ភ្នំពេញ ៖ យុវតី ២នាក់បងប្អូនបង្កើត បានកើតមានចិត្តគុំកួនជាមួយជីដូនបង្កើតរបស់ខ្លួន មួយរយៈមកហើយ ព្រោះតែខឹងជីដូន ស្តីបន្ទោស ហាមឃាត់មានស្នេហាក្នុងវ័យសិក្សា រហូតដល់រួមគំនិតគ្នាហៅជីដូន ចូលបន្ទប់ រួចចាក់លបចាក់ ១កាំបិត ចំកណ្តាលខ្នង បណ្តាលឱ្យជីដូនស្លាប់ក្នុងថ្លុកឈាម។ ចំណែកចៅស្រី ទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ ចៅស្រី ២នាក់ ចាក់សម្លាប់យាយបង្កើតខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៣អា ផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ទើបកើតមានការភ្ញាក់ផ្អើល និងឈានដល់ការឃាត់ខ្លួនជនដៃដល់ ជាចៅស្រី ២នាក់។
ស្ត្រីរងគ្រោះដែលត្រូវចៅស្រី ២នាក់ ចាក់សម្លាប់ មានឈ្មោះ ទី គង់ អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣អា ផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនដៃដល់ ទាំង២នាក់បងប្អូនបង្កើត ទី១-ឈ្មោះ សេង ច័ន្ទបូណ៌មី អាយុ១៩ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះសេង ហេងសានីកា អាយុ១៨ឆ្នាំ មុខរបរសិស្ស។ អ្នកទាំង២ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាមួយជនរងគ្រោះជាជីដូន។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីគ្រួសារ សាច់ញាតិថា មានមនុស្សស្លាប់នៅក្នុងមូលដ្ឋានភ្លាមៗ សមត្ថកិច្ចបានរាយការណ៍បន្ត ជូនមន្ត្រីជំនាញកោសល្យវិច័យ ហើយបានចុះទៅត្រួតពិនិត្យសព បែរជារកឃើញមានស្លាកស្នាមកាំបិត ចាក់ពីក្រោយខ្នងជនរងគ្រោះ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ចំនួន២នាក់ ត្រូវជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយជីដូន (ស្ត្រីរងគ្រោះ) នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។
នៅចំពោះមុខសមត្ថកិច្ច យុវតីសង្ស័យ ទាំង២នាក់បងប្អូន បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរួមដៃគ្នាចាក់សម្លាប់ជីដូនបង្កើត ប្រាកដមែន។

ជនសង្ស័យ ទាំង២នាក់ បានសារភាពបន្តថា មុនកើតហេតុ នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ខ្លួនបានចុះទៅហៅជីដូនដែលកំពុងសម្រាន្តនៅក្នុងមុង ឱ្យឡើងទៅបន្ទប់ខាងលើ មួយភ្លែត លុះពេល ជីដូនឡើងទៅដល់ ពួកខ្លួនបានយកកាំបិតចុង ស្រួច ចាក់ទៅលើជីដូន ចំខ្នង ចំនួន១កាំបិត បណ្តាលឱ្យហូរឈាមស្លាប់តែម្តង។
ជនសង្ស័យ ទាំង២នាក់ បានសារភាពបន្តទៀតថា ចំពោះមូលហេតុដែលឈានដល់អំពើឃាតកម្ម ចាក់សម្លាប់ជីដូនបង្កើតនេះ គឺដោយសារតែពួកខ្លួនបានគុំកួននឹងជីដូន ជាយូរមកហើយ ព្រោះតែជីដូន តែងស្តីបន្ទោស និងហាមឃាត់ពួកខ្លួន មិនឱ្យមានស្នេហា ក្នុងវ័យសិក្សា។

យុវុតីសង្ស័យ ទាំង២នាក់បងប្អូនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកកសពស្ត្រីរងគ្រោះ ជាជីដូន ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕