ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ មិនថាមានបញ្ហាអ្វី ស្រាប់តែនៅសុខៗ ដុតម៉ូតូ ១គ្រឿងចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែក។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រោយសាលាបឋមសិក្សាហ៊ុន នាង បឹងត្របែកខាងត្បូង តាមផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាក ZOOMER-X មិនចាំស្លាកលេខ ទៅទិញស្រាបៀរ នៅក្នុងភូមិ យកមកផឹក លុះទិញស្រាបៀរបានហើយ ក៏ជិះត្រឡប់មកផ្ទះវិញ តែពេលមកដល់ផ្ទះ មិនដឹងថាមានទំនាស់អ្វីជាមួយនឹងក្រុមគ្រួសារនោះទេ ស្រាប់តែបុរសរូបនោះ បានដុតម៉ូតូខ្លួនឯងចោល ធ្វើឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចអូសទាញចេញមកក្រៅ ទុកឱ្យឆេះចោល រហូតសល់តែគ្រោងឆ្អឹងដែក ចំណែកបុរសរូបនោះ បានសម្ងំក្នុងផ្ទះ ធ្វើមិនដឹង។

ករណីនេះ ពលរដ្ឋនៅក្បែរនោះ ភ័យស្លន់ស្លោ ដោយបាននាំគ្នាយកទឹកទៅពន្លត់ និងអ្នកខ្លះទាក់យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ រហូតដល់ម៉ោង ៣យប់ ថ្ងៃដដែល ទើបរលត់។

ក្នុងករណីនេះ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១គ្រឿង ចេញអន្តរាគមន៍ដែរ តែមិនបានបាញ់ទឹកនោះទេ ។

ហេតុការណ៍នេះ មិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងរងរបួសមនុស្សនោះទេ គ្រាន់តែខូចខាតម៉ូតូ ១គ្រឿង ប៉ុណ្ណោះ៕

