ផ្សេងទៀត។ ទឹកត្នោតដែលទើបប្រមូលបានថ្មីៗ គួរដាំឱ្យពុះ

– លាងសម្អាតផ្លែឈើ និងបកសំបក មុនពេលទទួលទាន ផ្លែឈើដែលមានសញ្ញាថា សត្វប្រចៀវចោះឬស៊ី ត្រូវបោះចោល។

– ពាក់ស្រោមដៃ និងសម្លៀកបំពាក់ការពារ ខណៈពេលកាន់សត្វឈឺ ឬទឹកសរីរាង្គ របស់វា និងក្នុងអំឡុងពេលនៃការសម្លាប់ និងការកម្ទេចចោល

– កុំប៉ះផ្ទាល់ជាមួយអ្នកឆ្លងវីរុសនីប៉ាហ៍។ លាងសម្អាតដៃជាប្រចាំបន្ទាប់ពីការថែទាំឬសួរសុខទុក្ខអ្នកជំងឺ

– បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លង ត្រូវអនុវត្តការ ប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគ គ្រប់ពេលវេលា។

– ការប្រមូលសំណាកពីមនុស្ស និងសត្វ ដែលមានការសង្ស័យថាមានការឆ្លងវីរុសនីប៉ាហ៍ ត្រូវអនុវត្ត ដោយបុគ្គលិកដែលបានទទួល ការបណ្តុះបណ្តាលនិងពាក់សម្ភារការពារខ្លួន។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្កាខាងលើ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូន ដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdamoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES