Saturday, March 21, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរដាក់ឱសាទវាទ ៧ថ្ងៃ បញ្ចប់លក់ដូរលើចិញ្ចើមផ្លូវ មុខផ្សារជម្ពូវ័ន

អាជ្ញាធរដាក់ឱសាទវាទ ៧ថ្ងៃ បញ្ចប់លក់ដូរលើចិញ្ចើមផ្លូវ មុខផ្សារជម្ពូវ័ន

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដាក់ឱសានវាទ ៧ថ្ងៃ ឱ្យក្រុមអាជីវករលក់ដូរនៅលើចិញ្ចើមផ្លូវនិងផ្លូវសាធារណៈ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន ត្រូវរុះរើសម្ភារៈ ស្លាកយីហោ សំណង់តូបលក់ដូរ ឃ្លុប សំយាប និងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវ ចេញជាកំហិត ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារ ណៈ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា   សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលលក់ដូរលើចិញ្ចើមផ្លូវ និងផ្លូវសាធា រណៈ មុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ឱ្យបានជ្រាបថា  ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរណ៍ ដែលប៉ះពាល់ដល់សោភណភាពនិងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំដូចខាងក្រោម ៖

១. ចំពោះបញ្ហាសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ និងផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋ ៖

– ត្រូវបញ្ឈប់រាល់ការដាក់តាំងលក់ទំនិញនិងសម្ភារៈផ្សេងៗ នៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ ដើម្បីទុកចិញ្ចើមផ្លូវសាធារណៈ ធ្វើដំណើរទូទៅ។

– ត្រូវបញ្ឈប់រាល់ការដាក់តាំងស្លាកយីហោ ការសាងសង់តូបលក់ដូរ-ឃ្លុប-សំយាប និងសំណង់ផ្សេងៗ រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ។ ត្រូវបញ្ឈប់រាល់ការចតយានយន្តគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវសាធារណៈ។

២. ចំពោះបញ្ហាអនាម័យ និងបរិស្ថាន ៖

– នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវសម្អាតអនាម័យ ឱ្យបានស្អាតជានិច្ច និងរាល់កាកសំណល់ផ្សេងៗ ត្រូវរៀបចំវេចខ្ចប់ ទុកដាក់ និងបញ្ចេញឱ្យបានត្រឹមត្រូវ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ធ្វើការរុះរើតាមការណែនាំខាងលើ ចេញឱ្យអស់ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋ បាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល មិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ជាពុំខានឡើយ៕

RELATED ARTICLES