Thursday, March 6, 2025
Homeព័ត៌មានជាតិកម្មករ​សំណង់​លើក​រន្ទាប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់១

កម្មករ​សំណង់​លើក​រន្ទាប៉ះ​ខ្សែ​ភ្លើង​ឆក់​ស្លាប់១

ខេត្តកណ្តាល ៖ បុរសជាកម្មករសំណង់ម្នាក់ បានរៀបរន្ទាដើម្បីឡើងបូកជញ្ជាំង ស្រាប់តែ អកុសលលើករន្ទាប៉ះខ្សែកាប្លិ៍បង្គោលភ្លើង ក៏ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចសំណង់អគារ មួយកន្លែងរបស់អង្គការសាសនាយេស៊ូគ្រិស្ត មានទីតាំងស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ។

បុរុសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ នោះ មានឈ្មោះជឿន ហួរ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រពន្ធ ឈ្មោះមាស ស្រីពៅ អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ជាមួយគ្នា និងមានស្រុកកំណើត នៅស្រុកមង្គលបុរី ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនរងគ្រោះបានមកស៊ីឈ្នួលបូកជញ្ជាំង អគារសំណង់របស់អង្គការសាសនាយេស៊ូគ្រិស្ត ខាងលើមួយរយៈមកហើយ ហើយនៅមុនពេល កើតហេតុ ជនរងគ្រោះបានលើកដែករន្ទាដំឡើង ដើម្បីរៀបចំឡើងទៅបូកជញ្ជាំង លុះពេល លើកដែកខ្វែង ក៏ប៉ះទៅនឹងខ្សែកាប្លិ៍បង្គោល ភ្លើង បណ្តាលឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះ ចំស្មា ធ្វើឱ្យជនរងគ្រោះប្រកាច់ធ្លាក់ពីលើរន្ទា ស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពដដែលបន្តថា ឃើញបែបនេះ អ្នក រួមការងារបាននាំគ្នាជួយលើកជនរងគ្រោះយក ទៅកប់នឹងដីខ្សាច់មុខការដ្ឋានសំណង់ ដើម្បី ជួយសង្គ្រោះបឋម តែអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះមកដល់ទីតាំងកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ដោយមានស្លាកស្នាមដាច់រលាត់ស្បែក លើស្មា និងក្រោមក្លៀកខាងស្តាំ ចំណែកអាវ ជនរងគ្រោះត្រង់ស្មាខាងស្តាំ ក៏ត្រូវឆេះធ្លុះផង ដែរ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យស្ត្រីជាប្រពន្ធដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES