
ភ្នំពេញ ៖ ក្នុងឱកាសទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅតាមការបង្គាប់បញ្ជារបស់តុលាការខេត្តរតនគិរី ក្រោមបទចោទប្រកាន់ «ញុះញុងឱ្យមានការរើសអើង» កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានបង្ហាញក្ដីសង្ឃឹមថា វប្បធម៌ចងកម្មពៀរគ្នា របស់អ្នកនយោបាយកម្ពុជា នឹងបញ្ចប់នៅក្នុងសករាជនៃអ្នកជំនាន់ថ្មី ហើយជំនួសមកវិញនូវវប្បធម៌បង្រួបបង្រួមជាតិ មិនក្ដិចត្រួច មិនចងកម្មពៀរគ្នា ដែលជាវប្បធម៌ដ៏ល្អប្រសើរបំផុត សម្រាប់ជាតិនិងប្រជាជន ។
លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “សង្ឃឹមថា វប្បធម៌នៃការចងកម្មពៀរគ្នាក្នុងសម្ពាធនយោបាយ នឹងត្រូវបញ្ចប់ នៅក្នុងសករាជនៃអ្នកជំនាន់ថ្មី មិនថាបក្សកាន់អំណាច ឬបក្សជំទាស់?» ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជាមួយនឹងការបញ្ចប់នូវវប្បធម៌ចងកម្មពៀរគ្នា លោកចង់ឃើញយកវប្បធម៌ថ្មី មកជំនួស គឺវប្បធម៌មិនក្ដិចត្រួច វប្បធម៌មិនធ្វើឲ្យគេឈឺចាប់ វប្បធម៌គោរពច្បាប់ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សេរីភាពពេញលេញ ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ។ ជាពិសេស លោកថា ប្រទេសជាតិ នឹងមិនរីកចម្រើនទេ បើយើងនៅតែប្រព្រឹត្តនូវបក្ខពួក គ្រួសារនិយម អំពើពុករលួយ ការជិះជាន់ គំរាមកំហែង។ ពោលគឺសម្រាប់អ្នកជំនាន់ថ្មី បើអត់មានឆន្ទៈ មនសិការ ការលះបង់ យកចំណេះដឹង ប្រកួតប្រជែងគ្នា បំពេញឲ្យគ្នា តាមបែបប្រជាធិបតេយ្យទេ គឺប្រទេសកម្ពុជា នៅតែងើបមុខមិនរួច ហើយយើងមិនមានកម្លាំងសេដ្ឋកិច្ច កម្លាំងសាមគ្គី និងធ្វើទំនើបកម្មយោធា ។ ដូច្នេះដើម្បីកុំឲ្យជាន់ដានអតីតកាលប្រវត្តិសាស្រ្តជាថ្មីម្ដងទៀត យើងត្រូវរួមគ្នាឯកភាពជាតិ ទប់ប្រទេសយើង កុំឲ្យបាត់បង់ចេញពីផែនទីពិភពលោក និងកុំឲ្យប្រទេសយើងរណបចំណុះឲ្យប្រទេសជិតខាង ត្រូវធ្វើឲ្យប្រទេសយើងខ្លាំង ដូចប្រទេសតូចៗមួយចំនួន ដូចជា សិង្ហបុរី អ៊ីស្រាអែល កូរ៉េខាងត្បូង ជាដើម ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា វប្បធម៌ដែលធ្វើឲ្យអ្នកជំនាន់ថ្មី អ្នកបន្តវេន ទាំងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ដើម្បីបញ្ចប់នូវវប្បធម៌ចងកម្មពៀរគ្នា នៃសម្ពាធនយោបាយ ជាពិសេសពីអ្នកមានអំណាច ដែលមិនឈរនៅលើសុចរិតភាព តម្លាភាព ហើយតែងតែធ្វើឲ្យមានការឈឺចាប់ ឬភាពអយុតិ្តធម៌ដល់សង្គមជាតិ ដល់អ្នកដែលមាននិន្នាការផ្ទុយពីខ្លួន ។ មានន័យថា បក្សជំទាស់ បក្សប្រឆាំង ឬក៏ទស្សនៈផ្ទុយគ្នា ហើយយើងដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ អ៊ីចឹងហើយ យើងចង់ឃើញអាវប្បធម៌យកមកជំនួស គឺវប្បធម៌មិនក្ដិចត្រួច វប្បធម៌មិនធ្វើឲ្យគេឈឺចាប់ វប្បធម៌ដែលយើងត្រូវយកនូវអ្វីជាច្បាប់ នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពពេញលេញ ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ។ ទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យសង្គមនៃភាគីម្ខាងៗហ្នឹង ត្រូវមានការចេះដឹង តាមរយៈការអប់រំ ការយល់ដឹង គោរពអំពីនីតិរដ្ឋ ពីច្បាប់ទម្លាប់របស់ប្រទេសជាតិ ក៏ដូចជាគោលការណ៍ យន្តការរបស់អ្នកនយោបាយក្ដី អ្នកដែលមិនមាននិន្នាការស្របខ្លួន អ្នកដែលផ្ទុយនិន្នាការពីខ្លួន គឺយើងឈរនៅលើច្បាប់ ជាធំ ហើយយើងត្រូវមានក្រមសីលធម៌ ក្នុងនាមយើងជាអ្នកនយោបាយ ហើយអ្វីដែលខ្ញុំនិយាយនេះ គឺខ្ញុំផ្ដោតទៅលើអ្នកនយោបាយច្រើនជាង ព្រោះអ្នកនយោបាយ ត្រូវរកមធ្យោបាយណា រកកលវិធី កលយុទ្ធបែបណា សម្រាប់ជាប្រយោជន៍នៃជាតិ នៃប្រជារាស្រ្ត ឲ្យធំជាងប្រយោជន៍នៃបក្ខពួក ហើយនិងក្រុមគ្រួសារ ក៏ដូចជានិន្នាការរបស់ខ្លួន ដែលដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ គឺយើងអត់និយាយអំពីគោលការណ៍ផ្ដាច់ការ ឬក៏នៅក្នុងមនោគមន៍វិជ្ជាកុម្មុយនីស្តអីទេ គឺអ្វីដែលយើងចង់ឃើញអ្នកជំនាន់ថ្មី អ្នកបន្តវេននេះ គឺយើងធ្វើនយោបាយក្នុងភាពស្អាតស្អំ ក្នុងភាពកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ ដែលគ្មានសម្ពាធ ឬក៏ឥទ្ធិពលនយោបាយគ្របដណ្ដប់ ទាំងអ្នកមានអំណាចដោយបុណ្យស័ក្ដិ ដោយកម្លាំងប្រដាប់អាវុធ ដោយលុយកាក់អីហ្នឹង កុំមកជិះជាន់ កុំមកបំផ្លាញនូវជាអ្វីដែលជាការមិនមានហេតុផលក្នុងការរកដំណោះស្រាយដោយសន្តិវិធីតាមបែបអហិង្សា ហើយយកគោលការណ៍យន្តការហេតុនិងផល ដោះស្រាយ ជាជាងយើងប្រើច្បាប់ព្រៃ ប្រើអំណាចដើម្បីបំផ្លាញ ហើយយកឥទ្ធិពលនៃអំណាចផ្ដាច់ការ មនោគមន៍វិជ្ជាកុម្មុយនីស្តអីហ្នឹង មកដើរផ្ទុយពីរដ្ឋធម្មនុញ្ញ ពីច្បាប់ប្រទេសជាតិ ពីច្បាប់អន្តរជាតិ ហើយយើងយកប្រទេសកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ អាស្រ័យរាជានិយម សេរីពហុបក្ស ដែលគូប្រកួតនយោបាយ អ្នកនយោបាយ ប្រកួតប្រជែងតែគោលនយោបាយ បើទោះបីបក្សខុសគ្នា ទស្សនៈខុសគ្នា តែយើងតម្កល់ផលប្រយោជន៍ពេលណា ជាពេលដែលយើងប្រកួតប្រជែងគោលនយោបាយ តាមរយៈការបោះឆ្នោត ៥ឆ្នាំម្ដង ហើយក្រោយពីការបោះឆ្នោតហើយ យើងត្រូវគោរពនូវស្ថាប័នជាតិ នីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ដែលជាសមតុល្យនៃអំណាច check and balance ។ មានន័យថា ការថ្លឹងថ្លែងអំណាច ដែលមិនលូកហួសដោយបុគ្គលដែលមានអំណាចហួសព្រំដែន ហើយមកគ្របដណ្ដប់ មានន័យថា អំណាចបុគ្គល មកគ្របដណ្ដប់ស្ថាប័នជាតិ អាហ្នឹងមិនមែនជាប្រទេសប្រជាធិបតេយ្យ ប្រទេសដែលយកសេរីភាព យកការប្រកួតប្រជែងតាមរយៈការបោះឆ្នោត ជាធំទេ គឺប្រទេសផ្ដាច់ការ យកបុគ្គលមកគ្រប់គ្រងរដ្ឋ មានន័យថា បក្សធំជាងរដ្ឋ រដ្ឋធំជាងរាស្រ្ត វាផ្ទុយទៅនឹងប្រទេសប្រជាធិបតេយ្យ ប្រជារាស្រ្ត ពលរដ្ឋធំជាងរដ្ឋ រដ្ឋធំជាងបក្ស“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងនិយាយជារួម គឺថាយើងចង់ឃើញវប្បធម៌មិនក្ដិចត្រួយ វប្បធម៌មិនចងកម្មពៀរគ្នា វប្បធម៌មិនធ្វើឲ្យមានភាពអយុត្តិធម៌ ឈឺចាប់ ព្រោះតែអ្នកមានអំណាច ចេះតែបំពាន ចេះតែប្រើអំណាចហួសព្រំដែន ។ អាហ្នឹងគឺធ្វើឲ្យប្រទេសកម្ពុជា វាមិនអាចជាប្រទេសមានសេរីភាព សេរីពុហបក្ស មានប្រជាធិបតេយ្យ ប្រទេសដែលមិនចែកគ្នារស់ ក្រៅតែពីដណ្ដើមគ្នារស់ ហើយប្រើនូវរបបមួយមិនជារបបប្រជាធិបតេយ្យ វាទៅជារបបសក្ដិភូមិ វាទៅជារបបកុម្មុយនីស្ត របបផ្ដាច់ការ ។ អាហ្នឹងគឺថា ប្រទេសជាតិ នឹងមិនទៅរីកចម្រើនទេ បើយើងនៅតែប្រព្រឹត្តនូវបក្ខពួក គ្រួសារនិយម អំពើពុករលួយ ការជិះជាន់ គំរាមកំហែងនៅតែមាន ខ្ញុំថាអ្នកជំនាន់ថ្មី បើយើងអត់មានឆន្ទៈ មនសិការ ការលះបង់ យកចំណេះចេះដឹង ហើយប្រកួតប្រជែងគ្នា បំពេញឲ្យគ្នា តាមបែបប្រជាធិបតេយ្យទេ គឺប្រទេសកម្ពុជា នៅតែងើបមុខមិនរួច ហើយយើងមិនមានកម្លាំងសេដ្ឋកិច្ច កម្លាំងសាមគ្គី ធ្វើទំនើបកម្មយោធា ។ អ៊ីចឹងហើយងាយនឹងរងគ្រោះជាមួយប្រទេសជិតខាង មិនថាប្រទេសយួន ប្រទេសសៀម អីជាដើមហ្នឹង គឺថាគេនៅតែចិញ្ចឹមចិត្តប៉ងចង់រំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី ជាមួយនឹងគំនាបនៃសេដ្ឋកិច្ច គំនាបនៃវិស័យយោធា ក្នុងការគំរាមកំហែងគ្រប់សព្វបែបយ៉ាង ។ យើងឃើញសភាពជាក់ស្ដែងហើយ សង្រ្គាម ២លើកមកនេះ ពីខែកក្កដា រហូតមកដល់ខែធ្នូ ឆ្នាំ២០២៥ អីទៅទៀតហ្នឹង ។ ទាំងអស់នេះហើយ ដែលយើងត្រូវតែទប់ស្កាត់កុំឲ្យមានអាវប្បធម៌ដែលជិះជាន់គ្នា វប្បធម៌ដែលបំផ្លាញគ្នា ។ អាហ្នឹងនៅតែចងកម្មពៀរគ្នាឥតឈប់ឈរ ប្រទេសនឹងអាចហានិភ័យ និងអាចរងគ្រោះ នឹងអាចធ្លាក់ទៅរកការរលត់រលំរលាយនៅក្នុងផែនទីពិភពលោក ហើយខ្ញុំនៅតែមានជំនឿ សង្ឃឹមថា ថ្នាក់ដឹកនាំនៃបក្សកាន់អំណាច មិនថាបក្សកាន់អំណាច នៃគណបក្សប្រជាជន ឬក៏រដ្ឋាភិបាល នៃបក្សកាន់អំណាច នឹងអាចគិតគូរឡើងវិញ ហើយជាការចាប់ផ្ដើមនៃគំរូ ព្រោះខ្លួនមានអំណាច ខ្លួនឯងរៀបចំនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ កំណែទម្រង់វិស័យយោធា ទំនើបកម្មយោធា ពង្រឹងខឿនសេដ្ឋកិច្ច ជាមួយនឹងការជឿជាក់នៃការគោរពនីតិរដ្ឋ ច្បាប់ ដើម្បីឲ្យអ្នកវិនិយោគទុនក្នុងស្រុក ក្រៅស្រុក គេមានជំនឿជឿជាក់ ក្នុងការធ្វើវិនិយោគទុនមកប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ហើយភាពសាមគ្គីគ្នា ដោយយើងមិនជិះជាន់ ធ្វើឲ្យភាគីខ្មែរណាមួយរងទុក្ខវេទនា ភាពអយុត្តិធម៌ មិនយកខ្មែរណាជាសត្រូវ ខ្ញុំថាវានឹងរីកចម្រើន“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ប្រទេសយើងតូច យើងមើលគំរូនៃប្រទេសសាំងហ្គាពួរ ប្រទេសអ៊ីស្រាអែល ហើយយើងមើលអំពីវិបត្តិនៃសេដ្ឋកិច្ចប្រទេសជប៉ុន ដែលជួបនូវសង្រ្គាម តើគេរីកចម្រើនប៉ុនណា? ហើយគេនឹងកសាងប្រទេសគេបែបណា? គេនឹងជួយផ្នែកមនុស្សធម៌ដល់អន្តរជាតិ យ៉ាងណា? ហើយកម្ពុជា យើងត្រូវធ្វើអី ដើម្បីទប់ទល់ទៅនឹងអ្វីជាហានិភ័យនៃការរលត់រលាយនៃជាតិសាសន៍យើង? យើងឃើញសភាពការណ៍ជាក់ស្ដែង ទាំងខាងកើត ទាំងខាងលិច ក៏ដូចជាពិភពលោកទាំងមូល វាមានការវិវត្ត វាមានការផ្លាស់ប្ដូរនៅក្នុងភូមិសាស្រ្តនយោបាយ ចន្លោះនៃមហាអំណាចចិន មហាអំណាចអាមេរិក និងចន្លោះនៃប្រទេសជិតខាង គឺយួន សៀម អីជាដើម ។ អានេះគឺថា យើងប្រទេសតូច ត្រូវតែខ្លាំងក្នុងវិស័យទំនើបកម្មយោធា ត្រូវតែខ្លាំងក្នុងវិស័យសេដ្ឋកិច្ចទៅបាន ក៏យើងត្រូវឲ្យសាមគ្គីជាតិ ដើម្បីទៅរកអ្វីជាសេរីភាពរបស់ពលរដ្ឋ ក្នុងការសាមគ្គី ផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ ជារដ្ឋឯករាជ្យ មិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹត ។ អ៊ីចឹងហើយ វាមានសេរីភាព វាមានយុត្តិធម៌ ទើបសន្តិភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវវាចាទៅបាន បានយើងនាំឲ្យខ្មែរខ្លាំងឡើងវិញ ។ យើងមើលប្រទេសសាំងហ្គាពួរ យើងមើលប្រទេសអ៊ីស្រាអែល យើងមើលប្រទេសកូរ៉េខាងត្បូង ប្រទេសគេយ៉ាងម៉េច? គេបាត់ពីផែនទីពិភពលោក ប្រទេសគេ គឺជាកូនកោះមួយ សូម្បីតែទឹក ក៏គេមិនមានផង គេទៅយកទឹកពីប្រទេសជិតខាងមក ហើយប្រទេសដែលគេរលត់រលាយ នៅសល់តែថ្មភ្នំ នៅតែគេកសាងបច្ចេកវិទ្យា និងកសិកម្ម កសិ-ឧស្សាហកម្មបាន ចុះកម្ពុជា មានធនធានធម្មជាតិ ផ្ទៃដីជាវិស័យកសិកម្ម រហូតទៅដល់ ៨៥% តើយើងនៅជាប្រទេសទន់ខ្សោយ ប្រទេសដែលខ្ចីដង្ហើមសេដ្ឋកិច្ចគេដក នៅជាប្រទេសដែលងាយនឹងរងគ្រោះដោយសារសម្ពាធឥទ្ធិពលយោធាពីប្រទេសជិតខាង ចង់លេបត្របាក់ទឹកដីខ្មែរយើង ឬក៏យើងងើបទាន់នៅមានប្រទេស ឬក៏អស់ប្រទេស បានយើងតវ៉ាយកប្រទេស? ឬក៏យើងនៅមានប្រទេស យើងឯកភាពជាតិ យើងទប់ប្រទេសយើងកុំឲ្យបាត់បង់ចេញពីផែនទី កុំឲ្យប្រទេសយើងរណបចំណុះឲ្យប្រទេសជិតខាង? យើងមានអតីតកាលប្រវត្តិសាស្រ្ត កុំឲ្យតាមលង កុំឲ្យជាន់ដានអតីតកាលប្រវត្តិសាស្រ្តជាថ្មីម្ដងទៀតឡើងវិញ” ។

គួរបញ្ជាក់ថា ជារៀងរាល់ ២ខែម្តង ចំថ្ងៃទី២ ខែកុម្ភៈ ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី តែងតែបានទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅតាមការបង្គាប់បញ្ជារបស់តុលាការខេត្តរតនគិរី ក្រោមបទចោទប្រកាន់ «ញុះញុងឱ្យមានការរើសអើង» ជុំវិញការបរិយាយរបស់លោក សួរដោយឆ្ងល់ទៅកាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពីប្រាក់ឈ្នួល ហេតុអ្វីក៏ខុសគ្នា រវាងកម្មករខ្មែរ និងកម្មករយួន នៅចម្ការរចេក ស្រុកលំផាត់ កាលពីខែកញ្ញា ឆ្នាំ២០២៣?
នៅក្នុងបទចោទប្រកាន់នេះ តុលាការ បានបង្គាប់មកលោក មាជ សុវណ្ណារ៉ា ជាជនត្រូវចោទ ឱ្យគោរពកាតព្វកិច្ច ចំនួន៣ រួមមាន មិនឲ្យធ្វើសកម្មភាពនានា ដូចជា អំពើញុះញង់ឱ្យមានការរើសអើង ឬប្រព្រឹត្តឲ្យមានការរើសអើងតាមគ្រប់រូបភាព និងមធ្យោបាយណាមួយ ដែលអំពើប្រព្រឹត្តទាំងនោះ បណ្តាលឲ្យប៉ះពាល់ដល់របៀបរៀបរយសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម, មិនត្រូវផ្លាស់ប្ដូរទីលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។ ត្រូវចូលទៅបង្ហាញខ្លួនតាមការកំណត់ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងអំឡុងពេល ២ (ពីរ) ខែម្ដង ជារៀងរាល់ដើមខែ រហូតដល់បញ្ចប់នីតិវិធីតុលាការ ។ ត្រូវឆ្លើយតបនឹងដីកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ និងដីកានេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ប្រសិនបើជនត្រូវចោទរូបនេះ គេចវេះ មិនគោរពកាតព្វកិច្ចដូចបានកំណត់ខាងលើ ចៅក្រមស៊ើបសួរ នឹងពិនិត្យសម្រេចអំពីការឃុំខ្លួនជនត្រូវចោទនេះវិញ តាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕ កុលបុត្រ