Monday, March 2, 2026
Homeព័ត៌មានជាតិតុលាការកំពូល បដិសេធសំណើសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិ ៥រូប

តុលាការកំពូល បដិសេធសំណើសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិ ៥រូប

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ តុលាការកំពូល បានបដិសេធសំណើសុំដោះលែងសកម្មជននៃចល នាមាតាធម្មជាតិ ទាំង៥នាក់ ដែលការបដិសេធនេះ ជាការបន្តឃុំខ្លួនអ្នកទាំងនោះ នៅក្នុងពន្ធនាគារ ក្រោមបទចោទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» ។

តាមប្រៅពអង្គការលីកាដូ បានឲ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តុលា ការកំពូល បានបើកសវនាការពិនិត្យទៅលើសំណើសុំដោះលែងឱ្យមានសេរីភាព ពីក្រុមមេធាវីរបស់អ្នកទាំង៥ នៅខណៈដែលអ្នកទាំង៥ កំពុងរង់ចាំសវនាការលើអង្គសេចក្តីនៅសាលាឧទ្ធរណ៍ ។

នៅព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ តុលាការកំពូល បានប្រកាសសេចក្តីសម្រេចរបស់ខ្លួន ដោយបដិសេធសំណើសុំដោះលែងរបស់អ្នកទាំងនោះ និងបង្គាប់ឱ្យបន្តឃុំខ្លួននៅក្នុងពន្ធនាគារ ។ កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសមាជិកចំនួន ១០រូប នៃសកម្មជនបរិស្ថាន ចលនាមាតាធម្មជាតិ ដោយដាក់ទោសអ្នកទាំងនោះ ឱ្យជាប់ពន្ធនាគារ ពី ៦ដល់ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» ។ សកម្មជនបរិស្ថាន ទាំង ៥រូប ដែលរួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការផ្តន្ទាទោស ពីបទ «រួមគំនិតក្បត់» ។ រីឯលោក យីម លាងហ៊ី ត្រូវបានតុលាការផ្តន្ទាទោសមួយបទទៀត គឺ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ។

ប្រភពដដែល បន្តថា តុលាការ តែងតែបដិសេធសំណើសុំដោះលែង និងសុំនៅក្រៅឃុំ ទោះជាសាលាឧទ្ធរណ៍ នៅមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់សវនាការលើសំណុំរឿងអ្នកទាំងនោះនៅឡើយ ។ មកដល់ពេលនេះ សកម្មជនបរិស្ថាន ទាំង៥រូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជាង ២០ ខែមកហើយ ។

សកម្មជនទាំង ៥រូបនេះ ស្ថិតក្នុងចំណោមអ្នកជាប់ឃុំ ដោយប្រើសិទិ្ធ ចំនួន ៩៧នាក់ ដែលបានចងក្រងដោយអង្គការ លីកាដូ ។ អ្នកជាប់ឃុំដោយប្រើសិទិ្ធទាំងនោះ រួមមាន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលត្រូវបានជាប់ក្នុងពន្ធនាគារ ដោយសារតែភាពសកម្មនិយមរបស់ពួកគេ ក្នុងការបញ្ចេញមតិ ឬការពារសិទិ្ធមនុស្សនៅក្នុងប្រទេស ។

បើតាមអង្គការលីកាដូ ចាត់ទុកថា ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួនៃសេរីភាពក្នុងការបញ្ចេញមតិ ដោយអង្គការខាងលើ បានលើកឡើងថា នៅឆ្នាំមុន យ៉ាងតិចណាស់មានពលរដ្ឋចំនួន ៨២ នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះ បានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេលើបណ្តាញសង្គម ។ ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ទាំងនេះ គឺជាការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។

នៅក្នុងឆ្នាំ២០២៥ អង្គការលីកាដូ បានចងក្រងករណីនៃការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន លើប្រជាពលរដ្ឋចំនួន ៨២នាក់ ដែលមានជាប់ទាក់ទងនឹងសកម្មភាពនៃការបញ្ចេញមតិរបស់ពួកគេ ។ ក្នុងនោះ ពលរដ្ឋចំនួន ៧៦នាក់ បានកំពុងឃុំខ្លួននៅពន្ធនាគារតាមបណ្តារាជធានីខេត្តនៅទូទាំងប្រទេស គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ។ ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ត្រូវបានធ្វើឡើង ក្រោយពេលដែលប្រជាពលរដ្ឋទាំងនោះបានចែករំលែកទស្សនៈ ការបញ្ចេញមតិ និងការយល់ឃើញ ដែលភាគច្រើនត្រូវបានបង្ហោះ និងចែករំលែកបន្តនៅលើបណ្តាញសង្គម អំពីប្រធានបទជាច្រើនដូចជា ឃាតកម្មលើសកម្មជននយោបាយ លោក លិម គិមយ៉ា ស្ថានភាពនៃការផ្តល់ជំនួយពីបរទេសមកប្រទេសកម្ពុជា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាសង្គមផ្សេងៗទៀតជាច្រើន ។ អាជ្ញាធរភាគច្រើនប្រើប្រាស់បទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ ដើម្បីចោទប្រកាន់លើពលដ្ឋទាំងនោះ ដែលបទចោទនេះ អាចនឹងឱ្យអ្នកទាំងនោះជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ។ អាជ្ញាធរ ក៏បានប្រើប្រាស់បទចោទដែលពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ ដែលរួមមានបទ “រួមគំនិតក្បត់” តាមបញ្ញតិ្តមាត្រា ៤៥៣ និងបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដោយប្រើប្រាស់ទៅលើមនុស្សចំនួន ១០នាក់ ហើយអាចឱ្យអ្នកទាំងនោះ ជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬ ១៥ឆ្នាំ ។

សូមបញ្ជាក់ថា នៅតុលាការកំពូល នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នោះដែរ ក៏មានវត្តមានអ្នកមកគាំទ្រ លើកទឹកចិត្តដល់សកម្មជនបរិស្ថាន ទាំង៥រូប រួមទាំងវត្តមានអ្នកសារព័ត៌មាន ក្រុមអង្គការសង្គមស៊ីវិល ប្រមាណជាង ៣០នាក់។ ដោយឡែកក្រុមអាជ្ញាធរស៊ីវិល ប្រមាណជិត ១០នាក់ តាមឃ្លាំមើលនិងថតរូបផងដែរ៕ ខៀវទុំ

RELATED ARTICLES