ភ្នំពេញៈ យុវជនជាកម្មករយាមឃ្លាំងហ្គាសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើបេតុងក្នុងឃ្លាំង ដោយសង្ស័យថា ត្រូវ រថយន្តដឹកហ្គាសថយកិនស្លាប់ ហើយអ្នកបើករថយន្តបានបិទទ្វារឃ្លាំងទុកសពចោល រួចបើកគេចបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតមានកាភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅចំ ណុចឃ្លាំងហ្គាស ១កន្លែង ស្ថិតក្នុងភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើ មានឈ្មោះផល សុភាព ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករយាមឃ្លាំងហ្គាស ស្ថិតក្នុងភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានលំនៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្នាក់នៅយាមឃ្លាំង ស្ថិតក្នុងភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាព្រឹកកើតហេតុ ស្ត្រីជាម្តាយមីង បានយកបាយទៅឱ្យក្មួយ (យុវជន រងគ្រោះ) ដូចសព្វដង ក៏ស្រាប់តែពេលទៅដល់ ប្រទះឃើញក្មួយប្រុស ដេកស្លាប់លើបេតុង នៅក្នុងឃ្លាំងបាត់ទៅហើយ បង្កឱ្យមាន ការភ្ញាក់ ផ្អើលតែម្តង។

តាមព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកស៊ីទែនហ្គាស១គ្រឿង បានបើកចូលទៅក្នុងឃ្លាំងទីតាំង កើតហេតុខាងលើ ក្រោយមកស្រាប់តែបិទទ្វារឃ្លាំង រួចបើកចេញទៅបាត់ ដោយពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ លុះក្រោយមក នៅពេលដែលម្តាយមីងយកបាយទៅឱ្យក្មួយ ស្រាប់តែប្រទះឃើញសពដេកស្លាប់រួចទ្រហូរយំបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

តាមភិនភាគនិងស្លាកស្នាមជនរងគ្រោះ គេសង្ស័យថាត្រូវរថយន្តដឹកហ្គាសថយកិនស្លាប់ខណៈពេលដែលរថយន្តដឹកហ្គាសយកទៅដាក់ នៅក្នុងឃ្លាំង។

តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ឃ្លាំងខាងលើត្រូវបានម្ចាស់ជួលដាក់ហ្គាសទើបតែបាន២ថ្ងៃ ហើយឱ្យកម្មកររងគ្រោះយាមតែ ម្នាក់ឯង មិននឹកស្មានថា កើតមានរឿងបែបនេះសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែកើតហេតុធ្វើការស្រាវជ្រាវ ដើម្បីឈានទៅឃាត់រថយន្តបង្ក គ្រោះថ្នាក់ខាងលើ មកចាត់ការតាមច្បាប់៕