Thursday, March 6, 2025
Homeព័ត៌មានជាតិប្រពន្ធ​ដេក​ជា​មួយ​ប្តី​លើ​ដី ពស់​លូន​ចូល​មុង​ចឹក

ប្រពន្ធ​ដេក​ជា​មួយ​ប្តី​លើ​ដី ពស់​លូន​ចូល​មុង​ចឹក

ខេត្តប៉ៃលិន ៖ ក្រុមគ្រួសារមួយដោយសារ តែមានជីវភាពទីទ័លក្រពេក ទើបនាំគ្នាធ្វើ ចំណាកស្រុកចេញពីខេត្តកំពង់ស្ពឺ មកស៊ីឈ្នួល ចិញ្ច្រាំដំឡូងមីឱ្យគេនៅខេត្តបាត់ដំបង លុះ ពេលនាំគ្នាចងមុងដេកលើដីវាល លុះទៀបភ្លឺក៏ មានសត្វពស់មួយក្បាល លូនចូលចឹកស្ត្រីរង- គ្រោះជាប្រពន្ធដល់ក្នុងមុង តែដោយបញ្ជូនមក មន្ទីរពេទ្យយឺតពេលពេក ទើបធ្វើឱ្យពិសពស់ ជ្រាបសព្វពេញខ្លួន និងត្រូវគ្រូពេទ្យជំនាញ អះអាងថា មានសង្ឃឹមតិចតួចណាស់។

ករណីពស់លូនចូលមុងចឹកស្ត្រីរងគ្រោះ ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចដីវាលក្នុងចម្ការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិព្រៃធំ ឃុំក្រាំងមាស ស្រុកបរវេល។

ស្ត្រីរងគ្រោះដែលត្រូវពស់ចឹក បណ្តាល ឱ្យរងរបួសធ្ងន់នោះ មានឈ្មោះសៀន សុភក្តិ អាយុ២៤ឆ្នាំ មុខរបរកម្មករចិញ្ច្រាំដំឡូងមី មាន ប្តីឈ្មោះឈាង អាយុ២៥ឆ្នាំ មុខរបរកម្មករ ចិញ្ច្រាំដំឡូងមីជាមួយគ្នា មានកូនតូចៗចំនួន ២នាក់ក្នុងបន្ទុក និងមានស្រុកកំណើតនៅស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀប- រាប់ប្រាប់ថា ដោយសារតែជីវភាពគ្រួសារគាត់ ទីទ័លក្រពេក ទើបគាត់ដាច់ចិត្តនាំប្រពន្ធកូន ចាកចេញពីស្រុកកំណើត ស្កាត់មកស៊ីឈ្នួល ចិញ្ច្រាំដំឡូងឱ្យគេនៅឯខេត្តបាត់ដំបង ដោយ ទើបនឹងមកស៊ីឈ្នួលថៅកែម្នាក់ នៅក្នុងភូមិ សាស្ត្រកើតហេតុខាងលើនេះ បានរយៈពេល ប្រមាណជាង១ខែប៉ុណ្ណោះ។

បុរសជាប្តី នៅមុនពេលកើតហេតុ កាល ពីវេលាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ គាត់ បាននាំប្រពន្ធកូនក្រាលកន្ទេលដេកផ្ទាល់ដីនៅ ចំណុចដីវាលក្នុងទីតាំងដែលពួកគាត់ស៊ីឈ្នួល ចិញ្ច្រាំដំឡូងមីឱ្យគេ លុះដល់វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៧ ក៏ស្រាប់តែមានភ្លៀងរលឹម ស្រិចៗ ស្របពេលនោះ ក៏មានពស់១ក្បាល ប្រវែងជាង១ម៉ែត្រ និងត្រូវអ្នកស្រុកហៅឈ្មោះ ថា ពស់ថ្នាំងអំពៅ ឬពស់ក្រាយ បានលូនចូល មកក្នុងមុងរបស់គាត់ និងបានចាំជើងខាងស្តាំ របស់ប្រពន្ធគាត់ចំនួន២ដង បណ្តាលឱ្យមុត ចំនួន៤ចង្កូម។ ភ្លាមនោះ ប្រពន្ធបានភ្ញាក់ពីដំណេក ស្រែកឆោឡោថា មានសត្វអ្វីម៉្យាងខាំជើងរបស់ នាង ទើបគាត់ជាប្តីស្ទុះងើបឡើងរកមើលឃើញ ពស់ថ្នាំងអំពៅនៅក្នុងមុង ក៏វាយរហូតដល់ងាប់ បន្ទាប់មក គាត់បានសួរប្រពន្ធថា ឈឺចុកចាប់ឬ អត់ ពេលនោះប្រពន្ធគាត់ក៏ឆ្លើយថា អត់ឈឺទេ ទើបពួកគាត់ដែលមិនដឹងថា ពស់ប្រភេទនេះ មានពិសខ្លាំង ម៉្យាងយប់ជ្រៅមិនមានមធ្យោ- បាយធ្វើដំណើរដឹកប្រពន្ធទៅពេទ្យផង ទើប គិតថាមិនអី ក៏នាំគ្នាដេកលង់លក់វិញទៅ។

បុរសជាប្តីស្ត្រីរងគ្រោះ បញ្ជាក់ថា ស្រាប់- តែមកដល់ព្រឹកឡើងប្រពន្ធរបស់គាត់ បាន ស្រែកឈឺចុកចាប់យ៉ាងខ្លាំង ទើបគាត់ឃើញ ប្រពន្ធមិនស្រួល ក៏រត់ទៅប្រាប់មេភូមិឱ្យជួយ ដឹកតាមម៉ូតូបញ្ជូនប្រពន្ធទៅសង្គ្រោះនៅមណ្ឌល សុខភាពឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ លុះទៅ ដល់គ្រូពេទ្យប្រាប់ថា មិនមានថ្នាំបន្សាបពិស ពស់ ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ប៉ៃលិន ឱ្យជួយសង្គ្រោះវិញ។

តាមប្រភពពីក្រុមគ្រូពេទ្យប្រចាំមន្ទីរពេទ្យ ខេត្តប៉ៃលិន បានឱ្យដឹងថា ដោយសារតែជន- រងគ្រោះមិនប្រញាប់មកមន្ទីរពេទ្យ ទទួលការ ព្យាបាល ក្រោយពីត្រូវពស់ចឹកភ្លាមៗហេតុនេះ ពិសពស់បានជ្រាបចូលពេញខ្លួនស្ត្រីរងគ្រោះ ទៅហើយ ហេតុនេះទោះជាគ្រូពេទ្យប្រើថ្នាំ បន្សាបជាតិពិសយ៉ាងណាក៏មិនអាចទៅរួចដែរ មានតែបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបងបន្តទៀត។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរងគ្រោះហាក់មានសង្ឃឹមតិចតួចបំផុត ព្រោះ តែជាតិពិសជ្រាបសព្វពេញខ្លួនប្រាណទៅហើយ ហើយបើជ្រាបដល់បេះដូង នឹងបណ្តាលឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ជាមួយនេះ ក្រុមគ្រូពេទ្យបានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាជនបទដាច់ស្រយាល ឬតំបន់ព្រៃភ្នំ សម្បូរទៅដោយសត្វអសិរពិស ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះ រដូវមានភ្លៀងធ្លាក់ សត្វអសិរពិសទាំងនោះ ចេញមកច្រើន ហើយប្រសិន​​បើត្រូវសត្វមាន ពិសទាំងនោះខាំ ពិសេសពស់ចឹក ត្រូវប្រញាប់ មកទទួលការព្យាបាល ពីមន្ទីរពេទ្យឱ្យបានទាន់ ពេលវេលាកុំធ្វេសប្រហែស ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

រតនៈ

 

RELATED ARTICLES