Thursday, February 12, 2026
Homeនយោបាយកម្ពុជា បញ្ជាក់ជាថ្មី ការពារដាច់ខាត ខ្សែព្រំដែនអន្តរជាតិ មិនកែប្រែ

កម្ពុជា បញ្ជាក់ជាថ្មី ការពារដាច់ខាត ខ្សែព្រំដែនអន្តរជាតិ មិនកែប្រែ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជា ប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ហើយកម្ពុជា មិនទទួលស្គាល់ដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

លោក ប៉ែន បូណា បានបញ្ជាក់បែបនេះ ក្នុងសន្នីសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពការវិវត្តស្ថានការណ៍កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ប៉ែន បូណា បានថ្លែងថា ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ហើយដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃ ព័ទ្ធរបងលួសបន្លា ឬទូកុងតឺន័រ ដើម្បីរារាំងឃាំងដំណើររបស់ពួកគេ នោះមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋា ភិបាលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានា ដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំង សម្ភារៈ និងស្មារតី។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌលជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ និងបានសម្តែងក្តីអា ណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយបានផ្តល់ការគាំទ្រ និងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ ឯកអគ្គរដ្ឋទូត បានប្រាប់បងប្អូនជនភៀសសឹកថា ពួកគេ មិននៅឯកាទេ ពោលគឺសហភាពអឺរ៉ុប នៅជាមួយ និងជួយគាំទ្រពួកគេជានិច្ច។ នេះជាសារដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល និយាយជារួម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរ ជាតិ និងអ្នកសារព័ត៌មានបរទេស រួមទាំងអ្នកសង្កេតការណ៍អាស៊ាន (AOT) ផង ដែលបានទៅឃើញស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ក៏ដូចជាស្ថានភាពប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានរារាំង មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែក ដែលបានដឹងឮនិងកត់ត្រាអំពីការពិតដែលកើតឡើងនៅតាមបណ្តោ យព្រំដែនកម្ពុជា-ថៃ។ ដូច្នេះសកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ ពីសំណាក់កងទាហានថៃ ត្រូវបានសហគមន៍អន្តរជាតិ ដឹងឮយ៉ាងទូលំទូលាយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមរម្លឹកជូនថា បណ្តាប្រទេសជាមិត្ត ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ បានជួយជ្រោមជ្រែងកម្ពុជាតាំងពីការចាប់ផ្តើមដំបូងនៃសង្គ្រាមឈ្លានពានទឹកដី ពីសំណាក់កងទ័ពថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ មកម៉្លះ។ ជាក់ស្តែង បទឈប់បាញ់ ទាំងពីរលើក គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សុទ្ធតែកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពេញទំហឹងពីបណ្តាប្រទេសជាមិត្ត ជាពិសេស សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេ ស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។

លោក ប៉ែន បូណា បានថា កិច្ចព្រមព្រៀងទាំងនេះ ក៏បានទទួលការសាទរពីបណ្តាប្រទេសជាមិត្តគ្រប់ទិសទី ដោយពួកគេបាននិងកំពុងបន្តជំរុញឱ្យភាគីទាំងពីរគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាងដាច់ខាតការប្រើកម្លាំង។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋភៀសសឹក និយាយដោយឡែក និងប្រទេសកម្ពុជា ទាំងមូល និយាយជារួម កំពុងស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍តំបន់និងអន្តរជាតិ ពីព្រោះការទន្ទ្រានកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ ដោយកម្លាំងយោធា ត្រូវបានហាមប្រាមដោយធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដូច្នេះទាំងសមាគមអាស៊ាន និងសហ គមន៍អន្តរជាតិ មិនអាចឈរឱបដៃមើលការរំលោភបំពានបែបនេះឡើយ ។

លោក ប៉ែន បូណា បានគូសបញ្ជាក់ថា នៅឯកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានជម្រាបជូនប្រមុខការទូតអាស៊ាន រួចហើយថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមាន ចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេ សទាក់ទងទៅនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។ ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹក ជាច្រើន នៅតែមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយ សារតែផ្ទះសម្បែងរបស់ពួកគេ មិនអាចចូលបាន ដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញ។ កុមាររាប់ពាន់នាក់ នៅតែមិនអាចទៅសាលារៀនវិញបាននៅឡើយ។

លោក ប៉ែន បូណា បានបញ្ជាក់បន្ថែមទៀតថា ថ្នាក់ដឹកនាំអាស៊ាន ក៏បានដឹងឮអំពីបញ្ហានេះ ខណៈដែលហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ ក៏បានបញ្ជាក់ពីអាទិភាពនៃការបន្តតាមដាននិងសម្របសម្រួល ដើម្បីឱ្យការអនុវត្តសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយពេញលេញនិងមានប្រសិទ្ធភាព ហើយហ្វីលីពីន ក៏ទទួលយកតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ នេះសបញ្ជាក់ថា បណ្តាប្រទេសជាមិត្ត ក្នុងតំបន់ និងសហគមន៍អន្តរជាតិ ស្ថិតនៅជាមួយកម្ពុជា និងគាំទ្រជម្រើសរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជា ប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពតាមគោល ការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់ គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីពេលកន្លងម។ កម្ពុជា មិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ…៕ ដារិទ្ធ

RELATED ARTICLES