ភ្នំពេញ ៖ ស្រ្តីម្នាក់ យំទឹកភ្នែកហូររហាមកាន់កន្រ្តកដាក់បន្លែ រត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ បន្ទាប់ពីរវល់ចូលទិញ យកបន្លែនៅក្នុងផ្សារជម្ពូវ័ន សង្កាត់ចោមចៅ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ លុះចេញមកវិញចោរលួចកាច់សោកម៉ូតូជិះយកទៅបាត់ បន្សល់ទុកកន្រ្តកដាក់បន្លែមួយ ។
ស្រ្តីរងគ្រោះមានឈ្មោះ ម៉ប់ សុភា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុក រមាសហែក ខេត្តស្វាយរៀង ។ ម៉ូតូដែលចោរលួចកាច់កយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-1581។
តាមការយំរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរ ស្រ្តីខាងលើបានឲ្យដឹងថា ស្ថានភាពជីវភាពគ្រួសារកំពុងតែក្រក្សត់ផង រកសុីរបរលក់ដូរបន្តិចបន្តួចមុខផ្ទះគ្រាន់ដោះទ័ល មានម៉ូតូមួយគ្រឿងជាមធ្យោបាយក្នុងគ្រួសារ ឥឡូវពេលនេះត្រូវបានអ្នកអត់ឃ្លានជាងគាត់លួចយកទៅបាត់ហើយ ។ ស្រ្តីខាងលើបន្តទៀតថា មុនពេលកើយហេតុ ខណៈដែលចូលផ្សារជម្ពូវ័ន ដោយចតម៉ូតូដាក់នៅខាងមុខ រវល់តែចូលជញ្ជូនបន្លែ ចំងាយប្រហែល៥០ម៉ែត្រពីកន្លែងចតម៉ូតូ ដើរចេញមិវិញ ចោរលួចកាច់សោក យកម៉ូតូទៅបាត់បន្សល់ទុកតែកន្ត្រកដាក់បន្លែមួយ ។
ក្រោយពីដឹងថា ចោរលួចជិះយកទៅបាត់ហើយ អស់សង្ឃឹម មានតែដើរកាន់យួរកន្រ្តកបន្លែទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយស្រាវជ្រាវរកម៉ូតូខ្លួន ៕