Friday, March 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំសង្សារទៅស្រោចទឹក លួចទូរស័ព្ទលោកសង្ឃ

នាំសង្សារទៅស្រោចទឹក លួចទូរស័ព្ទលោកសង្ឃ

ខេត្តស្វាយរៀង ៖ គូសង្សារវ័យក្មេង ១គូ បាននាំគ្នាចូលទៅថ្វាយបង្គំព្រះសង្ឃ មួយអង្គ ដើម្បីស្រោចទឹក រំដោះគ្រោះ លើករាសី លុះឆ្លៀតពេលដែលព្រះអង្គនិមន្តចូលបន្ទប់ទឹក ស្រាប់តែបែកគំនិតលួចទូរស័ព្ទលោសង្ឃ ១ គ្រឿង រួចជិះម៉ូតូរត់គេច តែត្រូវព្រះសង្ឃរងគ្រោះ ប្តឹងសមត្ថកិច្ច អន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានទាំង២នាក់ យកទៅចាត់ការតាមច្បាប់។

ករណីគូស្នេហ៍លួចទូរស័ព្ទព្រះសង្ឃនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងកុដិព្រះសង្ឃ ស្ថិតក្នុងវត្តត្នោតជ្រំ ភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះពេជ ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២- ឈ្មោះឃាង ស្រីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកព្រះសង្ឃរងគ្រោះ មានព្រះ នាម មិន ជីវ័ន្ត ព្រះជន្មយុ ១៨វស្សា គង់នៅវត្តត្នោតជ្រំ ភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យជាគូសង្សារខាងលើ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាចូលទៅថ្វាយបង្គំព្រះសង្ឃរងគ្រោះ ព្រះនាម មិន ជីវ័ន្ត គង់នៅវត្តត្នោតជ្រំ ភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលព្រះអង្គគឺជាអតីតមិត្តភក្តិធ្លាប់រៀនជាមួយគ្នា។

ប្រភពដដែល បន្តថា ខណៈពេលទៅដល់វត្ត ជនសង្ស័យទាំងពីរ បានក្រាបថ្វាយបង្គំ សំណេះណាលជាមួយព្រះសង្ឃ និងបាននិមន្តព្រះសង្ឃ ស្រោចទឹក លើករាសី។ លុះឆ្លៀតពេលព្រះសង្ឃ និមន្តចូលបន្ទប់ទឹក ដោយទុកទូរស័ព្ទដៃ ១គ្រឿង សាកថ្មនៅកុដិ ស្រាប់តែគូសង្សារខាងលើ បានរួមគំនិតគ្នាលួចយកទូរស័ព្ទរបស់ព្រះអង្គ រួចនាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ភ្លាមៗ។

ក្រោយនិមន្តចេញពីបន្ទប់ទឹកវិញ ព្រះសង្ឃ មិន ជីវ័ន្ត បានបាត់ទូរស័ព្ទ ចំណែកមិត្តភក្តិនិងសង្សារ ក៏បាត់ខ្លួន ដឹងថាពួកគេបានលួចទូរស័ព្ទ ទើបព្រះអង្គបានរាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានពាក្យបណ្តឹងពីព្រះសង្ឃ មិន ជីវ័ន្ត សមត្ថកិច្ចបានចេញពួនស្ទាក់ និងឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍ខាងលើ ព្រមទាំងដកហូតបានទូរស័ព្ទដៃ មកប្រគេនព្រះអង្គវិញផងដែរ។

ជនសង្ស័យជាគូស្នេហ៍ទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES