ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) ឬព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត រយៈពេល ៣ថ្ងៃ (ថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦) ដែលបង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណ ១០ម៉ឺននាក់ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ មានតែមួយលើលោកនេះ។

សម្រាប់ឆ្នាំ២០២៦ នេះ ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលបង្ហាញពីភាពឥត ខ្ចោះនៃវិស្វកម្មនិងហោរាសាស្ត្ររបស់បុព្វបុរសខ្មែរ បានចាប់ផ្តើម នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយមាន រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៥ៈ០០ព្រឹក ដល់ម៉ោង ៦ៈ៣០ ព្រឹក។

អត្ថន័យនៃសមរាត្រី គឺតុល្យភាពមេឃនិងដី ជាពេលវេលាដែលរយៈពេលថ្ងៃ និងយប់ មានប្រវែងស្មើគ្នា ព្រះអាទិត្យ នឹងរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលអាចមើលឃើញច្បាស់បំផុត ពីច្រកចូលខាងលិច។
ព្រឹត្តិការណ៍សមរាត្រីអង្គរ ក្នុង ១ឆ្នាំ មាន២លើក គឺនៅក្នុងខែមីនា ហៅថា សមរាត្រីរដូវប្រាំង និងនៅខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា។

ក្នុងខែមីនា ព្រឹត្តិការណ៍សមរាត្រីរដូវប្រាំង ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត បានផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ។
នាព្រឹកព្រលឹម នៅប្រាសាទអង្គរវត្ត ទាំង៣ថ្ងៃ បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនម៉ឺននាក់ ចូលរួមយ៉ាងកុះករ ដើម្បីទស្សនានិងថតផ្តិតយករូបភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រមួយ និងកើតឡើងត្រឹម ២ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

បាតុភូតនេះ បង្ហាញពីភាពអស្ចារ្យនៃការគណនានិងការរៀបចំទិសសំណង់របស់បុព្វបុរសខ្មែរ ដែលអាចបញ្ចូលវិទ្យាសាស្ត្រ តារាសាស្ត្រ ជាមួយស្ថាបត្យកម្មបានយ៉ាងច្បាស់លាស់។ សមរាត្រីអង្គរ (Equinox) បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ រាប់សែននាក់ មកទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គរវត្ត ជារៀងរាល់ឆ្នាំ។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍សមរាត្រីរដូវប្រាំង ឆ្នាំ២០២៦នេះ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាផ្ទាល់ សរុបប្រមាណ ១០ម៉ឺននាក់ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតអស្ចារ្យ ដែលនេះជាភ័ស្តុតាងបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់ នៃអាណាចក្រខ្មែរ នាសម័យមហានគរ ដ៏រុងរឿង៕


