Tuesday, January 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំងជំរិត៥ម៉ឺនដុល្លារ ជាប់ខ្នោះ៨

ចាប់បង្ខាំងជំរិត៥ម៉ឺនដុល្លារ ជាប់ខ្នោះ៨

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពចាប់បុរសជនជាតិចិន ម្នាក់ ចេញពីអាកាសយានដ្ឋានអន្តរជាតិ រួចដឹកយកទៅឃុំទុកនៅក្នុងផ្ទះវីឡា មួយកន្លែង ដើម្បីជំរិតទារប្រាក់ ចំនួន៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន៨ នាក់។

ករណីចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់នេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិតេជោ។ បន្ទាប់មក ក្រុមជនសង្ស័យបានដឹកជនរងគ្រោះ យកទៅឃុំទុកនៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមជន សង្ស័យ បានយកជនរងគ្រោះ ទៅលក់ឱ្យក្រុមហ៊ុនអនឡាញខុសច្បាប់ នៅខេត្តមណ្ឌលគិរី។  រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍រំដោះជនរងគ្រោះ និងឈានដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៨នាក់។

ក្រុមជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ DENG CHAO ភេទប្រុស ជនជាតិចិន។ ទី២-ឈ្មោះ XUE JIAN ភេទប្រុស ជនជាតិចិន។ ទី៣-ឈ្មោះ GU WUNAN ភេទប្រុស ជនជាតិចិន។ ទី៤-ឈ្មោះ KAMAL PRASAD PATHAK ភេទប្រុស ជនជាតិនេប៉ាល់។ ទី៥-ឈ្មោះ DINESH GURUNG ភេទប្រុស ជនជាតិនេប៉ាល់។ ទី៦-ឈ្មោះ KARMA WANGEL THING ភេទប្រុស ជនជាតិនេប៉ាល់។ ទី៧-ឈ្មោះ DEEPAK KUMAR THAPA ភេទប្រុស ជនជាតិនេប៉ាល់ និងទី៨-ឈ្មោះ SURENDRA BK ភេទប្រុស ជនជាតិនេប៉ាល់។ ចំណែកជនរងគ្រោះ មានឈ្មោះ ZHU XUELIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។

យោងតាមប្រភពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីជំរិតទារប្រាក់ តាមដីការបស់តុលាការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រំ សារឿន អនុប្រធាននាយកដ្ឋាន បានស្រាវ ជ្រាវករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស (ជំរិតទារប្រាក់) ទៅលើឈ្មោះ ZHU XUELIN ភេទប្រុស អាយុ២៨ឆ្នាំ ។

ប្រភពដដែល បន្តថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ DENG CHAO បានចាប់ខ្លួនជនរងគ្រោះឈ្មោះ ZHU XUELIN ពីអាកាសយានដ្ឋានអន្តរជាតិថ្មី យកទៅឃុំទុក នៅក្នុងផ្ទះវីឡា មួយកន្លែង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក្រុមជនសង្ស័យ មានជនជាតិចិន ជនជាតិនេប៉ាល់ និងជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើ បានគំរាមកំហែងជំរិតទារប្រាក់ពីជនរងគ្រោះ ចំនួន ៥ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង។ បន្ទាប់ពីឃុំខ្លួនជនរងគ្រោះ រយៈពេល៤ថ្ងៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមជនសង្ស័យខាង លើ បានយកជនរងគ្រោះ ទៅលក់ឱ្យក្រុមហ៊ុនអនឡាញខុសច្បាប់ នៅខេត្តមណ្ឌលគិរី។ បន្ទាប់មក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរំដោះជនរងគ្រោះចេញពីក្នុងក្រុមហ៊ុនអនឡាញ ស្ថិតនៅខេត្តមណ្ឌលគិរី និងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ បានជាបន្តបន្ទាប់ សរុបចំនួន៨នាក់។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចាប់ខ្លួនជនរងគ្រោះ ទៅឃុំទុកនៅក្នុងផ្ទះវីឡា ១កន្លែង ដើម្បីជំរិតទារប្រាក់ ចំនួន ៥ម៉ឺនដុល្លារ រួចយកជនរងគ្រោះទៅលក់បន្តឱ្យក្រុមហ៊ុនអនឡាញខុសច្បាប់ ប្រាកដមែន។

ក្រុមជនសង្ស័យទាំង៨នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES