ខេត្តប៉ៃលិន ៖ យុវតីរូបស្រស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង ទាំងវ័យក្មេង ធ្វើឱ្យបុរសជាឪពុក រន្ធត់ចិត្ត សោកស្តាយស្រណោះជីវិតកូនស្រីជាពន់ពេក ដោយពោលពាក្យថា មច្ចុរាជអយុត្តិធម៌ណាស់ បានដកយកកាដូដ៏មានតម្លៃបំផុតរបស់លោក ទៅបាត់ជារៀងរហូត។

គួរបញ្ជាក់ថា យុវតីរូបស្រស់ម្នាក់ ឈ្មោះញឹម សុវត្តី អាយុ១៩ឆ្នាំ ដែលទើបនឹងរៀនចប់ថ្នាក់ទី១២ និងកំពុងបន្តកាសិក្សានៅសាកលវិទ្យាល័យ ឆ្នាំទី១ បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្បែរផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បន្ទាប់ពីកូនស្រីជាទីស្រលាញ់ស្មើនឹងកែវភ្នែក បានចាកចោលទៅ ដោយគ្មានថ្ងៃត្រឡប់ បុរសជាឪពុកយុវតីខាងលើ បានបង្ហាញនូវអារម្មណ៍សោកសង្រេងរបស់ខ្លួន តាមរយៈសំណេរដ៏គួរសង្វេគថា “១៨ឆ្នាំមុន ប៉ាធ្លាប់ដណ្តើមជីវិតកូន ពីដៃគ្រូពេទ្យ តែហេតុអ្វីពេលនេះ ប៉ាមិនអាចដណ្តើមកូនពីមច្ចុរាជបាន? កាលពី ១៨ឆ្នាំមុន នៅពេលគ្រូពេទ្យ សួរប៉ាថា “តើយកម្តាយ ឬយកកូន?” ប៉ាបានឆ្លើយទាំងមិនរួញរាថា “យកទាំងពីរ” ព្រោះជីវិតកូន គឺជាដង្ហើមរបស់ប៉ា។ ប៉ាខំថែរក្សា បញ្ចុកបាយទឹក បង្រៀនឱ្យដើរ រហូតកូនធំដឹងក្តី មានសម្រស់ស្អាតយ៉ាងនេះ តែចុងក្រោយ កូនបែរជាទុកឱ្យប៉ានៅឯកាក្នុងលោកដែលគ្មានរូបកូនទៅវិញ។ សេចក្តីស្លាប់ ពិតជាអយុត្តិធម៌ណាស់ មច្ចុរាជ បានដកយកកាដូដ៏មានតម្លៃបំផុតរបស់ប៉ា ទៅបាត់ជារៀងរហូត។ សូមឱ្យវិញ្ញាណ ក្ខន្ធកូនស្រី ទៅបានសុខ និងមានវាសនាខ្ពស់ក្នុងជាតិខាងមុខ…”។

ដោយឡែក មិត្តភក្តិយុវតីរងគ្រោះ ជាច្រើន បានបង្ហាញនូវអារម្មណ៍សោកសៅ និងរន្ធត់ចិត្តគ្រប់ៗគ្នា នៅពេលទទួលបានដំណឹងដ៏សោកសៅនេះ ក្នុងនោះមិត្តភក្តិក្នុងក្រុមរបាំត្រុដិ ដែលយុវតីខាងលើធ្លាប់ជាសមាជិកដែរនោះ បានបង្ហោះសារដោយក្តីអាឡោះអាល័យថា “ឯណាពាក្យអ្ហែងថា ឆ្នាំក្រោយ យើងចង់ហាត់ជាមួយអ្ហែងទៀត? ម៉េចឯងធ្វើអត់បានចឹង? ចូលរួមរំលែកទុក្ខផងណា សមាជិកកូនក្រុមរបស់ខ្ញុំអើយ! លឿនពេកហើយ ទទួលយកអត់បានទេ កូនចង្ក្រឹងកម្សត់អើយ! ស្អាត ឆ្លាត ពូកែ ហេតុអីក៏ទៅលឿនបែបហ្នឹង អត់ប្រាប់សូម្បីបន្តិច (ក្រុមត្រុដិ ២០២៥)។ គាត់មានវិបត្តិផ្លូវចិត្ត (គិតខ្លី)…”។
គួរបញ្ជាក់ថា យុវតីដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនពេទ្យធ្មេញ បានយកក្រមា ចងកភ្ជាប់នឹងចម្រឹងបង្អួចផ្ទះរបស់ខ្លួន បញ្ចប់ជីវិត ខណៈដែលគេសង្ស័យថា មានវិបត្តិផ្ទាល់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្បែរផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា យុវតីគិតខ្លីខាងលើ មានឈ្មោះញឹម សុវត្តី អាយុ១៩ឆ្នាំ រៀនចប់ថ្នាក់ទី១២ និងបន្តការសិក្សានៅសាកលវិទ្យាល័យ ឆ្នាំទី១ រស់នៅក្នុងភូមិត់ខាងលើ បានយកក្រមាចងកភ្ជាប់នឹងចម្រឹងបង្អួច ក្នុងបន្ទប់របស់ខ្លួន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវតីរងគ្រោះ រស់នៅក្នុងភូមិខាងលើ មានឪពុក ជាពេទ្យធ្មេញ។ មុនពេលកើតហេតុ យុវតីខាងលើ បានធ្វើដំណើរមកលេងផ្ទះ ដើម្បីជួបជុំក្រុមគ្រួសារ នាថ្ងៃចុងសប្តាហ៍ ហើយមានទឹកមុខស្រងូតស្រងាត់ខុសពីធម្មតា តែគ្មានអ្នក ណាចាប់អារម្មណ៍សួរនាំអ្វីនោះឡើយ ណាមួយពេលសួរនាំ ក៏នាងអត់ឆ្លើយជាមួយទេ។ លុះក្រោយមក នាងបានចូលទៅក្នុងបន្ទប់ បិទទ្វារជិត តាំងពីព្រឹក រហូតដល់ពេលថ្ងៃ អត់ឃើញចេញមកទទួលទានអាហារនោះទេ។ ប៉ុន្តែដោយសារក្រុមគ្រួសារចាំបាត់ៗ ហៅមិនឆ្លើយ ដោយសង្ស័យថាអាចនឹងមានរឿងអ្វីកើតឡើង ក៏គាស់សោ ដើម្បីចូលទៅមើលក្នុងបន្ទប់របស់នាង ស្រាប់តែឪពុកម្តាយមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញកូនក្រមុំ បានចងកជាប់ចម្រឹងងបង្អួច ក៏ប្រញាប់ទាក់ទងតាមទូរស័ព្ទ ហៅអាជ្ញាធរភូមិ និងសមត្ថកិច្ចនគរបាល ចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវតីរងគ្រោះ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន រួចប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕