ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់មិនបានសម្រេច
បណ្តាលឲ្យដួលអូសនឹងថ្នល់បែកមុខបែកមាត់ស្រ្តីជាអ្នកបើកម៉ូតូ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចសណ្ឋាគាររីវើផាឡេសស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រី២នាក់ជិះម៉ូតូហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1AZ1296 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុ
ស្រាបប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៣មិនមានស្លាកលេខទិសដៅស្របគ្នា បានជិះមកជិតហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះមិនបានសម្រេចធ្វើអោយជនរងគ្រោះដួលម៉ូតូអូសនឹងថ្នល់បែកមុខបែកមាត់ស្ត្រីម្នាក់ជាអ្នកឌុបចំណែកអ្នកអង្គុយក្រោយមិនមានរងរបួសទេ ភ្លាមៗនោះដែលជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសាច់ញាតិបងប្អូនបានមកដល់ដឹកតាមម៉ូតូយកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕ ឥន សាន់ស៊ីដេត