Tuesday, March 3, 2026
Homeសង្គម និងជីវិតក្មេងស្រី៦ឆ្នាំ ស្លាប់ដោយមហារីកគ្រាប់ឈាម

ក្មេងស្រី៦ឆ្នាំ ស្លាប់ដោយមហារីកគ្រាប់ឈាម

ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ វ័យ៦ឆ្នាំ បានកើតមានជំងឺមហារីកគ្រាប់ឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលដល់មន្ទីរពេទ្យ ឯប្រទេសវៀតណាម ហើយត្រូវបានសប្បុរសជនបានដឹង មានចិត្តអាណិតអាសូរ ជួយបរិច្ចាគថវិកា ដើម្បីសង្គ្រោះជីវិត បានដល់ទៅជិត ១០ម៉ឺនដុល្លារដែរ តែអកុសលមិនអាចសង្គ្រោះជីវិតក្មេងស្រីតូចម្នាក់នេះបានឡើយ ដោយជំងឺដ៏កាចសាហាវនេះ បានឆក់យកជីវិតនាងទាំងវ័យក្មេង។

ក្មេងស្រីអភ័ព្វដែលត្រូវជំងឺដ៏កាចសាហាវឆក់យកជីវិតទាំងក្មេងវ័យ មានឈ្មោះឈុំ សិទ្ធីបុស្បា ទើបនឹងអាយុ ៦ឆ្នាំ មានលំនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្មេងស្រី បុស្បា បានបាត់បង់ជីវិត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅឯមន្ទីរពេទ្យ ប្រទេសវៀតណាម ហើយសព ត្រូវបានដឹកបញ្ជូនត្រឡប់មក ដល់លំនៅឋាន ឯក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ មហាជនបានផ្ទុះការចាប់អារម្មណ៍ និងធ្វើការចែករំលែកនូវឃ្លីបវីដេអូឃ្លីបមួយ យ៉ាងព្រោងព្រាត ពេញបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាពក្មេងស្រីតូចម្នាក់ កំពុងកើតមានជំងឺមហារីកគ្រាប់ឈាម ដំណាក់កាលធ្ងន់ធ្ងរ ហើយខណៈស្ថានភាពជំងឺរបស់ខ្លួន កំពុងធ្វើទុក្ខខ្លាំង ប៉ុន្តែក្មេងស្រីតូច បែរជាបង្ហាញពីក្តីបារម្ភចំពោះឪពុកម្តាយរបស់ខ្លួន ដែលប្រឹងរកលុយ មកព្យាបាលជំងឺនាង និងថែមទាំងសន្យាថា ធំឡើង នាងនឹងប្រឹងរៀនសូត្រ និងធ្វើការ រកលុយទិញផ្ទះថ្មី ចិញ្ចឹមឪពុកម្តាយវិញ ដោយមិនឱ្យឪពុកម្តាយលំបាកនោះឡើយ។

តាមប្រភពគណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Ra Meth ត្រូវជាឪពុកបង្កើតបរស់ក្មេងស្រីតូច បុស្បា បានបង្ហោះវីដេអូ ភ្ជាប់ជាមួយនឹងសំណេរថា “ខ្លួនឈឺប៉ុណ្ណឹងហើយ នៅបារម្ភពីប៉ាម៉ាក់ទៀត ចេះខ្លាំងណាស់ កូនប៉ាៗអើយ! ទោះសល់ត្រឹម ១ភាគរយ ក៏ប៉ាមើលកូនឱ្យអស់លទ្ធភាព តស៊ូដល់ទីបញ្ចប់ជាមួយគ្នាណាកូន បងប្អូនជួយ Share ឱ្យខ្ញុំផង…”។

នៅក្នុងវីដេអូនោះ ក្មេងស្រីតូច បុស្បា បានរៀបរាប់ទាំងទឹកភ្នែក នៅចំពោះមុខឪពុកម្តាយរបស់ខ្លួនថា “កូនចង់ញ៉ាំបាយខ្លួនឯងណាស់ ប៉ុន្តែកូនញ៉ាំអត់ចូល ម៉ាក់កុំពិបាកចិត្តណា! ចាំកូនជួយម៉ាក់ ចាំកូនធំឡើង កូនជួយរកលុយ កូនធំឡើង កូនរកលុយ កូនយកលុយមកឱ្យប៉ាម៉ាក់ កូនធំឡើង កូនប្រឹងរៀន ប៉ាម៉ាក់ចាស់ អ្នកមាន កូនយកប៉ាម៉ាក់ នៅជាមួយកូន អត់ឱ្យម៉ាក់នៅផ្ទះចាស់ទេ កូននាំប៉ាម៉ាក់ទៅនៅផ្ទះថ្មី ជាមួយកូនណាម៉ាក់ ប៉ាម៉ាក់ឈប់ធ្វើការទៅ ចាំកូនអ្នកមាន កូនរកស៊ីមានបាន ប៉ុន្តែកូនញ៉ាំអត់ចូលទេប៉ាអើយ! កូនធ្វើទុក្ខខ្លាំងណាស់ កូនវង្វេងអស់ហើយ…”។

តាមរយៈពាក្យសម្តីរបស់ក្មេងតូចបុស្បា ខាងលើនេះ  បានធ្វើឱ្យមហាជនក្នុងបណ្តាញសង្គម ផ្ទុះការចាប់ អារម្មណ៍ ក្តុកក្តួលក្នុងចិត្ត អណិតអាសូរក្មេងស្រីតូចដ៏ឆ្លាតតែអភ័ព្វរូបនេះ រហូតដល់ខ្លះស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួនទៀតផង។

ជាក់ស្តែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី នួន សុន្ទរី ហៅស្រីអូន បានធ្វើការចែករំលែកនូវវីដេអូខាងលើ ភ្ជាប់ជាមួយសំណេរថា “សម្រស់បុស្បា ក្មេងស្រីអាយុ ៦ឆ្នាំ កើតមហារីកគ្រាប់ឈាម ក្មេងស្រីដ៏សែនឆ្លាត ចេះដឹងទុក្ខធុរៈពុកម៉ែ អាណិតពុកម៉ែ ចេះអាណិតធ្វើបុណ្យដល់អ្នកអត់ តាំងពីអាយុ៣ឆ្នាំ ព្រោះតែការឈឺចាប់ មិនចង់ឃើញពុកម៉ែពិបាក ចង់យក កាំបិតចាក់ទ្រូងខ្លួនឯង ដើម្បីបញ្ចប់ការឈឺចាប់គ្រប់យ៉ាង។ ស្អែក ខ្ញុំនឹងផុសវីដេអូជូន តែខ្ញុំដឹងថា អ្នកមើល ទាំងស្រីអូន និងបងប្អូន គឺឈឺចាប់ដូចគ្នា យើងជួយបុស្បា ទាំងអស់គ្នា ជួយស៊ែរឱ្យបានច្រើន ដល់សប្បុរសជន ត្រឹម២ម៉ោង ដែលស្រីអូនផុស បានថវិកាពីបងប្អូនខ្មែរ ជិត២០០០០ ដុល្លារ ហើយ បុស្បា ទ្រាំណាកូន កូនត្រូវតែជា…”។

បន្ទាប់មក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ស្រីអូន បានបង្ហោះវីដេអូមួយ បង្ហាញពីទិដ្ឋភាពរបស់ក្មេងស្រី បុស្បា ដែលទ្រាំនឹងការឈឺចាប់លែងចង់បាន រហូតដល់ចង់យកកាំបិតចាក់ទ្រូងខ្លួនឯង ដើម្បីបញ្ចប់ការឈឺចាប់ និងកុំឱ្យឪពុកម្តាយលំបាកដោយសារនាងតទៅទៀត ដោយភ្ជាប់ជាមួយនឹងសំណេរថា “យំហើយកូនអើយ! ជួយស៊ែរផង ពុកម៉ែបុស្បា ត្រូវការលុយច្រើនណាស់ ដើម្បីប្តូរខួរឆ្អឹងថ្មី បុស្បា ក្មេងស្រី អាយុ៦ឆ្នាំ កើតមហារីកគ្រាប់ឈាម ក្មេងស្រីដ៏សែនឆ្លាត ចេះដឹងទុក្ខធុរៈពុកម៉ែ អាណិតពុកម៉ែ ចេះអាណិត ធ្វើបុណ្យដល់អ្នកអត់ តាំងពីអាយុ៣ឆ្នាំ ព្រោះតែការឈឺចាប់ មិនចង់ឃើញពុកម៉ែពិបាក ចង់យកកាំបិតចាក់ទ្រូងខ្លួនឯង ដើម្បីបញ្ចប់ការឈឺចាប់គ្រប់យ៉ាង។ ខ្ញុំដឹងថា អ្នកមើល ទាំងស្រីអូន និងបងប្អូន គឺឈឺចាប់ដូចគ្នា យើងជួយបុស្បា ទាំងអស់គ្នា សូមជួយស៊ែរឱ្យបានច្រើន ដល់សប្បុរសជន បុស្បា ទ្រាំណាកូន កូនត្រូវតែជា…”។

នៅក្នុងវីដេអូខាងលើ ក្មេងស្រីបុស្បា និយាយទៅកាន់ឪពុករបស់នាងថា “ប៉ាឯងអត់ដឹង យល់ពីអារម្មណ៍កូន ថាកូនលំបាកយ៉ាងណា ប្រយ័ត្នតែកូនយក ទាញកាំបិត ចូលក្នុងបន្ទប់ទឹក ចាក់ទ្រូងខ្លួនឯងណា! ឈប់ឱ្យប៉ាឯ ងមើលថែកូនទៀតហើយ កូនយកកាំបិតចាក់ទ្រូងខ្លួនឯងហ្មងណា…”។

លុះមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ លោកស្រី នួន សុន្ទរី ហៅស្រីអូន បានសរសេរបន្ថែមថា “សុំទោស បុស្បា យើងជួបគ្នាយឺតពេក ហេតុអីកូន? បងប្អូនអើយ! ថវិកាជំនួយ បានជិត ១០០ ០០០ដុល្លារ បុស្បា ជិតបានខួរឆ្អឹងថ្មីហើយកូន ក្រែងកូនចង់បានខួរឆ្អឹងថ្មីហ្អី?…”។

លោកស្រី ស្រីអូន បានសរសេរបន្ថែមថា “សារទទូចសុំពីប៉ាបុស្បា សុំបងប្អូនខ្មែរ ឈប់វេរលុយជួយកូនគាត់ទៀត ព្រោះបុស្បា លែងឈឺចាប់ហើយ គោរពអរគុណម្ចាស់ថវិកាជំនួយ ដែលបំពេញបំណងប្រាថ្នាបុស្បា បាន១០០ភាគរយ…”។

គួរបញ្ជាក់ថា ក្មេងស្រី បុស្បា បានលាចាកលោក លាភាពឈឺចាប់ លាឪពុកម្តាយជាទីស្រលាញ់របស់នាង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២២០៦ នៅមន្ទីរពេទ្យប្រទេសវៀតណាម។ បច្ចុប្បន្នសព ត្រូវបានដឹកមកធ្វើបុណ្យតាមប្រពៃ ណី នៅផ្ទះរបស់ឪពុកម្តាយនាង ជាប់ហាង ម្លប់ត្នោត នៅតាមបណ្តោយផ្លូវ៧មករា ស្ថិតនៅក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ក្មេងស្រីតូច បុស្បា បានទៅកាន់ទីសុគតិភព៕ ដារិទ្ធ

RELATED ARTICLES