ខេត្តកំពង់ស្ពឺ ៖ រថយន្តធុនតូច ១គ្រឿង បើកបរនិងមានអ្នករួមដំណើរសរុប ចំនួន៦នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជ្រុលទៅបុកជាមួយរថយន្តធុនធំសណ្តោងទូកុងតឺន័រ ១គ្រឿង ដែលកំពុងបើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យមនុស្សចំនួន ៦នាក់ ដែលជិះក្នុងរថយន្តតូច រងរបួសធ្ងន់-ស្រាល ខណៈអ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩-៧០ ស្ថិតក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក RAV-4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8260 បើកបរដោយឈ្មោះ ចន ចាន់ថុល ភេទប្រុស អាយុ៣២ឆ្នាំ មានអ្នករួមដំណើរ មនុស្សប្រុស-ស្រី ចំនួន៥នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិច ទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកជាមួយរថយន្តធុនធំសណ្តោងកុងតឺន័រ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3F-8749 សណ្តោងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលខ ភ្នំពេញ 4A-9742 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ចំចំហៀងពេញទំហឹង។

លោកអធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យមានអ្នករបួស ៦នាក់ (ស្រី៣នាក់) រងរបួសធ្ងន់១នាក់ (អ្នកបើកបរ) និងបង្កឱ្យខូចខាតរថយន្ត ចំនួន២គ្រឿង។ក្រោយកើតហេតុ សមត្ថកិច្ចស្រុកភ្នំស្រួច បានចុះធ្វើការវាស់វែង ហៅរថយន្តសាមុយ មកដឹកជនរងគ្រោះយកទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។

ចំពោះវត្ថុតាង រថយន្តទាំង២គ្រឿង សមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕