Thursday, March 19, 2026
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ណែនាំរៀបចំបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំរៀបចំបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅរាជធានីភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត ដូចតទៅ ៖

– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី

– ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវ័នបត

– ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក តរៀងទៅ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦  នៅរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា «ជារៀងរាល់ឆ្នាំ ប្រជា ពលរដ្ឋខ្មែរគ្រប់រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារពញធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងគោលបំណងសម្តែងនូវអំណរសាទរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវការគោរពដឹងគុណ ថ្វាយ ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះ សង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង់សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលជូនព្រះ វិញ្ញាណក្ខន្ធព្រះកុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងជូនពរថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងបុព្វការីជនទាំងឡាយ សំដៅបង្កើនឡើងនូវមនោសញ្ចេតនារគោរពស្រលាញ់ សាមគ្គី ភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី”។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត ដូចតទៅ ៖

– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី

– ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវ័នបត

– ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក តរៀងទៅ។

ទន្ទឹមនេះ យោងផែនការណែនាំលេខ ០២/២០២៦ គជបអ ចុះថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីបុណ្យ ប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបង្កើនសោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖

 ១- រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា វត្តអារាម ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារ រមណីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវ ៖

 – រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដោយការតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ និងដុតគោមបំភ្លឺ ឱ្យបានស្រស់ស្អាត

– ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល និងបដាពាក្យស្លោកនៅតាមស្ថាប័ន និងទីតាំងសាមី

– បដាពាក្យស្លោក ត្រូវមានខ្លឹមសារឆ្លុះបញ្ចាំងពីសន្តិភាពនិងការអភិវឌ្ឍជាតិ និងទាក់ទងប្រពៃណីទំនៀម ទម្លាប់ពិធីបុណ្យចូលឆ្នាំថ្មី ហើយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគាររបស់ខ្លួន ចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភណភាព។

២-គ្រប់គេហដ្ឋាន ផ្សារទំនើប ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជា សណ្ឋាគារ ខុនដូ ភោជនីយដ្ឋាន) និងមូលដ្ឋានអាជីវកម្មផ្សេងទៀត គ្រប់ប្រភេទ នៅក្នុងរាជធានីភ្នំពេញ ត្រូវ ៖

 – រៀបចំដោតទង់ជាតិ ដោយដាក់ដង និងចងទង់ជាតិ ឱ្យមានរបៀបរៀបរយល្អ ហើយត្រូវពិនិត្យមើលលើទង់ជាតិ ត្រូវមានលក្ខណៈត្រឹមត្រូវ ស្របតាមអត្តសញ្ញាណជាតិ និងក្រណាត់ទង់ជាតិ ត្រូវមានសភាពល្អ ចៀសវាងមានការដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យប៉ះពាល់ ដល់តម្លៃអត្តសញ្ញាណជាតិ

 – រៀបចំតុបតែងលម្អដោយបំពាក់ខ្សែភ្លើងពណ៌ចម្រុះ និងដុតគោមបំភ្លឺនៅមុខគេហដ្ឋាន តាមរបង មុខអគារ ជញ្ជាំង ឬដើមឈើ និង មុខមូលដ្ឋានអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញ និងសោភណភាព ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិ

– រៀបចំតុបតែងលម្អដោយក្បាច់រចនាតាមបែបប្រពៃណី នៅទីតាំងរៀបចំគ្រឿងសក្ការបូជា និងត្រៀមរៀបចំគ្រឿងសក្ការបូជា មានផ្កាភ្ញី ទៀន និងធូប ជាដើម សម្រាប់ថ្វាយព្រះរតនត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើ ជាអាទិ៍ ដើម្បីទទួលទេវតាឆ្នាំថ្មី

– បង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ចៀសវាងមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ

៣-រដ្ឋបាលខណ្ឌទាំង១៤ និងគ្រប់មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវ ៖

– ចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ម៉ោង នៅតាមអង្គភាពរៀងៗខ្លួន និងរៀបចំបញ្ជីឈ្មោះក្រុមវេនយាមប្រចាំការ ផ្ញើមករដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានយ៉ាងយូរបំផុត ត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦

– រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ មណ្ឌលកុមារកំព្រា មណ្ឌលចាស់ជរា-ជនពិការ មន្ទីរពេទ្យ និងមណ្ឌលនានា

– រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និងរៀបចំពិធី តាមទំនៀម ទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ ព្រមទាំងត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមវត្តអារាម ឱ្យបានល្អប្រសើរ។

៤- មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវ ៖

 – ណែនាំដល់គ្រប់វត្តអារាម ឱ្យធ្វើការសម្អាត និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប ទង់រំយោល និងចងបដាពាក្យស្លោក ឱ្យបានសមរម្យ

 – ណែនាំដល់គ្រប់វត្តអារាម ឱ្យរៀបចំពិធីបុណ្យសាសនា ស្របតាមប្រពៃណីសាសនា និងប្រពៃណីជាតិ ដូចជា ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ពិធីបង្សុកូលឧទ្ទិសកុសល ពិធីរាប់បាត និងពិធីស្រោចទឹកសីលវន្ត សីលវតី មាតាបិតា និងចាស់ព្រឹទ្ធាចារ្យ

 – ណែនាំដល់គ្រប់វត្តអារាម ឱ្យសម្អាតព្រះពុទ្ធរូប ព្រះបដិមា និងសម្អាតអនាម័យ-បរិស្ថានទាំងក្នុងនិងក្រៅបរិវេណវត្តអារាម ឱ្យបានស្អាត

– សហការជាមួយរដ្ឋបាលខណ្ឌដង្កោ និងក្រុមហ៊ុន ជេ ស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី ដើម្បីអំពាវនាវដល់ពុទ្ធបរិស័ទ រៀបចំពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ “ប៉ុល ពត” នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក និងកន្លែងតម្កល់អដ្ឋិធាតុ នៅតាមបូជនីយដ្ឋាន ស្តុបផ្សេងៗ ឱ្យបានមុនថ្ងៃចូលឆ្នាំថ្មី មកដល់។

៥- មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវ ៖

 – រៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ-សម័យ ជូនបងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាន និងទីសាធារណៈសមរម្យ ក្នុងរាជធានីភ្នំពេញ

– បំផុសចលនាបងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ និងវាយឆ្នាំង នៅតាមរមណីយដ្ឋាននានា ឬទីតាំងសមរម្យណាមួយ។

៦- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ ចុះយកព័ត៌មាន ថតរូប និងថតវីដេអូ នូវរាល់សកម្មភាព ទិដ្ឋភាពជាក់ស្តែងនាថ្ងៃបុណ្យ ទាំងពិធីខាងសាសនា និងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាពលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ តាមតំបន់នីមួយៗ ហើយផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗឱ្យបានទូលំទូលាយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរ ជាតិ ទស្សនា និងយល់ជ្រួតជ្រាបច្បាស់លាស់ពីអត្ថន័យនៃពិធីបុណ្យប្រពៃណីជាតិ។

៧-មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែងលម្អបំភ្លឺភ្លើង តាមបណ្តាសួនច្បារ ដើមឈើ ដងវិថី ដំឡើងរបារកាត់ទទឹងផ្លូវ នៅមហាវិថីសំខាន់ៗ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យ លាងសម្អាតផ្លូវ លាបលន ឬគំនូសនៅតាមបណ្តាមហាវិថី និងវិថីសំខាន់ៗ ដើម្បីធានាបរិស្ថាន និងសោភណភាពស្រស់ស្អាត។

៨- មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយនិងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ ៖

 – យកចិត្តទុកដាក់លើការផ្តល់សេវាក្នុងវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរ ទាំងគុណភាព សុវត្ថិភាព អនា ម័យ ម្ហូបអាហារ ការងារ សន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការងារផ្នែកបដិសណ្ឋារកិច្ច

– ណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នានា និងកាណូតទេសចរណ៍ ឱ្យដាក់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងរៀបចំតុបតែងលម្អដោយភ្លើងពណ៌ឱ្យបានស្រស់ស្អាត។

៩- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការសង្គ្រោះបន្ទាន់ ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ បរិក្ខារ សុខាភិបាល និងរថយន្តគិលានសង្គ្រោះ ប្រចាំការនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជនកម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។

១០- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំនិងអនុវត្តផែនការការ ពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ ឱ្យបានល្អ ទាំងមុន ក្រោយ និងអំឡុង ពេលពិធីបុណ្យ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍ នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង ទប់ស្កាត់ បង្ការបទល្មើសនិងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានយោធភូមិភាគពិសេស រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ និងមន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ចែង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធ ភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕

RELATED ARTICLES