ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់កូនភ្លោះ ១គូ ដោយស្ត្រីជាម្តាយ បានអះអាងថា បានយល់ សប្តិឃើញគូដណ្តឹង (លោកឡុង លីសុង និងកញ្ញាឃីម កញ្ចនា) ដែលត្រូវអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ ក្នុងជម្លោះរឿងស្នួហាលខោអាវ កាលពីពាក់កណ្តាលឆ្នាំ២០២៤ នោះ បានមកពន្យល់សប្តិសុំនៅជាមួយ លុះក្រោយមកក៏សម្រាលបានកូនភ្លោះ (ប្រុស១ ស្រី១) ដែលមានមុខមាត់ស្រដៀង ទើបសង្ស័យថា អាចជាអតីតគូដណ្តឹងដែលឧកញ៉ា បាញ់ស្លាប់នោះ បានមកចាប់ជាតិ ជាកូនភ្លោះ។


តាមប្រភពម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ «មេរ៉ា សប888K» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះរូបថតចំនួន ២សន្លឹក ក្នុងនោះ ១សន្លឹក ជារូបថតកូនភ្លោះប្រុសស្រី ១គូ និង ១សន្លឹកទៀត ជារូបថតគូដណ្តឹង (លោកឡុង លីសុង និងកញ្ញាឃីម កញ្ចនា) ដែលត្រូវអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់នោះ ភ្ជាប់ជាមួយសំណេរថា “បងស្រីហ្នឹង នៅជិតផ្ទះខ្ញុំទេ មិនមែនជាកូនខ្ញុំឡើយ គាត់យល់សប្តិឃើញ គាត់ញញឹម ទាំងមុខទំនងសើចដាក់ មកសូមនៅ ស្អែកក៏ធ្វើម្ហូបជូនព្រះសង្ឃ។ ជូនបុណ្យដល់គាត់ មកជាមនុស្សល្អៗ បន្តមកគាត់បាត់ថ្ងៃខែ ទៅពិនិត្យ ក៏មានកូន ទៅអេកូ គេថាភ្លោះ ដល់៤ខែ គេថា ស្រី១ ប្រុស១ ខ្ញុំជឿ១០០ ភាគរយ…”។
ក្រោយឃើញការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុក ខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានចូលទៅចែករំលែក និងបញ្ចេញមតិរៀងៗខ្លួន ដោយមហាជនមួយចំនួនដែលមានទំនោរទៅលើរឿងអប្បិយជំ នឿ ជឿថា អាចជារឿងពិត ខ្លះថា មុខមាត់ស្រដៀង ខណៈខ្លះបានផ្តល់យោបល់ឱ្យរៀបចំពិធីមង្គលការ (សែនព្រេនបង្គ្រប់កិច្ច) ដល់កូនភ្លោះទាំងពីរទៀតផង។ ប៉ុន្តែជាមួយនេះ ក៏មានមតិខ្លះ ដែលមិនជឿ បានលើកឡើងថា មុខកូនភ្លោះ និងគូដណ្តឹង (លោកឡុង លីសុង និងកញ្ញាឃីម កញ្ចនា) មិនស្រដៀងគ្នាអីបន្តិចសោះ រហូតអ្នកខ្លះយល់ថា ជារឿងជំនឿមិនសមហេតុផល បំពុលសង្គមទៀតផង។
យ៉ាងណា ជុំវិញករណីនេះ នៅមិនទាន់មានប្រតិកម្ម ឬការយល់ឃើញពីក្រុមគ្រួសារលោកឡុង លីសុង និងកញ្ញាឃីម កញ្ចនា នៅឡើយទេ។

គួររំលឹកថា កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះមួយកន្លែង បើកអាជីវកម្មថតរូបមង្គលការ ក្នុងបុរីប៉េងហួត បឹងស្នោ គម្រោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីមានទំនាស់ពាក្យសម្តីរវាងអ្នកជិតខាង ដោយខ្មាន់កាំភ្លើង ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា) បានចូលទៅក្នុងលំនៅឋានជនរងគ្រោះ រួចធ្វើសកម្ម ភាពបាញ់ប្រហារលើមនុស្សចំនួន ៤នាក់ (ស្លាប់២ របួស២) ក្នុងនោះ រួមមាន ១-ឈ្មោះឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាម្ចាស់អាជីវកម្មថតរូបមង្គលការ និង Pre Weeding យីហោ Stellar Picture ស្នាក់នៅផ្ទះកើតហេតុខាងលើ (ស្លាប់)។ ទី២-ឈ្មោះឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ ជាគូដណ្តឹង (ស្លាប់)។ ទី៣-ឈ្មោះសុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួសដៃ) និងទី៤-ឈ្មោះហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បន្ទាប់ពីបាញ់សម្លាប់ជន រងគ្រោះរួច បានរត់គេចខ្លួនបាត់ភ្លាម ដោយបានបើករថយន្ត ទំនើប ១គ្រឿង ម៉ាកសាំងយ៉ុង រិចតុន ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2BL-9923 រត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបាន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច ខ្មាន់កាំភ្លើងជាឃាតករ អតីតឧកញ៉ា ឈ្មោះស្រី ស៊ីណា បានសារភាពថា មុនពេលកើតហេតុ ខ្លួនបានចូលទៅផ្ទះជនរងគ្រោះ ដើម្បីសាកសួរជនរងគ្រោះ ពីរឿងដែលអ្នកជួលផ្ទះរបស់ខ្លួនដែលនៅជាប់ផ្ទះជនរងគ្រោះ បានប្រាប់ថា គេដាក់ស្នួហាលខោអាវ ខាងមុខផ្ទះ តែជនរងគ្រោះមិនឱ្យដាក់ លុះចូលទៅដល់ក្នុងផ្ទះជនរងគ្រោះ ត្រូវបានជនរងគ្រោះឱ្យដោះស្បែកជើង និងដេញខ្លួនចេញពីផ្ទះ ដោយហៅសុទ្ធតែអ្ហែងៗ ទើបខ្លួនផ្ទុះកំហឹង ក៏ដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង៕ ដារិទ្ធ