Wednesday, February 25, 2026
Homeព័ត៌មានជាតិជួសជុលផែបុរាណ បារាយណ៍ខាងកើត

ជួសជុលផែបុរាណ បារាយណ៍ខាងកើត

ខេត្តសៀមរាបៈ អាជ្ញាធរជាតិអប្សរា ចំណាយពេល ៦ខែ ដើម្បីជួសជុលផែ ឬកំពង់ទឹកបុរាណ ដែលមានទីតាំងស្ថិតនៅលើទំនប់ខាងលិច បារាយណ៍យសោធរតដាក ឬបារាយណ៍ខាងកើត ក្នុងគោលបំណងពង្រឹងផ្នែកខូច ខាត ឱ្យរឹងមាំឡើងវិញ និងលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលផែ ឬកំពង់ទឹកបុរាណ នៅលើទំនប់បារាយណ៍យសោធរតដាក ជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលរចនាសម្ព័ន្ធសំណង់បុរាណ នៅតាមបណ្តោយផ្លូវចេញពីខ្លោងទ្វារជ័យ នៃអតីតរាជធានីអង្គរធំ។ មុនឈានដល់ការជួសជុល ក្រុមការងារបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវពីរចនាសម្ព័ន្ធ និងសិក្សាពីស្ថានភាពនៃការខូច ខាត ដើម្បីវាយតម្លៃនៃវិធីសាស្ត្រជួសជុល។

កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ផែឬកំពង់ទឹក នៅបារាយណ៍យសោធរតដាក មានចំនួន២ថ្នាក់ គឺថ្នាក់ទី១ សាងសង់ពីថ្មបាយក្រៀម និងថ្នាក់ទី២ សាងសង់ពីថ្មភក់ មានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ៤០ម៉ែត្រ។

ដំណាក់កាលទី១ គឺជួសជុលនៅថ្នាក់ទី១ បណ្តោយប្រវែង ១២ម៉ែត្រ និងទទឹងប្រវែង ៩ម៉ែត្រ។ ចំពោះរចនា សម្ព័ន្ធខឿន ដែលមានការខូចខាតធ្ងន់ ក្រុមការងារត្រូវសិក្សារកកម្ពស់ដើម ហើយជំនួសថ្មបាយក្រៀមថ្មីមួយចំនួន នៅផ្នែកពុកផុយឬបាត់បង់ ដើម្បីពង្រឹងរចនាសម្ព័ន្ធផែនេះ បានរឹងមាំឡើងវិញ៕

RELATED ARTICLES