Friday, March 7, 2025
Homeព័ត៌មានជាតិអ្នក​ម៉ៅ​ការ​សំណង់​វេច​លុយ​ជាង​១៤​លាន​រៀល​រត់ មេ​ការ​ដាក់​ពាក្យ​ប្តឹង

អ្នក​ម៉ៅ​ការ​សំណង់​វេច​លុយ​ជាង​១៤​លាន​រៀល​រត់ មេ​ការ​ដាក់​ពាក្យ​ប្តឹង

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ជាអ្នកទទួលម៉ៅការសំណង់បន្តពីគេ បានព្រមព្រៀងបំពេញ ការងាររៀបឥដ្ឋ និងបូកស៊ីម៉ងត៍នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង លុះបំពេញ ការងាររួច ដល់ថ្ងៃកំណត់ទទួលយកប្រាក់ ស្រាប់ តែអ្នកម៉ៅការម្នាក់ទៀត បានវេចលុយសរុប ជាង១៤លាន រត់គេចខ្លួនបាត់ស្រមោល ធ្វើឱ្យ ប្តីប្រពន្ធទាំង២នាក់ អត់លុយបើកឱ្យកម្មករ ជាង២០នាក់ ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅ សាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧។

ប្តីប្រពន្ធជាជនរងគ្រោះដែលចាញ់ល្បិចអ្នក ម៉ៅការសំណង់ រួមមានបុរសជាប្តីមានឈ្មោះ កែវ រីន អាយុ៥១ឆ្នាំ មុខរបរមេការសំណង់ មានស្រុកកំណើតនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឡន សុខន អាយុ៤៧ឆ្នាំ មុខរបរមេការសំណង់ ជាមួយប្តី សព្វថ្ងៃស្នាក់នៅភូមិបាយ៉ាប សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ។

តាមសម្តីស្ត្រីរងគ្រោះ ឈ្មោះឡន សុខន ដែលជាតំណាងឱ្យកម្មករចំនួន២២នាក់ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ និងប្តីបានទទួលម៉ៅការសំណង់ផ្ទះល្វែងបុរីសែនសុខ ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃ សិលា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយទទួលម៉ៅការលើផ្នែករៀបឥដ្ឋ និងបូក ស៊ីម៉ងត៍ ពីឈ្មោះអ្នកម៉ៅការម្នាក់ឈ្មោះវី ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណច្បាស់ ហើយ ឈ្មោះវី នេះ ជាអ្នកដេញថ្លៃបន្តទៀត បានពី ឈ្មោះឆាត ជាអ្នកទទួលការងារពីក្រុមហ៊ុន សំណង់បុរីខាងលើផ្ទាល់តែម្តង។

ប្រភពដដែលបន្តថា ក្រោយពីទទួលការងារមួយនេះ ពួកគាត់ក៏ចាប់ផ្តើមធ្វើការងារ តាំងពីអំឡុងខែតុលា ឆ្នាំ២០១៦ មកម៉្លេះ ដោយ មានកម្មករសរុប២២នាក់ ហើយការងារបាន បញ្ចប់រួចរាល់ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។ បន្ទាប់ពីការងារបានបញ្ចប់ គាត់ក៏ បានទៅទូទាត់លុយ សម្រាប់កម្មករជាមួយ ឈ្មោះឆាត ស្រាប់តែឈ្មោះឆាត បានប្រាប់ថា ឈ្មោះវី បានបើកលុយយកទៅបាត់ហើយ ចំនួន ១៤លាន ២៣ម៉ឺនរៀល។

ប្រភពខាងលើ បញ្ជាក់ថា តាំងពីចាប់ផ្តើម ការងារដំបូង ឈ្មោះឆាត ដែលទទួលម៉ៅការ ផ្ទាល់ពីក្រុមហ៊ុន បានប្រាប់ថា ឱ្យកម្មករទៅធ្វើ ទៅ រឿងលុយកាក់ ពេលបើកចាំគាត់បើកឱ្យ បើទោះជាគាត់ទទួលដេញថ្លៃបន្តពីឈ្មោះវី ក៏ ដោយ លុះពេលការងារចប់សព្វគ្រប់ ស្រាប់តែ ឈ្មោះឆាតប្រគល់លុយទាំងអស់ ទៅឱ្យឈ្មោះវី ហើយឈ្មោះវី ក៏រត់គេចខ្លួនបាត់តែម្តង។

ប្រភពដដែល បានឱ្យដឹងទៀតថា ការងារ ខាងលើ ពួកគាត់ធ្វើអស់រយៈពេលជាង៥ខែ តែប្រាក់បានសរុបប្រមាណតែ១ពាន់ដុល្លារ ឬ ស្មើនឹង៤លានរៀលប៉ុណ្ណោះ ហើយពេលនេះ កម្មករចំនួន២២នាក់ កំពុងអត់បាយក្រហាយ ទឹកដោយរង់ចាំលុយពីកម្លាំងញើសឈាមរបស់ ខ្លួន។ ដោយសារតែពេលសួរទៅឈ្មោះឆាត ដែលជាអ្នកទទួលខុសត្រូវ បែរជាឆ្លើយថា ម្តង រង់ចាំថ្ងៃនេះ ម្តងថាថ្ងៃនេះ អូសបន្លាយពេល ជាង១ខែទៅហើយ ធ្វើឱ្យកម្មកររបស់គាត់ត្រូវ ដាច់បាយដាច់ទឹក ទើបគាត់ទ្រាំមិនបាន ក៏រត់ មកប្តឹងអាជ្ញាធរឱ្យជួយដោះស្រាយតែម្តង។

ជុំវិញករណីខាងលើនេះ នៅពេលដែល ២នាក់ប្តីប្រពន្ធជនរងគ្រោះ មកដាក់ពាក្យប្តឹង លោកចៅសង្កាត់រវល់ប្រជុំ ទើបមិនអាចជួប ពិភាក្សារកដំណោះស្រាយអ្វីបាននៅឡើយ តែ ខាងមន្ត្រីសង្កាត់បានបញ្ជាក់ថា នឹងចេញលិខិត កោះហៅឈ្មោះឆាត មកធ្វើការសាកសួរជា មុនសិន៕

RELATED ARTICLES