Friday, March 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាត សន្សំលុយទិញឡាន បានជិត១ម៉ឺនដុល្លារ ភ្លើងឆេះហ្មត់

ស្រីស្អាត សន្សំលុយទិញឡាន បានជិត១ម៉ឺនដុល្លារ ភ្លើងឆេះហ្មត់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ខំប្រឹងធ្វើការសន្សំប្រាក់ បានជិត១ម៉ឺនដុល្លារ បំណងទុកទិញរថយន្តជិះ បែរជាជួបរឿងអកុសល ត្រូវភ្លើងឆេះផ្ទះ ឆេះទាំងលុយដែលទុកនៅក្នុងកាបូប បណ្តាលឱ្យខ្ទេចអស់គ្មាន ធ្វើឱ្យនារីរងគ្រោះ ទួញយំបោកខ្លួនស្ទើរសន្លប់ ព្រោះតែស្តាយស្រណោះ ប្រាក់ដែលប្រឹងសន្សំពីកម្លាំងញើសឈាម ប្រែ ក្លាយជាផេះផង់ ត្រឹមមួយប៉ប្រិចភ្នែក នៅក្នុងហេតុការណ៍អគ្គិភ័យ ភ្លើងឆេះបន្ទប់ជួល រាលឆេះផ្ទះ ២ខ្នង នៅតាមផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ នាងទើបនឹងដកប្រាក់ពីធនាគារ ដែលនាងខំសន្សំ រយៈពេល៣ខែ បានជិត ១ម៉ឺនដុល្លារ យកមកទុកតាមខ្លួន បំណងត្រៀមទិញរថយន្ត។ បន្ទាប់មក នាងបានយកប្រាក់នោះ ទុកនៅក្នុងកាបូប រួចយកទៅទុកលើពូក ក្នុងបន្ទប់ដេក ស្រាប់តែបន្តិចក្រោយមក កើតមានហេតុការណ៍អគ្គិ ភ័យ ឆេះផ្ទះ បណ្តាលឱ្យឆេះអស់លុយរបស់នាង ជិត១ម៉ឺនដុល្លារ ដែលនៅក្នុងកាបូបនោះ ខ្ទេចអស់តែម្តង។

នារីរងគ្រោះ បានបន្តថា នាងខំសន្សំលុយ រយៈពេល ៣ខែមកហើយ បានប្រមាណជិត ១ម៉ឺនដុល្លារ ក្នុងបំ ណងទុកទិញឡានជិះ ដោយមិនហ៊ានដកចាយផ្តេសផ្តាសឡើយ តែចុងក្រោយ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់។ ចំពោះមូលហេតុដែលនាងដកលុយសុទ្ធ ចេញពីក្នុងកុងធនាគារ មកទុកខាងក្រៅបែបនេះ ក៏ព្រោះតែកន្លងមក នាងធ្លាប់បាញ់លុយខុសកុង ទើបមិនចង់ទុកបែបនេះទៀត ខ្លាចច្រឡំម្តងទៀត។

នារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា “លុយខ្ញុំ ១ម៉ឺន ថាគ្រប់ទិញឡាន ទុកទិញឡាន ឥឡូវអស់រលីង លុយខ្ញុំទើបដកពីកុង ជិត១ម៉ឺន ខ្ញុំសន្សំរយៈពេល ៣ខែហើយ បានប៉ុណ្ណឹងរបស់ខ្ញុំ ខ្ញុំរក ៣-៤ខែ លុយខ្ញុំចូល ១ម៉ឺន អស់រលីង ធ្លាប់បាញ់លុយខុសកុង ទើបអត់ហ៊ានទុក លុយក្នុងកុង ចុងក្រោយ…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបន្ទប់ជួល ចំនួន៥បន្ទប់ សង់ពីឈើ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរាលឆេះផ្ទះ ចំនួន២ខ្នងទៀត ដែលនៅជាប់នោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់ ៣៤ឡាន ស្មើនឹង ១៣៦ម៉ែត្រគូប រថ យន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ ជាប្រភេទបន្ទប់ឈើ ប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ ឆេះខូចខាត ចំនួន ៥បន្ទប់ ហើយឆេះរាលដាលដល់ផ្ទះឈើលើ ថ្មក្រោម ចំនួន១ខ្នង និងផ្ទះថ្មចំនួន១ជាន់ ស្មើនឹង ៣បន្ទប់។ ករណីអគ្គិភ័យនេះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃដដែល។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា តុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES