Thursday, April 9, 2026
Homeព័ត៌មានជាតិខ្មែរ ត្រូវប្រើគ្រប់មធ្យោបាយ ទាមទារឲ្យថៃ ដកទ័ពឈ្លានពានចេញពីទឹកដីកម្ពុជា

ខ្មែរ ត្រូវប្រើគ្រប់មធ្យោបាយ ទាមទារឲ្យថៃ ដកទ័ពឈ្លានពានចេញពីទឹកដីកម្ពុជា

ភ្នំពេញ ៖ អ្នកវិភាគ អ្នកនយោបាយ និងអ្នកឃ្លាំមើល បានលើកឡើងថា ដើម្បីទាមទារឲ្យថៃ ដកកងទ័ពឈ្លានពានចេញពីទឹកដីកម្ពុជា តាមតំបន់ព្រំដែន រួមមាន ព្រះវិហារ ឧត្ដរមានជ័យ និងបន្ទាយមានជ័យ ពោធិ៍សាត់ ជាដើម ដែលថៃ កំពុងឈ្លានពានកាន់កាប់ រំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះ កម្ពុជា ត្រូវប្រើគ្រប់មធ្យោបាយ ។ ក្នុងនោះការធ្វើបាតុកម្មដោយសន្តិវិធី នៅតាមតំបន់ព្រំដែន ឬតំបន់ដែលពលរដ្ឋខ្មែររងគ្រោះបាត់បង់ផ្ទះសម្បែង លំនៅឋាន ដោយសារចោរសៀម ដណ្ដើមយក នៅទូទាំងប្រទេស ក្នុងថ្ងៃតែមួយ គឺជាមធ្យោបាយមួយ ដែលគួរតែធ្វើឲ្យបានផុលផុស ប្រសើរជាងនៅសំងំស្ងៀម ឲ្យចោរបរទេស ចូលឈ្លានពាន រំលោភបំពានតាមចិត្ត ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានបញ្ជាក់តាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ខ្មែរយើង ត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីទាមទារឲ្យសៀម ដកទ័ពឈ្លានពានចេញពីទឹកយើង ឲ្យអស់ គឺយើងមានគំនិតខ្លួនយើង ចេះតែទាមទារទៅ ។ ឧទាហរណ៍ យើងធ្វើបាតុកម្ម ទូទាំងប្រទេស ថ្ងៃតែមួយ ទាមទារឲ្យសៀម ដកកងទ័ពចេញពីកម្ពុជា ។ ក្រៅពីជ័យឃោស យើងអាចដុតរូបមេទ័ពសៀម នាយករដ្ឋមន្ត្រីសៀម និងទង់ជាតិសៀម …។ លោកបណ្ឌិត បន្តថា បើឲ្យបាត់បង់ទឹកដី មេៗនឹងត្រូវគេថា បរាជ័យមិនខាន ហើយបើនៅស្ងៀម មិនធ្វើអ្វីសោះ យើងច្បាស់ជាបាត់ដីដែលសៀម កំពុងកាន់កាប់ហើយ ។ ជាពិសេស លោកថា ចង់គេថា គោបាត់ទើបធ្វើរបង ក៏ថាទៅចុះ ព្រោះនៅមានគោ ឯទៀតដែលត្រូវការពារកុំឲ្យបាត់ដូចមុន ។

បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ថា ក្រៅពីយន្តការកិច្ចព្រមព្រៀងក្រុងប៉ារីស យន្តការអង្គការសហប្រជាជាតិ យន្តការការទូត និងមធ្យោបាយផ្សេងៗទៀត បើមានការចូលរួមគាំទ្រ សហការពីរដ្ឋាភិបាល លោកគិតថា គួរតែនាំគ្នាធ្វើបាតុកម្មទូទាំងប្រទេស ឬធ្វើបាតុកម្មនៅជាប់ព្រំដែន រៀងរាល់ ១ខែម្ដង ដើម្បីទាមទារយកទឹកដីខ្មែរយើង មកវិញ ជាងនៅស្ងៀម ឬបានត្រឹមតែស្រែកថា “អរគុណសន្តិភាព” និងជាជាងប្រទេចផ្ដាសាទិតៀនគ្នា ជាគំនុំបុគ្គល គឺត្រូវរួមគ្នាបញ្ជាក់ពីសាមគ្គីភាពជាតិ ទិតៀនគំនិត សកម្មភាពគោលនយោបាយ ទុករឿងបុគ្គល មួយឡែក ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “គ្រាន់តែមានចំណុចជាគោលធំៗហ្នឹង គឺយើងអាចធ្វើបាន ដូចជាប្រសិនជាគេចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ច្បាប់ទី២ ស្ដីពីការធានាអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា ហ្នឹងមានសុពលភាពទេ យើងប្រើប្រាស់អាហ្នឹងទៅ យើងទៅតវ៉ាទៅ រួចតវ៉ាតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺគេមានយន្តការរបស់គេ ។ អ៊ីចឹងធ្វើតាមយន្តការរបស់គេ គឺសរសេរទៅប្រទេសហត្ថលេខីទាំងអស់ រៀបរាប់អំពីការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីរបស់យើង ព្រោះថៃ ហ្នឹងជាភាគីហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងស្ដីអំពីការធានាអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្មែរយើងហ្នឹង ព្រោះគេសរសេរច្បាស់ណាស់ថា កាតព្វកិច្ចសន្ធិសញ្ញាហ្នឹង មិនមែនកាតព្វកិច្ចទេ គឺរក្សាការពារបូរណភាពទឹកដីរបស់ខ្មែរយើងដែរ របស់ប្រទេសខ្លួនហ្នឹង ហើយប្រទេសហត្ថលេខីឯទៀត សន្យាជាឱឡារិកថា ទទួលស្គាល់និងគោរពអធិបតេយ្យ បូរណភាពទឹកដី ភាពមិនអាចរំលោភបាននៃដែនដីកម្ពុជាយើងហ្នឹង ហើយនិងឯករាជ្យ និងរឹងមាំ ហើយក្នុងកិច្ចព្រមព្រៀងហ្នឹង បើសិនជាមានយន្តការដោះស្រាយការរំលោភបំពានកិច្ចព្រមព្រៀងហ្នឹង ។ ឧបមាថា ដូចជាថៃ អ៊ីចឹង បំពានទឹកដីខ្មែរ មានន័យថា បំពានកិច្ចព្រមព្រៀងហ្នឹងហើយ កិច្ចសន្យាដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង មានន័យថា អត់ទទួលស្គាល់និងអត់គោរពបូរណភាពទឹកដីរបស់ខ្មែរយើងទេ អ៊ីចឹងយន្តការគេ គឺប្រទេសហត្ថលេខីទាំងអស់ អាចប្រជុំគ្នា ឬមួយក៏សូមឲ្យសហប្រធាននៃសន្និសីទទីក្រុងប៉ារីសហ្នឹង គេជួយដោះស្រាយ។ ទី៣ គឺយន្តការអង្គការសហប្រជាជាតិនេះ ។ ប៉ុន្តែវាមានភាពងាយស្រួល ដោយសារយើងនៅតវ៉ាបានរហូត គឺថាបើថា សរសេរហើយ គេអត់ចាត់ការបំពេញកាតព្វកិច្ចរបស់គេ យើងរំលឹកគេទៀត ហើយប្រជាពលរដ្ឋយើង អាចគាំទ្ររដ្ឋាភិបាលទៀត ធ្វើបាតុកម្ម ធ្វើអី នៅភ្នំពេញ នៅមុខស្ថានទូតនានាអ៊ីចឹងទៅ ដើម្បីសុំឲ្យគេបំពេញកាតព្វកិច្ចនៅក្នុងកិច្ចព្រមព្រៀងហ្នឹង ។ អាហ្នឹង១ អាហ្នឹងបើសិនជាថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានសុពលភាព ខ្ញុំនិយាយឧបមាអ៊ីចឹង“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “រឿងទី២ ការទូតហ្នឹង យើងមិនទាន់មានការប៉ិនប្រសប់ក្នុងការធ្វើឲ្យគេស្គាល់ថាល្អ នៅក្នុងពិភពលោកនៅឡើយទេ ហើយយើងត្រូវរៀនសូត្រពីរបៀបគេធ្វើ កាលពីវៀតណាម ចូលឈ្លានពានកម្ពុជា ឆ្នាំ១៩៧៨ ចូល១៩៧៩ ហ្នឹង ។ អាហ្នឹងមានសកម្មភាពសន្ធឹកសន្ធាប់ណាស់ គឺការប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខ ហើយមានសម្ដេចសីហនុ តំណាងកម្ពុជាប្រជាធិបតេយ្យហ្នឹង ដែលទៅតវ៉ា ប្ដឹងវៀតណាម នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ហើយសូវៀត វេតូទៅ ក៏ធ្លាក់មកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ កោះប្រជុំសន្និសីទអន្តរជាតិមួយ ។ ក៏ប៉ុន្តែខាងសូវៀត វៀតណាមហ្នឹង គេអត់ចូលរួម ។ ប៉ុន្តែទោះយ៉ាងណាក៏មានទម្ងន់ដែរ ហើយក៏គេព្យាយាមរឿងហ្នឹង មកមហាសន្និបាត ។ រាល់ឆ្នាំ មហាសន្និបាតនៃអង្គការសហប្រជាជាតិ ប្រជុំពីរឿងខ្មែរ ហើយធ្វើសេចក្ដីសម្រេចចិត្តមួយ ថាសុំឲ្យកងទ័ពបរទេស ដកចេញពីប្រទេសកម្ពុជា ហើយឲ្យគោរពអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជាយើងទៅ ។ ប៉ុន្តែអាហ្នឹងគឺមានការទូតសម្បើមណាស់ មហាសន្និបាតហ្នឹង អាស៊ាន ៥ប្រទេសហ្នឹង គេដឹកមុខ ។ ដល់មានគេដឹកមុខ ធ្វើសេចក្ដីព្រាងសេចក្ដីសម្រេចចិត្ត ដាក់ជូនទៅមហាសន្និបាត ជជែកគ្នា វែកញែករួចទៅ ហើយបោះឆ្នោត ហើយក្រោម ១០០ប្រទេស គឺថាគាំទ្រ ប៉ុន្តែក្រោយៗមក ដោយសារកិច្ចការទូតហ្នឹង បានមានប្រសិទ្ធភាព ក៏បានឡើងជាង១០០ទៅ ទម្រាំដល់មានកិច្ចប្រជុំក្រុងប៉ារីស ហើយនិងធ្វើសេចក្ដីព្រាងច្បាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ហើយនិងធានាអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ។ អាហ្នឹងយន្តការការទូត ។ ឯយន្តការដែលប្រជាពលរដ្ឋ អាចធ្វើបាន ហើយប្រសិនជាមានរដ្ឋាភិបាល ជួយសហការ គឺយើងនាំគ្នាធ្វើបាតុកម្មនៅជាប់ដែនដី (ព្រំដែន) យើង ដែលសៀម ចូលមកកាន់កាប់ ឲ្យដកចេញ ហើយបើធ្វើនៅព្រំដែនមែន ខ្ញុំស្ម័គ្រចិត្តចូលរួមមួយរូបហើយ ហើយ ១ខែ ធ្វើម្ដងៗ គឺធ្វើបណ្ដាក់គ្នាដូចខ្យងអ៊ីចឹង ខាងក្រុមនេះទៅ ក្រុមនោះទៅម្ដង អីអ៊ីចឹងទៅ ហើយទូទាំងប្រទេស ក៏ល្អដែរ ឬកាន់តែល្អទៀត ដោយយើងកុំទាមទារត្រឹមតែស្រែកថា “យើងស្រលាញ់សន្តិភាពៗ” អត់បានការប៉ុន្មានទេ គឺថាទាមទារឲ្យកងទ័ពឈ្លានពាន ដកទ័ពចេញពីដែនដីប្រទេសកម្ពុជា“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ចំពោះសំណូរថា បើទាមទារនៅព្រំដែនអ៊ីចឹង តើវាគ្រោះថ្នាក់ទេ? ខ្ញុំសូមបញ្ជាក់អ៊ីចេះថា ក្នុងការតស៊ូ បើមិនហ៊ានប្រឈមគ្រោះថ្នាក់ទេ អាហ្នឹងយើងដេកតែពីងាប់ហើយ អាហ្នឹងយើងដេកតែពីចាញ់គេហើយ អាហ្នឹងទាល់តែហ៊ានអ៊ីចឹង ធម្មតានៅក្នុងពិភពលោក ជួនកាលនៅប្រទេសខ្លះ បង្រ្កាបបាតុកម្ម ប៉ូលិសបាញ់ ប៉ូលិសអីអ៊ីចឹងទៅ អាហ្នឹងនៅក្នុងប្រទេសផង ។ ប៉ុន្តែបាតុកម្មនេះ យើងធ្វើអហិង្សា ហើយគ្រាន់តែយើងពិគ្រោះយោបល់ពីអាជ្ញាធរ គឺមេបញ្ជាការតំបន់ហ្នឹង តើអាចទៅដល់ត្រឹមណាបានៗ? ហើយយើងកុំក្លាហានងងឹតងងុល គឺយើងក្លាហានតវ៉ា បញ្ចេញមតិ ព្រោះបើអាចធ្វើអ៊ីចឹងបាន វាប្រសើរជាងនៅស្ងៀម ហើយពង្រឹងសាមគ្គភាពជាតិ ហើយឲ្យនៅតែរស់រវើក គឺពេលឈ្លានពាន យើងអត់សុខចិត្តៗ! ហើយបើបានកាសែតអន្តរជាតិ គេចុះផ្សាយថែមទៀត អាហ្នឹងក៏កាន់តែល្អ បង្ហាញឲ្យគេឃើញថា យើងបានតវ៉ា រដ្ឋាភិបាលក៏តវ៉ា ហើយរដ្ឋាភិបាល ពេលមានការតវ៉ាពីប្រជាពលរដ្ឋ យើងយកកម្លាំងប្រជាពលរដ្ឋ ព្រោះទៅជជែកជាមួយគេអ្ហែ៎? មានតែយកប្រជាពលរដ្ឋតវ៉ាវិញ“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្ថែមថា “ដូច្នេះអាហ្នឹងមិនមែនមធ្យោបាយតែមួយទេ មានអីទៀត ហើយមានអ្នកខ្លះ គេអាចគិតរឿងអីផ្សេងទៀត ដូចជាសរសេរទៅអង្គការសហប្រជាជាតិ សរសេរទៅប្រទេសហត្ថលេខី ក្រុមនេះ ក្រុមនោះអីអ៊ីចឹងទៅ ហើយរឿងឯកភាពហ្នឹង ខ្ញុំមិនឲ្យសារៈសំខាន់ដូចសកម្មភាពជាក់ស្ដែងទេ ។ សព្វថ្ងៃ អ្នកណាជំទាស់រឿងហ្នឹង? ច្បាស់ជាឯកភាពហើយ យើងឯកភាពទៅលើសកម្មភាព ទៅលើគំនិត ព្រោះជំហរអ្នកប្រឆាំងរដ្ឋាភិបាល ចូលរួមរួបរួមគ្នា លើកលែងទោសអីហ្នឹង តើអាចជាកម្លាំងអីបន្ថែមមកហ្នឹង? ខ្ញុំអត់ទាន់ឮ ហើយឯកភាពជាតិយើងគ្រាន់បើដែរ ឯកភាពជាតិយើង ដោះស្រាយតាមការគោរពរដ្ឋធម្មនុញ្ញហ្នឹង វាចប់ហើយ ។ អ៊ីចឹងជារួមមកវិញ ការប្រើគ្រប់មធ្យោបាយ គឺមានអាចំណុចគោលៗ បីបួន ដែលខ្ញុំលើកឡើងហ្នឹង ហើយសំណូមពរឲ្យអ្នកដែលគេមានគំនិតល្អជាងគំនិតខ្ញុំ យកគំនិតហ្នឹងមក មិនមែនតែម្នាក់ទេ តែយើងមានគ្នាច្រើន ។ ម៉្លោះហើយ គឺអាចមានគំនិតអីផ្សេងៗទៀត ទាំងក្រៅប្រទេស ទាំងក្នុងប្រទេសហ្នឹង កុំឲ្យទាស់គ្នា ជេរប្រទេចផ្ដាសាគ្នា អត់បានការអីទេ គឺបើមិនបានឯកភាពទេ គឺឈប់ជេរប្រទេចផ្ដាសាគ្នាទៅ ឈប់ទិតៀនបុគ្គល ទិតៀនសកម្មភាព ទិតៀនគំនិត សកម្មភាពគោលនយោបាយ ទុករឿងបុគ្គល មួយឡែកទៅ ។ មកទល់សព្វថ្ងៃនេះ គឺយើងច្របូកច្របល់រឿងហ្នឹង ហើយបើសិនជាលើកបញ្ហាមក ផ្ដល់ដំណោះស្រាយផង កុំលើកយកមកតែទិតៀន យើងមានបញ្ហាមួយគំនរ វាត្រូវតែមានគំនិតមួយគំនរដែរ ដើម្បីដោះស្រាយ“ ។

ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា ក្នុងចំណោមមធ្យោបាយ ចំនួន៣ ដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងរួមមានការសរសេរទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមធ្យោបាយការទូត ជាដើមនោះ ការធ្វើបាតុកម្មដោយសន្តិវិធីអហិង្សា នៅទល់មុខតំបន់ព្រំដែន ដែលជាទឹកដីខ្មែរ ត្រូវសៀម ដណ្ដើមកាន់កាប់យកនោះ គឺជាមធ្យោបាយល្អ ដែលយល់ថា ខ្មែរគ្រប់និន្នាការ គួរតែនាំគ្នាចូលរួមអនុវត្ត ។ ហេតុដូច្នេះទើបគណបក្សជំនាន់ថ្មី គ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីជូនដំណឹងស្ដីពីការស្នើសុំធ្វើបាតុកម្មអហិង្សា នៅព្រំដែនខេត្តបន្ទាយមានជ័យ ដូចជា ភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន នៅក្រោយចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីទាមទារឲ្យសៀម ដកទ័ពចេញពីទឹកដីខ្មែរ ហើយយកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ក៏ដូចជាអនុស្សរណៈ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ មកដោះស្រាយឡើងវិញ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ការដែលគាត់ (ឡៅ ម៉ុងហៃ) គឺជារឿងល្អ ហើយស្របនឹងគណបក្សជំនាន់ថ្មី គ្រោងនឹងស្នើលិខិតមួយ ទៅក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ហ្នឹង ដើម្បីធ្វើបាតុកម្មដោយអហិង្សា សន្តិវិធី នៅទល់មុខកន្លែងដែលសៀម ឈ្លានពានយើងហ្នឹង ហើយអត់មានទៅនិយាយអីវែងឆ្ងាយ ក្រៅពីសុំឲ្យកងទ័ពសៀម ហើយនិងរដ្ឋាភិបាលសៀម ដកអ្វីដែលជាការរំលោភបំពានដីធ្លី បូរណភាពទឹកដី អធិបតេយ្យ មកលើកម្ពុជាហ្នឹង ឲ្យដកថយទៅរកប្រក្រតីភាពដើមឡើងវិញ ហើយឲ្យមានការប្ដឹងផ្ដល់ ការដោះស្រាយគ្នាដោយតុលាការអន្តរជាតិ តាមច្បាប់អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិ ជាសេនាធិការ ។ អ៊ីចឹងហើយ គណបក្សជំនាន់ថ្មី គ្រោងនឹងស្នើជាលិខិតមួយ ដើម្បីធ្វើបាតុកម្មអហិង្សា នៅតំបន់ដែលបាត់ដី ដែលសៀម យកហ្នឹង គឺនៅតំបន់ភូមិជោគជ័យ ណងចាន់ អតីតជំរំតស៊ូ ដែលខ្ញុំរស់នៅហ្នឹង ព្រៃចាន់ អីជាដើម ឬក៏តំបន់បឹងត្រកួន អីហ្នឹង ។ អានេះការគិតទុកហើយ ថាយើងនឹងត្រៀមធ្វើលិខិតទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើបញ្ហាហ្នឹង ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិហើយ យើងមិនអាចឲ្យនៅស្ងៀមស្ងាត់អ៊ីចឹងទេ រឿងរដ្ឋាភិបាល ជារឿងផ្ទៃក្នុងការពារជាតិ សន្តិសុខជាតិរបស់រដ្ឋាភិបាល ប្ដឹងឬមិនប្ដឹង ប្រតិកម្មបែបណាៗ ជារឿងបក្សកាន់អំណាច ។ ចំណែកបក្សក្រៅរដ្ឋាភិបាល តាមរយៈគណបក្សជំនាន់ថ្មី យើងធ្វើរបៀបគណបក្សជាដៃគូប្រកួតប្រជែងនយោបាយ ហើយក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល ដែលយើងជាជនជាតិខ្មែរ យើងត្រូវមានការឈឺចាប់ យើងត្រូវតែរកវិធីគ្រប់សព្វបែបយ៉ាង ដែលជាធម៌អហិង្សា មិនឲ្យមានគំនិតជ្រុលនិយម ឬក៏បង្កបញ្ហាណាទេ ក្រៅពីដោយសន្តិវិធី ហើយយើងនឹងទាមទាររកដំណោះស្រាយ ឲ្យសៀម ដកចេញពីតំបន់ដែលត្រួតត្រាទឹកដីខ្មែរ ចេញពីប្រទេសកម្ពុជា និងយកអ្វីដែលយើងមាន ដូចជាសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ក៏ដូចជាអនុស្សរណៈ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាដើម ក្នុងការដោះស្រាយ យើងមិនចង់ធ្វើសង្រ្គាម ហើយយើងអត់ចង់ទៅបំពានប្រទេសជិតខាងណាដែលដើរផ្ទុយអំពីច្បាប់អន្តរជាតិ រំលោភអធិបតេយ្យ បូរណភាពទឹកដី ហើយមិនចង់ធ្វើសង្រ្គាមទេ ក្រៅពីចង់បានសន្តិភាព មិនឲ្យកម្ពុជា បាត់ទឹក បាត់ដី ទៅលើសត្រូវបរទេសឈ្លានពានណា មកលើកម្ពុជា ព្រោះយើងជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយអតីតប្រទេសចុះហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ១៩៩១ រួមទាំងសៀម យួន ក៏ជាអតីតចុះហត្ថលេខី ធានាការពារ ទទួលស្គាល់ ហើយមិនអាចឲ្យរដ្ឋបរទេសណា មករំលោភអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹតរបស់កម្ពុជា បានឡើយ ។ នេះជាការមើលឃើញរបស់ខ្ញុំ” ៕  កុលបុត្រ

RELATED ARTICLES