Tuesday, February 3, 2026
Homeទេសចរណ៍ផ្លូវថ្មើរជើងចតុមុខ គោលដៅទេសចរណ៍ល្បីរបស់រាជធានីភ្នំពេញ

ផ្លូវថ្មើរជើងចតុមុខ គោលដៅទេសចរណ៍ល្បីរបស់រាជធានីភ្នំពេញ

ភ្នំពេញៈ ដោយទទួលបានការចង្អុលបង្ហាញគាំទ្រនិងលើកទឹកចិត្តពីសំណាក់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង មួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ដែលស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ១១យប់ រៀងរាល់ចុងសប្តាហ៍ (ថ្ងៃសៅរ៍-អាទិត្យ) ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទ ចរាចរណ៍ឡើយ បើគិតរហូត មកដល់ពេលនេះ ផ្លូវថ្មើរជើងចតុមុខនេះ គឺមានអាយុកាល ១ឆ្នាំហើយ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ផ្លូវនេះ កាលពីដំបូងឡើយ មានមតិរិះគន់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមួយចំនួន បានដើរបញ្ច្រាស់ទិសគ្នា ដោយអ្នកខ្លះបានលើកឡើងថា “វាមិនអាចទៅរួចទេ វាគ្មានបានប៉ុន្មានទេ មិនដឹងបិទផ្លូវអ៊ីចឹង ចំណេញឬខាតទេ សង្ឃឹមថាការបិទផ្លូវនេះ មិនប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូននៅតាមបណ្តោយផ្លូវនេះទៅចុះ…”។ ប៉ុន្តែក្រោយដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខ រយៈពេល១ឆ្នាំនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ផ្តើមចេញពីការរៀបចំជាបណ្តើរៗដូចជា ការកែលម្អភ្លើងបំភ្លឺ ការរៀបចំកែលម្អនិងស្ថាបនាបន្ថែម បន្ទប់ទឹកសាធារណៈ ការរៀបចំឱ្យបងប្អូនអាជីវករ អាចចូលលក់ដូរផលិតផល ម្ហូបអាហារនានា ការរៀបចំផ្ទាំងទស្សនីយភាពកម្សាន្ត ទាំងផ្នែក បុរាណ សម័យ និងកម្មវិធីផ្សេងៗ ជាហូរហែ ព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ក្នុងបរិវេណនេះ ជាប់ជាប្រចាំ បានធ្វើឱ្យថ្មើរជើងចតុមុខ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍ របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេស យ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរប្រមាណ ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅ ប្រមាណ ១០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ ៤០០ស្តង់ ផ្សេងទៀត។

លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា ជាមួយនឹងភាពល្បីល្បាញនេះ សម្តេចនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមផ្លូវនេះ ជាផ្លូវការថា “ផ្លូវថ្មើរជើងចតុមុខ” មិនត្រឹមតែជាទីតាំងកម្សាន្ត នាពេលរាត្រី សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាច្រកការទូត-ទេសចរណ៍ដ៏មានប្រជាប្រិយភាពផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ស្ថានទូតនានាប្រចាំកម្ពុជា រួមមាន ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី និងស្ថានទូតចិន បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំព្រឹត្តការណ៍សំខាន់ៗ ដោយបានដាក់តាំង បង្ហាញនូវសិល្បៈ វប្បធម៌ និងម្ហូបអាហាររបស់ប្រទេសខ្លួន នៅលើផ្លូវថ្មើរជើងនេះ ព្រមទាំងបានទទួលការគាំទ្រយ៉ាងច្រើនពីមហាជនផងដែរ។

ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខ ក្នុងរយៈពេល ១ឆ្នាំនេះ អាចកើតឡើងទៅបាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូន ប្រជាពលរដ្ឋទូទៅ។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាព ពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងដែលភ្ញៀវទេសចរ ចូលចិត្តមកកម្សាន្តជាងគេ ព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត ទាំង២០ សម្រាប់ឆ្នាំ២០២៦។

លោកស្រីអ្នកនាំពាក្យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅលើដងផ្លូវ ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភណភាពទីក្រុង និងត្រៀមទទួលទេសចរបន្ថែមទៀត មកទស្សនារាជធានីភ្នំពេញ។ ជាពិសេស សូមឱ្យផ្លូវថ្មើរជើងចតុមុខ កាន់តែមានប្រជាប្រិយភាព និងនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES