ភ្នំពេញ ៖ តារាចម្រៀង Galaxy លោកប៉ុន សុណារិន ហៅខេម បានប្រកាសជាលើកដំបូង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ថ្ងៃនេះ ជាខួប១០ឆ្នាំ នៃអាពាហ៍ពិពាហ៍ (10th wedding anniversary) ខណៈលោកបានជូនពរភរិយា ឲ្យមានសុខភាពល្អ ស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅ។ ខេម និយាយយ៉ាងខ្លីថា អាពាហ៍ពិពាហ៍របស់ខ្លួន ដែលធ្វើកាលពី១០ឆ្នាំមុន មិនធំដុំទេ ហើយលោកសន្យាថា នឹងបង្ហាញរូបអាពាហ៍ពិពាហ៍ ទៅតាមសំណូមពររបស់អ្នកគាំទ្រនាពេលឆាប់ៗនេះ ឲ្យពួកគាត់បានឃើញ។ ដើម្បីជាភ័ស្ដុតាងឲ្យគេដឹងថា លោកមានខួបអាពាហ៍ពិពាហ៍ នៅថ្ងៃនោះមែន ខេម ថែមទាំងបានបង្ហាញកាដូដែលលោកព្រាប សុវត្ថិ បានផ្ញើជូនលោក នៅថ្ងៃពិសេស ដូចជា មាន់ដុតខ្ចប់បាយក្ដាំង ជាដើម ដែលបញ្ជាក់ថា តារារួមអាជីព សុទ្ធតែបានដឹងថា លោកធ្លាប់រៀបការតាំងពីពេលណា ។



អ្នកយកព័ត៌មាន «នគរធំ» បានព្យាយាមទូរស័ព្ទទៅលោកខេម ជាច្រើនដង កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ តែទូរស័ព្ទលោក តេមិនចូលឡើយ ។ យ៉ាងណា តាមការអះអាងរបស់ខេម នេះ មានន័យថា លោកបានរៀបការតាំងពីឆ្នាំ២០១៦ ប៉ុន្ដែលោកមិនលម្អិតថា តើរៀបការតាមប្រពៃណីខ្មែរ ឬតាមបែបគ្រិស្ទាន នោះទេ ព្រោះខេម ជាគ្រិស្ទាន តាំងពីតូច។ ចំណែកភរិយាខេម អ្នកស្រី ស្រីកា ជាអាណិកជនខ្មែរ នៅបារាំង ហើយពួកគេបានបង្ហាញស្នេហានេះបើកចំហ ជាលើកដំបូង នៅពេលដែលខេម សម្ពោធហាងផឹកស៊ី ឈ្មោះ T&Y នៅក្បែខ្លោងទ្វារវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ កាលពីឆ្នាំពីឆ្នាំ២០២០ ក្រោយលាក់បាំងស្នេហ៍ បាន៤ឆ្នាំ។


គួរបញ្ជាក់ថា មុនខេម ប្រកាសថា ខ្លួនបានរៀបការតាំងពីឆ្នាំ២០១៦ នោះ កន្លងមក ក្នុងជំនួបជាមួយអ្នកសារ ព័ត៌មាន លោកតែងតែនិយាយដដែលៗថា ត្រៀមរៀបការ ជិតដល់ថ្ងៃរៀបការ មិនចង់ទុកយូរទេ ជាដើម ។ លោកសុណារិន ក៏ធ្លាប់និយាយថា ខ្លួនមានសំណាង បានភរិយាជានារីដ៏ល្អ ចេះយល់ចិត្តលោក ហើយទោះជានាងរស់នៅបារាំង តាំងពីតូច ប៉ុន្ដែនាងស្រលាញ់ប្រទេសកម្ពុជា និងវប្បធម៌ ប្រពៃណីខ្មែរណាស់ ។ តារាចម្រៀងសំនៀងស្អក រូបនេះ ក(ធ្លាប់លេចឭថា លោកមានកូនពីរនាក់ ជាមួយអ្នកស្រី ស្រីកា ផងដែរ គឺកូនស្រី១ ប្រុស១ ប៉ុន្ដែទាក់ទងរឿងនេះ លោកសុណារិន ធ្លាប់បំភ្លឺថា តាមពិតក្មេងប្រុសដែលគេសង្ស័យថា ជាកូនលោកនោះ ជាកូនមេរបស់លោក (ឡេង ណាវ៉ាត្រា) ចំណែកក្មេងស្រីនោះ ជាក្មួយលោកកំពុងរស់នៅប្រទេសបារាំង ។ តាមរយៈការអះអាងរបស់ខេម បែបនេះ បញ្ជាក់ថា ចំណងស្នេហាលោកនិងប្រពន្ធ ១០ឆ្នាំ អ្នកទាំងពីរមិនទាន់ហ៊ានយកកូននោះទេ ប៉ុន្ដែអ្នកខ្លះសង្ស័យថា ខេម ធ្លាប់លាក់រឿងមានប្រពន្ធ បានច្រើនឆ្នាំ អ៊ីចឹងរឿងអីលាក់រឿងមានកូនមិនបានរាប់ឆ្នាំដែរ?

ក្រៅពីខេម តារាដែលធ្លាប់បិទមុខមាត់ប្រពន្ធបានច្រើនឆ្នាំដែរ មានដូចជា លោកខេមរៈ សិរីមន្ដ លាក់បាន ១៤ឆ្នាំ (២០០៤-២០២១៨) និងមាស សុខសោភា ធ្លាប់លាក់បាំងថ្ងៃរៀបការជាមួយអតីតប្ដី លោកអ៊ិត រ៉ាដា បានជាង១០ឆ្នាំផងដែរ ។ សម្រាប់លោកសុណារិន កម្រយកប្រពន្ធដើរតាមឆាកតន្រ្ដី ដូចតារាល្បីៗផ្សេងទៀត ប៉ុន្ដែខេម ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ក្នុង១ឆ្នាំ ត្រូវតែនាំប្រពន្ធទៅដើរលេងនៅប៉ែកអឺរ៉ុប ម្ដង ហើយជាទម្លាប់ លោកចេញទៅនៅរដូវធ្លាក់ភ្លៀង ព្រោះស្បើយពីការងារសិល្បៈ ។

មជ្ឈដ្ឋានមហាជនសង្កេតឃើញថា ខេម នារយៈពេលចុងក្រោយនេះ មិនសូវលេចធ្លោទេ ពោលគឺតាំងពីការមកដល់របស់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ធ្វើឲ្យលោកសុណារិន ក្លាយទៅជាតួរង។ តែខេម គ្មានដំណឹងដើរចេញពី Galaxy ទេ ហើយលោកបែរជាមានឱកាសច្រៀងបទប្រវត្តិស្នេហាសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាញឹកញាប់ទៀតផង ៕

