
ភ្នំពេញ ៖ អ្នកនយោបាយ អ្នកវិភាគ អ្នកសិក្សាផ្នែកអភិបាលកិច្ច និងមជ្ឈដ្ឋានតាមដានសង្គម ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម បានផ្ទុះការជជែកវែកញែក ជុំវិញប្រធានបទ «ដាក់បញ្ចូលក្មេងទំនើង ធ្វើប្រជាការពារនៅមូលដ្ឋាន» ដែលបានលើកឡើងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ ដែលក្នុងចំណោមនោះ មានទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ។
គួរកត់សម្គាល់ថា ថ្មីៗនេះ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ បានឱ្យដឹងថា ក្រសួង កំពុងសិក្សាដើម្បីដាក់បញ្ចូលក្រុមក្មេងទំនើង ជាប្រជាការពារ ឬសន្តិសុខភូមិ បន្ទាប់ពីពួកគេត្រូវបានអប់រំកែប្រែរួច។ លោកថា វិធានការបែបនេះ ដើម្បីទាញផលប្រយោជន៍ដល់សង្គម និងជាគំរូដល់ក្មេងជំនាន់ក្រោយផងដែរ។ ជាមួយនឹងការសិក្សានេះ ក្រសួងមហាផ្ទៃ ក៏កំពុងរៀបចំទិន្នន័យក្មេងទំនើងដែលចាប់ឃាត់ខ្លួន អប់រំណែនាំ និងបញ្ជូនទៅតុលាការ ទៅក្នុងប្រព័ន្ធទិន្នន័យរួមមួយ ដើម្បីតាមដានផងដែរ។
ក្នុងវីដេអូដែលបានផ្សព្វផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុខៈ បានលើកឡើងថា នេះជាការណែនាំពីរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីឱ្យក្មេងទំនើងទាំងនោះ ក្លាយទៅជាអ្នកការពារសន្តិសុខ សុវត្ថិភាពសង្គម តាមមូលដ្ឋានតែម្ដង ដោយមានរដ្ឋបាលឃុំ-សង្កាត់ ស្រុក-ខណ្ឌ ជាអ្នកដឹកនាំត្រួតពិនិត្យ។ លោកថា ការធ្វើបែបនេះ ក៏នឹងអាចធ្វើឱ្យក្មេងៗទាំងនោះ មានបទពិសោធន៍ការងារសន្តិសុខ អាចកែប្រែពីក្មេងមិនល្អ ទៅជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយផងដែរ។

លោក ទូច សុខៈ បានមានប្រសាសន៍ថា «នេះជាវិធីរុញទូកបណ្ដោយទឹក ដែលរកកន្លែងបត់។ ខ្ញុំថាប្អូនៗទាំងអស់ នឹងចូលរួមជាមួយយើង។ នេះជាការគិតគូរពីថ្នាក់ដឹកនាំរបស់យើង តាំងពីដើមទីមកដែរ តែដោយសារជាប់ដៃគ្នាពាក់ព័ន្ធនឹងការដឹកនាំទូទៅផង ពាក់ព័ន្ធនឹងប្រទេសជិតខាងឈ្លានពានយើងផងនោះ ក៏ទុកមួយជំហានសិនទៅ» ។
ក្រោយពីបានឃើញនិងឮអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងដូចខាងលើនេះ អ្នកប្រើប្រាស់បណ្តាញសង្គម អ្នកតាមដានស្ថានការណ៍សង្គម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកនយោបាយ បានសម្ដែងការភ្ញាក់ផ្អើល និងផ្ទុះការជជែកវែកញែកជាច្រើន។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបង្ហាញការយល់ឃើញថា ការដាក់បញ្ចូលក្រុមក្មេងទំនើង ឲ្យធ្វើជាប្រជាការពារ ឬសន្តិសុខភូមិ គឺពុំមានភាពចាំបាច់នោះទេ ពីព្រោះក្រុមក្មេងទំនើងទាំងនេះ មិនអាចធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទេ ប៉ុន្តែបែរទៅជារញ៉េរញ៉ៃ គំរាមកំហែង បំភិតបំភ័យពលរដ្ឋនៅតាមមូលដ្ឋានទៅវិញ ។ ដូច្នេះអ្វីដែលក្រសួងមហាផ្ទៃ ត្រូវធ្វើ គឺការពង្រឹងឥទ្ធិពល ចំណេះ ជំនាញ ច្បាប់ រដ្ឋបាលសាធារណៈ និងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាល ទៅវិញ ដើម្បីឲ្យនគរបាលយុត្តិធម៌ទាំងនោះការពារសុវត្ថិភាព ជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការធ្វើបែបនេះ គឺជាការចៀសវាងនូវបញ្ហាស្មុគស្មាញដែលអាចនឹងកើតឡើង នៅពេលខាងមុខ ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់តាមរយៈការផ្សាយផ្ទាល់ នៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុវត្តបែបនេះមែន នោះមានន័យថា ការដឹកនាំនយោបាយ នាពេលបច្ចុប្បន្ន វាហាក់បីដូចជាដើរថយក្រោយ ដែលមើលទៅ ដូចជាខ្វះធនធានមនុស្ស ទៅចូលរួមជួយសង្គមជាតិ។ ការលើកឡើងបែបនេះ លោកមិនបានស្តីបន្ទោសក្រសួងមហាផ្ទៃ ឬរាជរដ្ឋាភិបាល នោះទេ ប៉ុន្តែក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល មានតួនាទីក្នុងការចូលរួមកែទម្រង់ រិះគន់ ឬប៉ះប៉ូវបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាល ។
បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ថា អ្វីដែលសំខាន់នោះ ការចង់កែប្រែក្រុមក្មេងទំនើង ឱ្យដើរលើផ្លូវត្រឹមត្រូវមួយ មានច្រើនចំណុចណាស់ ដែលក្រសួងមហាផ្ទៃ អាចជ្រើសរើសបាន ប្រសិនបើក្មេងទំនើងនោះ ប្រព្រឹត្តអំពើជួញដូរគ្រឿងញៀន វាយសម្លាប់ ប្លន់ និងបង្កឱ្យមានបទល្មើសព្រហ្មទណ្ឌ ត្រូវតែជាប់ពន្ធនាគារហើយ នេះមិនមានអ្វីខុសទាស់ទេ។ ប៉ុន្តែប្រសិនបើក្មេងទំនើង បានប្រព្រឹត្តត្រឹមតែបទល្មើសរដ្ឋប្បវេណី និងលហុ អាជ្ញាធរ អាចពិន័យពួគគេ ត្រឹមសកម្មភាពទៅកាយលូទឹកស្អុយ រើសសំរាម ឬបួស៣ខែ ទៅ៦ខែ នៅតាមវត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយល់អំពីស្ថានភាពផ្លូវចិត្ត និងផ្លូវចិត្តពួកគេស្ងប់ស្ងាត់ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ជំហានបន្តបន្ទាប់ នៃការលុបបំបាត់ក្មេងទំនើង គឺយើងដាក់ពិន័យជាការអប់រំ ដែលមិនមែនជាការដាក់ពិន័យដោយហិង្សា ដោយរំលោភសិទ្ធិមនុស្ស និងធ្វើអ្វីដែលខុសពីច្បាប់ប្រទេស ។ អ៊ីចឹងយើងត្រូវការវិស័យព្រះពុទ្ធសាសនា យើងត្រូវការច្បាប់ប្រទេស យើងត្រូវការទីកន្លែង ពេលវេលាណាមួយសមរម្យក្នុងការឲ្យជីវិតគាត់រស់នៅ ដើម្បីធ្វើការអប់រំទៅតាមដំណាក់កាលៗ ជាជាងយើងប្រើអំណាច ប្រើហិង្សាពាក្យសម្ដី ឬក៏ប្រើហិង្សាឲ្យប៉ះពាល់ទៅដល់រាងកាយពួកគាត់ ។ អ៊ីចឹងហើយ យើងសួរថា តើការកែប្រែពួកគាត់ ជាក្មេងទំនើង បងធំ បងតូចហ្នឹង ស្ថិតនៅក្នុងស្ថានភាពបែបណា? សតិអារម្មណ៍បែបណា? ព្រោះក្មេងទំនើង បងធំ បងតូច វាចម្រុះ ចម្រុះទៅដោយកូនអ្នកក្រ ពិសេសកូនអ្នកមាន កូនអ្នកធំអីហ្នឹង លែងស្ដាប់ការអប់រំរបស់ឪពុកម្ដាយ លែងស្ដាប់ការអប់រំរបស់គ្រូបង្រៀន ឬក៏មិត្តភក្ដិខ្លួន តាយាយ ។ អ៊ីចឹងហើយ យើងត្រូវមើល គឺត្រូវយកអ្នកមានវិជ្ជាជីវៈខាងចិត្តសាស្រ្ត ខាងពេទ្យ ដើម្បីអប់រំផ្នែកអារម្មណ៍គាត់ ផ្នែកសុខភាពគាត់ មានន័យថា ជំនាញសតិអារម្មណ៍ ចិត្តសាស្រ្ត ហើយយើងពិន័យពួកគាត់ ក្នុងន័យថា តើកម្រិតណាអាចឲ្យពួកគាត់ហ្នឹងនៅក្នុងការបួសរៀនសូត្រនៅវត្ត ការនៅស្នាក់កន្លែងណាមានការអប់រំ ការហូបចុក ដោយគ្មានការដាក់សម្ពាធទៅលើពួកគាត់ទៀត ដើម្បីរកមធ្យោបាយ វិធីសាស្រ្តណាឲ្យគាត់ហ្នឹងមានការកែប្រែចេញពីចិត្តគាត់ ចេញពីការយល់ដឹង ចេញពីការអប់រំ ដោយផ្ដល់នូវការលើកទឺកចិត្ត សតិអារម្មណ៍បែបណា ដែលគាត់តែងតែរងនូវសម្ពាធ សម្ពាធនៃគ្រួសារ សម្ពាធនៃសង្គម សម្ពាធនៃមិត្តភក្ដិ ឬក៏សមត្ថកិច្ច អាជ្ញាធរធ្វើការគាបសង្កត់ដោយប្រការណា បងធំ បងតូច នៃឥទ្ធិពល អ្វីដែលប៉ះពាល់ទៅដល់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំថា ទាំងអស់ហ្នឹងហើយ ដែលយើងប្រើគ្រប់វិធីសាស្រ្ត ទាំងផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ ហើយនិងកន្លែងរបស់រដ្ឋាភិបាល មណ្ឌលកែប្រែ ថែទាំបែបណា ហើយបើគាត់ទៅប្លន់ ទៅធ្វើអ្វីដែលជាបទឧក្រិដ្ឋ អាហ្នឹងយើងប្រើច្បាប់ ដាក់គុក ដាក់ច្រវាក់ ប៉ុន្តែបើគាត់មិនបានទៅធ្វើអ្វីឲ្យមានជាបទឧក្រិដ្ឋ អបាយមុខធ្ងន់ធ្ងរទេ យើងអប់រំទៅ យើងអាចដាក់ពិន័យឲ្យគាត់ហ្នឹង ទៅបម្រើកិច្ចការសង្គម កាយលូទឹកស្អុយ ឬក៏រើសសំរាម ឬក៏ទៅធ្វើអ្វីដែលជាប្រយោជន៍ដល់សង្គម គឺថាយើងយកពួកគាត់ឲ្យទៅ ហើយពេលខ្លះ ពួកគាត់ក៏អាចមានជាប់បាក់ឌុប យើងឲ្យគាត់ចូលកាតព្វកិច្ច យកទៅរៀនទាហាន ឬក៏នាយទាហានសកម្ម ក្នុងផ្នែកបម្រើសេវាកម្មការពារជាតិ ។ ប៉ុន្តែបើក្រោមនៃកម្រិតការចេះដឹង គាត់មិនរៀនបានដល់ឌីប្លូម ចប់វិទ្យាល័យ ឬក៏ចប់មហាវិទ្យាល័យទេ យើងមើលបែបផែនផ្សេងៗ ដូចយកគាត់ទៅបង្រៀនផ្នែកបច្ចេកទេសកសិកម្ម ឬក៏ជួសជុល ជាងម៉ូតូ ជាងឡាន គឺថាឲ្យមានអ្វីដែលជាការអប់រំរបស់យើង ណែនាំរបស់អ្នកជំនាញចិត្តសាស្រ្ត សតិអារម្មណ៍ គ្រូពេទ្យ ហើយគាត់ចាប់អ្វីដែលគាត់អាចកែប្រែជីវិតគាត់បាន តាមអ្វីដែលគាត់យល់ដឹង ។ អាហ្នឹងគឺថាជាវិធីសាស្រ្តសាមញ្ញ ហើយជាវិធីសាស្រ្តដែលធ្វើឲ្យគាត់លែងភ័យខ្លាច ចង់ចាកចេញពីសង្គម នៃមនុស្សរស់នៅ ហើយគាត់ក៏លែងចង់ឃើញជាមនុស្សដែលសង្គមលែងរាប់អាន ហើយក្លាយខ្លួនជាសង្គមឧក្រិដ្ឋអីហ្នឹង អាទាំងអស់ហ្នឹង គឺថាជាវិធីសាស្រ្ត ។ ប្រទេសណាក៏ដូចប្រទេសណា គឺថាត្រូវប្រើពេលវេលា ជាមួយនឹងការណែនាំសតិអារម្មណ៍គាត់ ទៅនឹងការយល់ដឹងនៃចំណេះទូទៅ និងចំណេះជំនាញបច្ចេកទេសណា ដែលគាត់អាចឲ្យជីវិតគាត់មានការរុងរឿងឡើងវិញ ជីវិតគាត់ងាកចេញពីសង្គមស្អប់ខ្ពើម គឺថាមិនមានការរើសអើង មើលងាយ មើលថោក អាហ្នឹងគឺថា ជីវិតវានឹងកែប្រែហើយ» ។

លោក មាជ សុវណ្ណារ៉ា បន្តទៀតថា «ហើយនិយាយអំពីច្បាប់ទម្លាប់នៃសង្គម ប្រទេសជាតិហ្នឹង ក៏ត្រូវតឹងរ៉ឹង មានគណនេយ្យភាព តម្លាភាព អ្វីដែលជាការអនុវត្ត គឺច្បាប់ មានន័យថា ច្បាប់អត់មានស្ដង់ដារពីរ ច្បាប់ អត់មានការពារអ្នកមាន ច្បាប់ អត់មានការពារលោកធំគ្រាក់ៗ អ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាល ឬក៏អ្នកមានលុយ ជាឧកញ៉ា ជាអីទេ គឺច្បាប់ស្មើមុខស្មើមាត់គ្នា ទាំងអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ទាំងស្ដេចផែនដី គឺត្រូវតែគោរពច្បាប់ ច្បាប់នៅពីលើក្បាល លើព្រះកេសរបស់អ្នកដឹកនាំ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ អ៊ីចឹងហើយ វាអត់មានភាពអយុត្តិធម៌នៃការឈឺចាប់ អំពើពុករលួយ បក្ខពួក ត្រូវបានកាត់បន្ថយ អាហ្នឹងហើយ ដែលជាតម្លាភាព ជាសុចរិតក្នុងការអនុវត្តនីតិរដ្ឋ ជាការចាប់ផ្ដើមចេញពីថ្នាក់ដឹកនាំមក ។ អ៊ីចឹងសង្គមជាតិនៅថ្នាក់់មូលដ្ឋាន គឺថាសមត្ថកិច្ច អាជ្ញាធរ ក្រុមប្រឹក្សាឃុំសង្កាត់អីហ្នឹង គឺត្រូវមានតួនាទី កាតព្វកិច្ចបែបណាដើម្បីរក្សានូវស្ថិរភាព សន្តិសុខសង្គម? អាហ្នឹងហើយប្រជាពលរដ្ឋមានអត់មានទុក្ខលំបាក វិបត្តិនៃសង្គម បងធំ បងតូច ក្មេងទំនើង ក៏វាមានការថយចុះ ក៏វាខ្លាចរអាក្នុងការអនុវត្តច្បាប់ ដោយសារមិនមានមន្រ្តីទុច្ចរិត មន្រ្តីខិលខូច ប្រព្រឹត្តអំពើពុករលួយ និងអនុវត្តច្បាប់ស្ដង់ដារពីរ ។ អាហ្នឹងហើយជាប្រសិទ្ធភាពនៃការចាប់ផ្ដើម មានឆន្ទៈក្នុងការរក្សាសណ្ដាប់ធ្នាប់នយោបាយថ្នាក់ជាតិ ឬក៏ការអនុវត្ត ប្រតិបត្តិនូវអ្វីដែលច្បាប់មាននៅមូលដ្ឋាន គឺថាមិនអាចឲ្យមានភាពអនាធិបតេយ្យនៃក្មេងទំនើង កើនបងធំ បងតូច ។ អាហ្នឹងហើយជាការដែលត្រូវតែចាត់វិធានការគោរពច្បាប់ ជាចម្បង ច្បាប់ជាអាទិភាពរបស់ប្រទេសនីមួយៗ ។ អ៊ីចឹងសណ្ដាប់ធ្នាប់គ្រប់គ្រងសង្គម ការរស់នៅ មានសុភមង្គល សម្រាប់ប្រជាពលរដ្ឋហើយ“ ។
លោកបណ្ឌិតគុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋាន:ស្មើទេសរដ្ឋមន្ត្រី លើកឡើងថា លោកគាំទ្រក្រសួងមហាផ្ទៃ ដែលលើកទឹកដល់ក្រុមក្មេងទំនើង អាចធ្វើជាប្រជាការពារភូមិ ទូទាំងប្រទេស ដើម្បីឲ្យក្មេងទាំងនោះ បានស្ដារនីតិសម្បទា ក្លាយជាពលរដ្ឋល្អក្នុងសង្គម ដែលនេះជាយុទ្ធវិធី «ពិសបង្ក្រាបពិស» និង «យកលលក ទាក់លលក ដើម្បីចាប់មេហ្វូងសត្វ»។

លោកបណ្ឌិតគុជ លី បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ថា «សូមគាំទ្រ ÷ ក្រសួងមហាផ្ទៃ កំពុងលើកទឹកចិត្តដល់ក្រុមក្មេងទំនើង និងជាក្រុមបងធំ បងតូច អាចធ្វើជាប្រជាការពារភូមិ នៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស។ នេះជាឱកាសល្អកម្រ ហើយអាចនិយាយបានថា ៩៩ឆ្នាំ មានម្តង សម្រាប់ក្មួយៗ ដើម្បីបញ្ចេញសមត្ថភាព ចាប់ចោរលួច ចោរប្លន់ និងបង្ហាញទីតាំងក្រុមផ្តល់សេវាគ្រឿងញៀន និងក្រុមជក់គ្រឿងញៀន។ យុទ្ធវិធីពិសបង្ក្រាបពិស និងយកសត្វលលក ទាក់លលក ដើម្បីចាប់មេហ្វូងសត្វ។ បើសិនក្មួយៗទើបចេញសាលា ពិបាកប្រឡងចូលក្របខ័ណ្ឌក្រសួងមហាផ្ទៃ គឺក្មួយអាចបង្កើតធីមថ្មីបាន!»។
លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋាន:ស្មើទេសរដ្ឋមន្ត្រី លើកឡើងថា លោកគាំទ្រក្រសួងមហាផ្ទៃ ដែលលើកទឹកដល់ក្រុមក្មេងទំនើង អាចធ្វើជាប្រជាការពារភូមិ ដោយហេតុផលថា កាលណាមានមេកោយ គឺមានវិន័យ ហើយប្រជាការពារភូមិ មិនមែនធ្វើមេឃុំ ឬមេប៉ុស្តិ៍ទេ ផ្ទុយទៅវិញ មេប៉ុស្តិ៍ អាចគ្រប់គ្រងក្មេងៗទាំងនោះបាន។
លោកបណ្ឌិត ពេជ្រ ស្រស់ បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ថា «ងាកមកមើលការយកក្មេងៗដើរលេង យកទៅធ្វើប្រជាការពារភូមិវិញ គឺខ្ញុំគាំទ្រ ក្រោមហេតុផលថា កាលណាមានមេកោយ គឺមានវិន័យ ហើយប្រជាការពារភូមិ មិនមែនធ្វើមេឃុំ ឬមេប៉ុស្តិ៍ទេ ផ្ទុយទៅវិញ មេប៉ុស្តិ៍ អាចគ្រប់គ្រងក្មេងៗទាំងនោះបាន»។
លោកបណ្ឌិត ពេជ្រ ស្រស់ សរសេរបន្ថែមថា «ហេតុអ្វីនាំគ្នារើសអើងក្មេងៗស្ទាវ ? ឆ្ងល់ពួកបណ្ឌិត FB មួយចំនួន ហេតុអីក៏អាចវិនិច្ឆ័យគ្រប់រឿងបានចឹងណ៎? អ្វីទៅហៅថា ប្រជាការពារភូមិ ? ស្រាវជ្រាវបន្តិចទៅ អស់លោកបណ្ឌិត FB ទាំងឡាយអើយ!»។

លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា បានលើកឡើងថា បើមានការគិតគូរប្រើប្រាស់ក្មេងទំនើង ជាប្រជាការពារភូមិ នោះវាចោទជាសំណួរចំពោះប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រោះឫសគល់នៃការលុបបំបាត់ក្មេងទំនើង គឺការអប់រំនិងការងារ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងថា នៅប្រទេសជឿនលឿន ការជ្រើសរើសកងសមត្ថកិច្ច ដូចជាសន្តិសុខ ប៉ូលិស និងប៉េអឹម ជាដើម គេធ្វើដោយប្រយ័ត្នប្រយែងខ្ពស់ ដោយវាយតម្លៃតាំងពីកាយសម្បទា សមត្ថភាព អត្តចរិត ប្រវត្តិគ្រួសារ ជាដើម គេមិនយកបុគ្គលដែលមានប្រវត្តិមិនល្អ មកធ្វើជាសមត្ថកិច្ចឡើយ។ ការអនុវត្តនេះ ហៅថា “ស្តង់ដារមាស” (Gold Standard) នៃវិស័យសន្តិសុខសាធារណៈ នៅក្នុងប្រទេសជឿនលឿន ដូចជា ប្រទេសសិង្ហបុរី ជប៉ុន ឬបណ្តាប្រទេសនៅអឺរ៉ុប ជាដើម ដែលមូលហេតុ ត្រូវប្រទេសទាំងនោះ យល់ថា មានកម្រិតសុវត្ថិភាពខ្ពស់ ដោយសារគេចាត់ទុកសមត្ថកិច្ច ជាគំរូនៃច្បាប់។ ប្រសិនបើអ្នកអនុវត្តច្បាប់ ខ្លួនឯងមានប្រវត្តិមិនល្អ នោះទំនុកចិត្តពីប្រជាពលរដ្ឋ នឹងរលាយបាត់ភ្លាមៗ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ថា “តើក្រសួងមហាផ្ទៃ គួរតែបញ្ចូលក្មេងទំនើង ឱ្យធ្វើជាប្រជាការពារភូមិ ទេ?
នៅប្រទេសជឿនលឿន ការជ្រើសរើសកងសមត្ថកិច្ច ដូចជាសន្តិសុខ ប៉ូលិស និងប៉េអឹម ជាដើម គេធ្វើដោយប្រយ័ត្នប្រយែងខ្ពស់ តាមវាយតម្លៃ តាំងពីកាយសម្បទា សមត្ថភាព អត្តចរិត ប្រវត្តិគ្រួសារ ជាដើម។ គេមិនយកបុគ្គលដែលមានប្រវត្តិមិនល្អ មកធ្វើជាសមត្ថកិច្ចឡើយ។ ការអនុវត្តនេះ ហៅថា “ស្តង់ដារមាស” (Gold Standard) នៃវិស័យសន្តិសុខសាធារណៈ នៅក្នុងប្រទេសជឿនលឿន។
មូលហេតុដែលប្រទេស ដូចជា សិង្ហបុរី ជប៉ុន ឬបណ្តាប្រទេសនៅអឺរ៉ុប មានកម្រិតសុវត្ថិភាពខ្ពស់ គឺដោយសារគេចាត់ទុក “សមត្ថកិច្ច” ជា “គំរូនៃច្បាប់”។ ប្រសិនបើអ្នកអនុវត្តច្បាប់ ខ្លួនឯងមានប្រវត្តិមិនល្អ នោះទំនុកចិត្តពីប្រជាពលរដ្ឋ នឹងរលាយបាត់ភ្លាមៗ។ នេះគឺជាចំណុចសំខាន់ៗដែលប្រទេសជឿនលឿន ប្រកាន់ខ្ជាប់ក្នុងការជ្រើសរើសកងកម្លាំង ៖
១. ការត្រួតពិនិត្យប្រវត្តិយ៉ាងតឹងរ៉ឹង (Background Checks)
នៅក្នុងប្រទេសទាំងនោះ គេមិនត្រឹមតែមើលលើ “ក្រដាសស្នាម” ទេ តែគេធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ៖
-ប្រវត្តិរូបប្តី-ប្រពន្ធ និងគ្រួសារ ៖ ដើម្បីធានាថា បុគ្គលនោះមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជន ឬមានសម្ពាធពីមជ្ឈដ្ឋានជុំវិញ ដែលនាំឱ្យមានអំពើពុករលួយ។
-សុចរិតភាពផ្នែកហិរញ្ញវត្ថុ ៖ បុគ្គលដែលមានបំណុលវ័ណ្ឌក ឬមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាធម្មតាមិនត្រូវបានអនុញ្ញាតឱ្យធ្វើប៉ូលិសឡើយ ព្រោះគេបារម្ភពីការទទួលសំណូក។
២. ការវាយតម្លៃផ្លូវចិត្ត (Psychological Profiling)
សមត្ថភាពរូបកាយ គ្រាន់តែជាផ្នែកមួយ ប៉ុន្តែ “ភាពចាស់ទុំខាងអារម្មណ៍” គឺជាចំណុចស្លាប់រស់ ៖
-គេតេស្តមើលថា តើបុគ្គលនោះមាន “ចរិតកាចសាហាវនិយម” (Aggression) ឬទេ?
-តើគេមានសមត្ថភាពដោះស្រាយបញ្ហាដោយសន្តិវិធី និងការអត់ធ្មត់ (Patience) កម្រិតណា នៅពេលប្រឈមមុខនឹងការជេរប្រមាថ ឬសម្ពាធខ្លាំង?
៣. គោលការណ៍ “អំណាចនិងសីលធម៌” (Authority vs. Integrity)
មេរៀនធំបំផុតដែលប្រទេសជឿនលឿនបង្រៀនគឺ ៖ “អំណាចដែលគ្មានសីលធម៌ គឺជាគ្រោះថ្នាក់សង្គម”។
កាលណាគេយកអ្នកធ្លាប់ដើរលេងពាល មកធ្វើជាសមត្ថកិច្ច វាអាចបង្កើតជា “វប្បធម៌ក្មេងទំនើងក្នុងឯកសណ្ឋាន”។
ផ្ទុយទៅវិញ គេជ្រើសរើសមនុស្សដែលមានស្មារតីបម្រើ (Service Mindset) ដើម្បីឱ្យប្រជាជនមានអារម្មណ៍ថា “កក់ក្តៅ” ពេលឃើញប៉ូលិស មិនមែនអារម្មណ៍ “ភ័យខ្លាច” នោះទេ។
៤. ផលវិបាកនៃការជ្រើសរើសខុស
ប្រសិនបើរដ្ឋបាលមូលដ្ឋាន យល់ព្រមយក “ក្មេងទំនើង” មកធ្វើជាសន្តិសុខ ផលវិបាកដែលអាចកើតមានគឺ ៖
-ការសងសឹកគ្នា ៖ ក្មេងទំនើងប្រើអំណាចរដ្ឋ ដើម្បីសងសឹកសត្រូវចាស់របស់ខ្លួន។
-ការបាត់បង់តុល្យភាព ៖ ប្រជាពលរដ្ឋល្អៗ នឹងលែងហ៊ានរាយការណ៍បទល្មើស ព្រោះមិនទុកចិត្តអ្នកយាមល្បាត“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានសរសេរបន្តថា “យោងតាមចំណុចទាំងនេះ គម្រោងបញ្ចូលក្មេងទំនើង ឱ្យធ្វើជាប្រជាការពារភូមិ អាចជា “អាវុធមុខពីរ” ដែលមានហានិភ័យខ្ពស់ជាងអត្ថប្រយោជន៍ ប្រសិនបើមិនមានយន្តការត្រួតពិនិត្យច្បាស់លាស់។
ខាងក្រោម ជាផលប៉ះពាល់និងចំណុចខ្វះខាតដែលអាចកើតមាន ៖
១. ការបាត់បង់សេចក្តីថ្លៃថ្នូរនៃស្ថាប័ន (Institutional Integrity)
នៅប្រទេសជឿនលឿន ឯកសណ្ឋាន តំណាងឱ្យច្បាប់។ បើប្រជាពលរដ្ឋឃើញមនុស្សដែលធ្លាប់បង្កបញ្ហា ធ្លាប់វាយតប់គ្នា ឬធ្លាប់ប្រើប្រាស់គ្រឿងញៀន មកស្លៀកពាក់ជាអ្នកការពារច្បាប់ វានឹងធ្វើឱ្យតម្លៃនៃ “អាជ្ញាធរ” ធ្លាក់ចុះ។ ប្រជាជន នឹងមានសំណួរថា ៖ “តើច្បាប់ កំពុងការពារខ្ញុំ ឬកំពុងផ្តល់អំណាចដល់អ្នកបង្កបញ្ហា?”។
២. ហានិភ័យនៃ “អំណាចក្នុងដៃមនុស្សខុស” (Abuse of Power)
ក្មេងទំនើង ភាគច្រើនមានបញ្ហាផ្នែក “ការគ្រប់គ្រងកំហឹង” (Anger Management) និង “វិន័យ”។
-បញ្ហាសងសឹក ៖ ពួកគេអាចប្រើតួនាទីជាប្រជាការពារដើម្បី “ទូទាត់បញ្ជីចាស់” ជាមួយសត្រូវរបស់ពួកគេនៅក្នុងភូមិ។
-ការជំរិតទារប្រាក់ ៖ ពួកគេអាចប្រើអំណាចនេះ ដើម្បីគំរាមកំហែង ឬទារលុយកាក់ពីអ្នកភូមិ ដែលទន់ខ្សោយ ដោយយោងលើលេស “រក្សាសន្តិសុខ”។
៣. ទំនាស់ផលប្រយោជន៍ (Conflict of Interest)
ជាទូទៅ ក្មេងទំនើង តែងតែមានបក្ខពួក។ ប្រសិនបើមិត្តភក្តិ ឬបក្ខពួករបស់ពួកគេ ប្រព្រឹត្តបទល្មើស តើពួកគេហ៊ានចាប់ខ្លួនដែរឬទេ? វានឹងបង្កើតជាបណ្តាញ “ឧក្រិដ្ឋកម្មដែលមានការការពារពីអាជ្ញាធរ” នៅកម្រិតមូលដ្ឋាន។
តើយើងគួរធ្វើដូចម្តេច បើចង់ឱ្យពួកគេកែខ្លួន?
ដើម្បីជំរុញឱ្យក្រុមក្មេងទំនើង កែប្រែខ្លួន ប្រកបដោយប្រសិទ្ធភាពនិងចីរភាព យើងមិនគួរផ្តល់ “អំណាច” ដល់ពួកគេភ្លាមៗនោះទេ ប៉ុន្តែត្រូវអនុវត្តតាមយន្តការ “ការស្តារនីតិសម្បទា” ជាដំណាក់កាលៗ ដូចបណ្តាប្រទេសជឿនលឿន (ឧទាហរណ៍ សិង្ហបុរី) បានធ្វើកន្លងមក។ ជាដំបូង បុគ្គលទាំងនោះ ត្រូវឆ្លងកាត់ការអប់រំចិត្ត តាមរយៈការធ្វើពលកម្ម ជំនួសទោស ឬវគ្គបណ្តុះបណ្តាលសីលធម៌ ដើម្បីជម្រុះចរិតក្មេងទំនើង ចេញពីខ្លួន និងបង្កើនស្មារតីទទួលខុសត្រូវ។ បន្ទាប់មក ពួកគេគួរតែទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដូចជា ការជួសជុល កសិកម្ម ឬបច្ចេកវិទ្យា ដែលអាចជួយឱ្យពួកគេមានសមត្ថភាពបង្កើតចំណូលចិញ្ចឹមជីវិត ដោយថ្លៃថ្នូរ និងមិនត្រឡប់ទៅរកផ្លូវខុសវិញ។ ជាចុងក្រោយ មុននឹងផ្តល់ការងារក្នុងវិស័យសន្តិសុខ ពួកគេត្រូវឆ្លងកាត់ការសាកល្បងអត្តចរិត តាមរយៈការងារស្ម័គ្រចិត្តបម្រើសហគមន៍ ដូចជាការលាងសម្អាតទីសាធារណៈ ជាដើម ដើម្បីឱ្យអាជ្ញាធរ អាចវាយតម្លៃពីការកែប្រែពិតប្រាកដរបស់ពួកគេ មុននឹងប្រគល់សេចក្តីទុកចិត្ត ឱ្យបំពេញតួនាទីជាអ្នកការពារច្បាប់។
សរុបមក ការធ្វើឱ្យសង្គមមានសុវត្ថិភាព មិនមែនទាល់តែប្រើ “មនុស្សខ្លាំង” ឬ “មនុស្សកាច” មកយាមនោះទេ ប៉ុន្តែគឺការប្រើ “មនុស្សដែលមានវិន័យនិងការគោរពច្បាប់” ខ្ពស់បំផុត។ ការកសាងស្ថាប័នជាតិ និងលើកស្ទួយសន្តិសុខនៅក្នុងសង្គម តម្រូវឱ្យមានមន្ត្រីគំរូដែលមានការគោរពច្បាប់, វិន័យនិងសីលធម៌ខ្ពស់បំផុត“ ។
លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់នៅប្រទេសអូស្តាលី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ថា «នៅពេលខ្ញុំឃើញសារនេះ ខ្ញុំគ្មានការសោកស្តាយទេ ដែលខ្ញុំធ្លាប់លើកឡើងថា ៖ គណ:រដ្ឋមន្រ្តីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជាគណ:រដ្ឋមន្រ្តីចោលម្សៀតបំផុត!»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP) បានលើកឡើងថា ការដែលយកក្មេងទំនើង ទៅធ្វើជាអ្នកថែរក្សាសន្តិសុខក្នុងសហគមន៍ មិនគួរត្រូវបានអនុវត្តន៍ទេ ព្រោះនេះជាការប្រថុយដ៏គ្រោះថ្នាក់សម្រាប់សង្គម ឬអាចនឹងបង្កវិនាសកម្មដល់ប្រជាពលរដ្ឋថែមទៀត ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា «វាជារឿងដែលមិនគួរនឹកឃើញ ឬនិយាយទៅរួច ខណៈអាជ្ញាធរគ្មានសមត្ថភាពបង្ក្រាបក្មេងទំនើង បែរជាមានគំនិតចង់ឱ្យពួកនេះ ទៅធ្វើការងារសន្តិសុខមូលដ្ឋានដែលពួកគេបានបំផ្លាញនោះទៅវិញ។ បើដូច្នោះ ឱ្យពួកចោរ ទៅធ្វើប៉ូលិស ចាប់ចោរតែម្តងទៅ។ គួរតែពង្រឹងសមត្ថភាពប៉ូលិសមូលដ្ឋានឡើងវិញ គឺចាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រហូតដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ បើឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ឬរាជធានី ខេត្តណា បង្ក្រាបក្មេងទំនើងមិនបានទេ ចុះចេញទៅ ហើយលើកក្មេងទំនើង ឱ្យធ្វើមេប៉ុស្តិ៍ អធិការស្រុក ខណ្ឌ ឬស្នងការរាជធានី ខេត្ត តែម្តងទៅ មិនបាច់ឱ្យធ្វើត្រឹមប្រជាការពារភូមិទេ» ។

ទោះបីជាយ៉ាងណា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុឃៈ បានចេញបកស្រាយបញ្ជាក់ ជម្រះមន្ទិលជុំវិញបញ្ហាក្មេងតំនើង និងការងារប្រជាការពារនេះ ដោយលោកបានលើកឡើងថា ការចង់ធ្វើសមាហរណកម្មក្រុមក្មេងទំនើងដែលទទួលការអប់រំរួច ឱ្យពួកគេទៅធ្វើជាប្រជាការពារភូមិនេះ ជាកូនគំនិតផ្ទាល់ខ្លួនរបស់លោកទេ មិនមែនជាគោលការណ៍របស់ក្រសួងមហាផ្ទៃនោះទេ ហើយគំនិតនេះ ត្រូវបានមហាជន និងអ្នកតាមដានសង្គម ធ្វើការរិះគន់ មិនគាំទ្រនោះឡើយ ដោយយល់ថា អាចបង្កផលប៉ះពាល់ដល់សង្គមកាន់តែធ្ងន់ ពិសេស ពលរដ្ឋបាត់ទំនុកចិត្តលើអាជ្ញាធរ។
លោកបណ្ឌិត ទូច សុឃៈ បានថ្លែងបញ្ជាក់ថា “ខ្ញុំមិនមានអ្វីជាការទោមនស្ស សម្រាប់បងប្អូនទាំងអស់ ដែលបានបញ្ចោញមតិចម្រុះ ហើយសុទ្ធតែជាមតិដែលប្រកបដោយគុណតម្លៃ មានប្រយោជន៍ ហើយជាធាតុចូលដ៏សំខាន់សម្រាប់ពិចារណាក្នុងការធ្វើគោលនយោបាយ នៅពេលបច្ចុប្បន្ន ឬពេលអនាគតណាមួយនោះ នេះបង្ហាញថា បងប្អូនមិនត្រូវការបទល្មើស អំពើល្មើស ឬក៏អំពើផ្ទុយពីច្បាប់ នៅក្នុងមូលដ្ឋានឬក្នុងសង្គមទេ។ អីចឹងខ្ញុំសង្ឃឹមថា អំពើល្អត្រឹមត្រូវក្នុងសង្គម ក្នុងមូលដ្ឋាន ឬក៏មិនមានអំពើល្មើសកើតឡើង តាមរយៈដែលយើងស្អប់អំពើល្មើស ឬក៏បទល្មើសនេះ ហើយមតិចម្រុះរបស់បងប្អូន គឺបានឆ្លុះបញ្ចាំងថា បងប្អូនមិនអាចគាំទ្រសកម្មភាពទំនើងរបស់ជនណាម្នាក់ ឬក៏របស់ក្រុមក្មេងទំនើងទេ។ អ៊ីចឹងត្រឡប់មកវិញ សម្រាប់ប្អូនៗ កូនក្មួយ ឬក៏អ្នកប្រព្រឹត្តនូវអំពើទំនើង ត្រូវតែដឹងថា សង្គម បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺមិនត្រូវការ មិនគាំទ្រ មិនពេញចិត្តនូវអំពើទំនើង អំពើល្មើសទាំងអស់នោះទេ អ៊ីចឹងយើងត្រូវតែបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ត្រឡប់ក្រោយ ដែលជាត្រើយនៃសុភមង្គល…”។
លោកបណ្ឌិត ទូច សុឃៈ បានបន្តថា “ខ្ញុំសូមបញ្ជាក់ជូនថា អ្វីដែលខ្ញុំលើកនោះ គឺបន្ទាប់ពីខ្ញុំបង្ហាញលទ្ធផលបង្ក្រាបសកម្មភាពទំនើងរបស់សមត្ថកិច្ច ចំណុះឱ្យក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលខ្ញុំលើកជាកូនគំនិតបែបជាទស្សនទានផ្ទាល់របស់ខ្ញុំ មិនមែនជា ផែនការដែលថ្នាក់ដឹកនាំឬក៏ក្រសួងមហាផ្ទៃ ចាប់ផ្តើមដាក់ចេញនូវវិធានការ ដាក់ចេញនូវគោលនយោបាយធ្វើបែបនេះទេ បើទោះបីជាបណ្តាប្រទេសមួយចំនួនធំ នៅលើពិភពលោក លោកបានប្រើវិធានការបែបនេះ យ៉ាងណាក៏ដោយ ហើយបើទោះបីជាចង់ធ្វើ មិនមែនមានន័យថា យើងនិយាយថ្ងៃហ្នឹង ស្អែកយើងចេញជាផែនការទេ យើងត្រូវសិក្សា រយៈពេលច្រើន ដើម្បីសិក្សាអំពីទិដ្ឋភាពច្បាប់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ សិក្សាអំពីបទពិសោធន៍របស់បណ្តាប្រទេសផ្សេងៗដទៃទៀត ដែលគេបានប្រើយន្តការហ្នឹង តើគេធ្វើម៉េចបានជោគជ័យ យើងត្រូវសិក្សាទាំងអស់ហ្នុង បើសិនជាថ្នាក់ដឹកនាំ លោកសម្រេចនៅពេលខាងមុខ…”។

លោកបណ្ឌិត ទូច សុឃៈ បានបន្តទៀតថា “អ៊ីចឹងខ្ញុំត្រឡប់មកវិញ បងប្អូនបានបញ្ចេញមតិយ៉ាងច្រើន ដ៏ល្អប្រសើរ ជាគុណតម្លៃ ដែលបង្ហាញថា បងប្អូនមិនអាចទទួលយកបានទេនូវសកម្មភាពក្មេងទំនើង ក្រុមក្មេងទំនើង ឬក៏ជនទំនើង ឬក៏អ្នកប្រព្រឹត្តបទល្មើស អ៊ីចឹងហើយ ខ្ញុំសង្ឃឹមដែរថា យើងនឹងរួមដៃគ្នាទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ ឬក៏ផ្សព្វផ្សាយអប់រំ ឬក៏ចូលរួមនៅក្នុងបង្ក្រាបសកម្មភាពទំនើងរបស់ក្រុមក្មេងទំនើងក្តី ឬក៏របស់ជនទំនើងក្តី ពោលគឺយើងអនុវត្តទៅតាមច្បាប់ ហើយអ្វីដែលខ្ញុំលើកឡើងនោះ ក្នុងក្របខ័ណ្ឌថា បើសិនជាយើងពិចារណា គឺយើងពិចារណាទៅលើក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពបង្កការល្អក់កករនៅក្នុងមូលដ្ឋាន ឬក្នុងសង្គម ក្នុងកម្រិតមធ្យម ឬកម្រិតស្រាល ដែលទទួលត្រឹមទណ្ឌកម្មរដ្ឋបាល មានដូចជា ការឱ្យទៅរើសសំរាម សម្អាតអនាម័យ កោរសក់ ធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យអាណាព្យាបាលមកធានាយកទៅគ្រប់គ្រងវិញ ហើយដែលបងប្អូនធ្លាប់ឃើញ តាមបណ្តាស្នងការដ្ឋាន អធិការដ្ឋាន លោកបង្ហោះរូបភាពទាំងនោះ អាហ្នឹងខ្ញុំចង់និយាយអ៊ីចឹង ហើយជាកូនគំនិតមួយថា យើងអាចថាផ្តល់ឱកាសឱ្យពួកគាត់កែប្រែ ជាជាងការរុញគាត់ចោលពីសង្គម ធ្វើឱ្យគាត់នៅឯកោ ដែលអាចនាំឱ្យគាត់គិតថា កណ្តោចកណ្តែង សង្គមមិនទទួលយកគាត់ រើសអើងគាត់ អាចទៅជាពួកគាត់ប្រព្រឹត្តនូវអំពើដែលបង្កគ្រោះថ្នាក់កាន់តែធ្ងន់ ដែលនេះគឺជាការគិតតូចតាចរបស់ខ្ញុំ ផ្សារភ្ជាប់ពីលទ្ធផលដែលខ្ញុំបង្ហាញជូនបងប្អូនទូទៅ ពាក់ព័ន្ធសកម្មភាពការបង្ក្រាបក្រុមក្មេងទំនើង ឆ្នាំ២០២៥ ទេ ហើយនៅក្នុងវីដេអូរបស់ខ្ញុំ រយៈពេលដូចជាជាង ៣០នាទីនោះ គឺបានលើកនូវសមត្ថកម្មច្រើន ពាក់ព័ន្ធនឹងរឿងហ្នឹង មិនមែនច្បិចយកតែបន្តិចនោះមកនិយាយទេ។ ប៉ុន្តែបញ្ជាក់ម្តងទៀតថា នេះគឺជាកូនគំនិតផ្ទាល់របស់ខ្ញុំទេ មិនមែនជាផែនការរបស់ថ្នាក់ដឹកនាំ ឬក៏ផែនការរបស់ក្រសួងមហាផ្ទៃ ចាប់ផ្តើមធ្វើរឿងនេះ ពីឥឡូវទេ ហើយធ្វើនៅអនាគត ឬមិនធ្វើ គឺសម្រេចលើថ្នាក់ដឹកនាំ ទៅតាមស្ថានភាពជាក់ស្តែង»។
លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា “ប៉ុន្តែខ្ញុំក៏សូមជម្រាបជូនដែរថា មុននឹងខ្ញុំលើកនូវកូនគំនិតផ្សារភ្ជាប់បែបខាងលើនេះ គឺខ្ញុំបានលើកអំពីជំហររបស់ថ្នាក់ដឹកនាំ ដែលលោកកំពុងពិចារណាថា តើគួរពិនិត្យអំពើល្មើស ពោលគឺសកម្មភាពទំនើង ដែលចូលជាបទល្មើសព្រហ្មទណ្ឌ ត្រូវដាក់ស្ថានទម្ងន់ទោសទៅដល់ក្រុមក្មេងទំនើងដែលបានប្រព្រឹត្តនោះកម្រិតណា? ដោយពិនិត្យទៅលើទិដ្ឋភាពច្បាប់ជារួមថែមទៀតផង ដើម្បីឱ្យកាន់តែរាងចាល ឱ្យកាន់តែខ្លាចរអា ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ខ្ញុំក៏បានលើកឡើងអំពីផលជះនៃការធ្វើ ឬក៏ការប្រព្រឹត្តអំពើល្មើសរបស់ប្អូនៗ កូនក្មួយដែលចូលជាបទល្មើសព្រហ្មទណ្ឌនោះ កាលណាចូលជាបទល្មើសព្រហ្មទណ្ឌ យើងមានឈ្មោះនៅក្នុងបញ្ជីថ្កោលទោស របស់ក្រសួងយុត្តិធម៌ នៅពេលដែលមានតម្រូវការឱ្យយើងធ្វើលីខិតថ្កោលទោស យើងទៅធ្វើលិខិតថ្កោលទោស ដើម្បីបំពេញលក្ខខណ្ឌ យើងចេញមកប្រព្រឹត្តបទល្មើស គឺចប់សព្វគ្រប់ គេមិនទទួលយកយើងទេ ហើយខ្ញុំក៏បានជំរុញឱ្យបងប្អូនពិចារណា កូនក្មួយទាំងអស់ មុននឹងយើងធ្វើអំពើល្មើសដែលជាអំពើទំនើង យើងត្រូវគិតភ្លាមទៅដល់ ពេលដែលយើងឈឺចាប់ នៅពេលដែលប្រទេសជិតខាង គេវាយប្រហារ គេទម្លាក់គ្រាប់ គេបាញ់ស្រោចមកលើប្រជាជនយើង មកលើទឹកដីយើង មកលើតំបន់បេតិកភណ្ឌវប្បធម៌របស់យើង ឬក៏រំលោភកាន់កាប់ទឹកដីរបស់យើង នៅចំណុចនេះ ចំណុចនោះ ដែលរាជរដ្ឋាភិបាល កំពុងតែដាក់ចេញនូវយុទ្ធសាស្ត្រស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ឱ្យបងប្អូនកូនក្មួយគិតពីរឿងនោះសិន មុននឹងធ្វើសកម្មភាពទំនើង…”៕ កុលបុត្រ