ខេត្តតាកែវ ៖ រដ្ឋបាលស្រុកគិរីវង់ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានចុះអន្តរាគមន៍សង្គ្រោះកម្មករ-កម្មការិនី ចំនួន ២៦នាក់ (ស្រី២៤នាក់) ដែលបានដួលសន្លប់ ជាបន្តបន្ទាប់ ខណៈកំពុងបំពេញការងារនៅក្នុងរោង ចក្រកាត់ដេរ ហ្គោលឌិន ភីស ស្ថិតក្នុងភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ក្រោយទទួលបានព័ត៌មានភ្លាមៗ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានចុះសួរ សុខទុក្ខ និងណែនាំដល់ក្រុមគ្រូពេទ្យនៅមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការតាមដានស្ថានភាពអាការ និងព្យាបាល បងប្អូនកម្មករ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ទន្ទឹមនឹងនោះ លោកងួន ឌីណា អភិបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុក ចុះជួយសម្របសម្រួល និងដឹកជញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ទាន់ពេលវេលា។ បើតាមការសន្និដ្ឋានបឋមរបស់លោកអភិបាលស្រុក ករណីដួលសន្លប់នេះ គឺបណ្តាលមកពីអារម្មណ៍ភ័យស្លន់ស្លោ តៗគ្នា (តក់ស្លុត)។

ដោយឡែក លោកម៉ឹង វិរីយ៉ា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានចុះសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីអនុញ្ញាតឱ្យកម្មករទាំងអស់សម្រាកការងារមួយរសៀលសិន។ ចំពោះកម្មករដែលដួល សន្លប់ ទាំង ២៦នាក់ ត្រូវបានអនុញ្ញាតឱ្យសម្រាក ព្យាបាលរហូតដល់សះស្បើយ ទើបត្រឡប់មកធ្វើការវិញ ដោយពុំមានការកាត់ប្រាក់ឈ្នួលឡើយ។

គួរបញ្ជាក់ថា រោងចក្រកាត់ដេរ ហ្គោលឌិន ភីស មានកម្មករបម្រើការងារ សរុបចំនួន ១២៣៩នាក់ ហើយស្ថាន ភាពអ្នកដែលដួលសន្លប់ មកទល់ពេលនេះមានសភាពធូរស្រាល និងស្ថិតក្រោមការមើលថែយ៉ាងដិតដល់ពីសំ ណាក់គ្រូពេទ្យជំនាញ៕