ភ្នំពេញ ៖ លោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ពេលឡើងសវនាការសាលា ឧទ្ធរណ៍ លើបណ្តឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក ដាក់គុក ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ធិដ្ឋភាពជាមួយបរទេស” នោះ លោកបានសំណូមពរទៅតុលាការ ៣ចំណុច គឺ១-បដិសេធចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ២-សុំសម្រេចឲ្យរួចផុតបទចោទប្រកាន់ទាំងអស់ និង៣-សុំដោះលែងឲ្យមានសេរីភាព ពីពេលនេះតទៅ ដើម្បីជួយជាតិ ឲ្យមានការគាំទ្ររាជរដ្ឋាភិបាល ក្នុងការការពារ ទឹកដីដែលកំពុងរងការឈ្លានពានពីបរទេស ។

សូមបញ្ជាក់ថា នៅក្នុងការបន្តសវនាការលើសំណុំរឿងលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅថ្ងៃទីមួយ គឺកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានត្រឹមធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ លើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យជាប់គុក (ជាប់ឃុំក្នុងផ្ទះ) ២៧ឆ្នាំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ។ ចំណែកនៅថ្ងៃទីពីរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ចៅក្រមប្រឹក្សាជំនុំជម្រះ អនុញ្ញាតឲ្យសហមេធាវីរបស់លោក កឹម សុខា ធ្វើសេចក្តីសន្និដ្ឋាន សំណូមពរ និងមតិចុងក្រោយរបស់លោក កឹម សុខា ទៅកាន់អង្គសវនាការ។
ជាលទ្ធផល នៅល្ងាចថ្ងៃដដែលនោះ សាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេលប្រកាសសាលដីកា ដោយបានប្រាប់ថា នឹងជូនដំណឹងនៅពេលក្រោយ។
លោក ផែង ហេង សហមេធាវីការពារក្ដីលោកកឹម សុខា បញ្ជាក់ថា ចុងក្រោយនៃសវនាការ លោក កឹម សុខា បានធ្វើសំណូមពរ ៣ចំណុច ទៅកាន់អង្គសវនាការ គឺ ៖
ទី១- សុំឲ្យបដិសេធចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាអសារបង់ទាំងស្រុង ពីព្រោះបើតម្កល់សាលក្រមនេះ គឺមិនត្រឹមតែអយុត្តិធម៌សម្រាប់ខ្ញុំទេ គឺអយុត្តិធម៌ដល់ប្រទេសដែលរងការចោទថា ត្រូវរ៉ូវជាមួយខ្ញុំ ទាំងគេមិនបានដឹងអ្វីសោះ ហើយគេជាប្រទេសមានគុណជួយខ្មែរ។ ការបដិសេធសាលក្រម គឺដើម្បីប្រយោ ជន៍ប្រទេសកម្ពុជាយើងទាំងអស់គ្នា។
ទី២- សុំមេត្តាសម្រេចឲ្យខ្ញុំរួចផុតពីបទចោទប្រកាន់ទាំងអស់។ ព្រោះខ្ញុំគ្មានចេតនាក្បត់ជាតិ គ្មានគប់គិតត្រូវរ៉ូវជាមួយបរទេសទេ។ ខ្ញុំចង់ចូលរួមជួយជាតិ ចង់បង្ហាញសាមគ្គីភាពជាតិខ្មែរ ខ្ញុំស្រឡាញ់ជាតិខ្មែរ។
ទី៣- ចំពោះមុខ ខ្ញុំសុំឲ្យខ្ញុំមានសេរីភាព ពីពេលនេះតទៅ។ ខ្ញុំដឹងថា ខណៈបច្ចុប្បន្ននេះ ខ្ញុំអាចជួយជាតិ ខ្ញុំអាចស្រែកឲ្យមានការគាំទ្ររាជរដ្ឋាភិបាល ក្នុងការការពារទឹកដីដែលកំពុងរងការឈ្លានពាន ឲ្យគេជួយខ្មែរ ជួយរាជរដ្ឋាភិបាល បាន។

លោក មាជ សុវណ្ណារ៉ា អតីតសហការីលោក កឹម សុខា បច្ចុប្បន្នជាប្រធានគណបក្សជំនាន់ថ្មី ដែលបានចូលសង្កេតការណ៍ក្នុងបន្ទប់សវនាការ សាលាឧទ្ធរណ៍ ទាំងពីរថ្ងៃ បានកត់សម្គាល់ឃើញថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ តំណាងមេធាវីរាជរដ្ឋាភិបាល បានធ្វើការសន្និដ្ឋាន ចំនួន៣ចំណុច គឺ ៖ ទី១- ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះ ច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា ទុកជាអសារបង់ ។ ទី២. ស្នើឱ្យផ្តន្ទាទោសឱ្យធ្ងន់ធ្ងរ ។ ទី៣ ស្នើឱ្យសងសំណងខូចខាត យោងមាត្រា ២១-២២-២៣ និង២៦ នៃច្បាប់ក្រមព្រហ្មទណ្ឌ ។ ហើយលោកថា នៅសវនាការនោះ តំណាងមេធាវីរបស់លោក កឹម សុខា ក៏បានចាប់ផ្តើមបង្ហាញពីនីតិវិធីនៃអង្គហេតុនិងអង្គច្បាប់ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ដោយខុសច្បាប់ ដែលមិនមែនជាបទព្រហ្មទណ្ឌជាក់ស្តែង ហើយប្រព្រឹត្តល្មើសរំលោភទៅលើអភ័យឯកសិទ្ធិរបស់លោក កឹម សុខា ជាអ្នកតំណាងរាស្រ្ត និងភ័ស្តុតាងខុសច្បាប់ ដោយខ្សែអាត់កាត់តបាត់បង់ខ្លឹមសារដើម «ក្លែងក្លាយនិងទុច្ចរិត» យកមកចោទប្រកាន់ ដោយសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដោយបំពានអង្គហេតុនិងអង្គច្បាប់ ហើយផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ ឱ្យអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដ៏លេចធ្លោ ត្រូវជាប់ពន្ធនាគារ ២៧ឆ្នាំ ក្នុងទោសក្បត់ជាតិ ពីបទសន្និដ្ឋភាពជាមួយបរទេស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។
ជាមួយគ្នានោះដែរ លោកមាជ សុវណ្ណារ៉ា សង្កេតឃើញថា អ្វីដែលតំណាងមហាអយ្យការ និងមេធាវីដើមបណ្ដឹង នៅក្នុងរវនាការ លើកឡើងទាក់ទងនឹងការចោទលោកកឹម សុខា ហាក់ក្នុងហេតុផលនយោបាយ ច្រើនជាងហេតុផលក្នុងច្បាប់។ ដូច្នេះលោកស្នើសុំឱ្យដោះលែងលោក កឹម សុខា ដោយក្ដីខន្តី យោគយល់អធ្យាស្រ័យ ដើម្បីផ្សះផ្សា និងរួបរួមជាតិ ចៀសវាងប្រទេសជិតខាងមើលងាយកម្ពុជា ។
លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទ័ព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃយប់ទី៩ ខែមេសា ឆ្នាំ២០២៦ ថា «ខ្ញុំមិនខ្លាចការឈឺចាប់ទេ តែអ្វីដែលខ្ញុំខ្លាច គឺភាពអយុត្តិធម៌សង្គមជាតិ បន្តការរីករាលដុះដាលដល់អ្នកជំនាន់ថ្មី? ដូច្នេះគណបក្សជំនាន់ថ្មី ផ្លាស់ប្តូរពីការឈឺចាប់ សម្រាប់ជាតិប្រជាប្រកបដោយការផ្សះផ្សា និងជឿជាក់គ្នារវាងខ្មែរនិងខ្មែរ ។ ខ្ញុំឆ្លងកាត់រួចហើយ «ជាង១ទសវត្សកន្លងទៅនេះ ខ្ញុំបានអង្គុយនៅមុខចៅក្រមជំនុំជម្រះ ក្នុងរង្វង់ក្រចកសេះ រុំព័ទ្ធដោយមេធាវីរបស់ខ្ញុំ ៥រូប មេធាវីរដ្ឋាភិបាល និងតំណាងអយ្យការ ហើយនៅពីក្រោយខ្នងខ្ញុំ ក៏ពោរពេញដោយអង្គទូត អង្គការជាតិនិងអន្តរជាតិ នៅក្នុងសវនាការតុលាការ ៣ថ្នាក់ (ដំបូង ឧទ្ធរណ៍ និងកំពូល) ជាង៥៥លើក ក្នុងរយៈពេល ជិត៤ឆ្នាំ ដែលត្រូវចោទប្រកាន់ រហូតកាត់ទោស ២០ឆ្នា ពីបទឧក្រិដ្ឋ ថាជាមេដឹកនាំកុបកម្ម ចង់ផ្តួលរលំរដ្ឋាភិបាល ខណៈដែលរូបខ្ញុំ ត្រឹមតែកាន់ ក្បាលមេក្រូ ៥នាទីប៉ុណ្ណោះ ដោយបាននិយាយចង្អុលបង្ហាញពីអត្ថន័យ «សេរីភាពនៃការនិយាយស្តីនិងការបញ្ចេញមតិ» ធានានិងការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា? ដែលនេះគឺជាទោសទណ្ឌដោយហេតុផលនយោបាយ ។ ហើយ ២ថ្ងៃនេះ រូបខ្ញុំត្រូវបានអង្គុយនៅពីក្រោយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលរូបគាត់កំពុងអង្គុយនៅក្នុងរង្វង់ក្រចកសេះ ទល់មុខក្រុមប្រឹក្សាជំនុំជម្រះក្នុងសាលាក្តីឧទ្ធរណ៍ ក្នុងបណ្តឹងប្រឆាំងនឹងទោសក្បត់ជាតិ ពីបទសន្និដ្ឋភាពជាមួយបរទេស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខណៈការចូលរួមសង្កេតការណ៍ និងយកចិត្តទុកដាក់ពីបណ្តាអង្គទូតនានា និងអង្គការជាតិ-អន្តរជាតិ ពីអង្គសវនាការនេះ ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ថាវាជាហេតុផលនយោបាយ?” ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ថា ហេតុផលនយោបាយ គឺយើងដោះបញ្ហាដោយនយោបាយ អ្នកនយោបាយដោះដោយនយោបាយ វាអត់ដោះដោយការចោទប្រកាន់ព្រហ្មទណ្ឌនោះទេ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “គ្រប់គ្នា មិនត្រឹមតែខ្ញុំទេ ដែលថាជាអតីតសហការីផ្ទាល់ មនុស្សជំនិតរបស់លោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែបើយើងងាកទៅមើលវា ទៅមើលអង្គទូតនៃសហគមន៍អន្តរជាតិ មិនថាប្រទេសមហាអំណាចលោកខាងលិច និងសហភាពអឺរ៉ុប យើងឃើញគ្រប់បណ្ដាអង្គទូត យើងឃើញគ្រប់ប្រមុខថ្នាក់ដឹកនាំការទូត ឬក៏ប្រមុខនៃប្រទេសលោកសេរីហ្នឹង តែងតែឲ្យគុណតម្លៃទៅនឹងការដឹកនាំ សកម្មភាពនយោបាយរបស់លោក កឹម សុខា ផ្សារភ្ជាប់ទៅនឹងកែទម្រង់នៃអភិបាលកិច្ចល្អ រដ្ឋបាលសាធារណៈ ក្នុងកិច្ចការនយោបាយ តាមការអនុវត្តនីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ អ៊ីចឹងហើយគឺថា យើងមើលឃើញថា តើលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ហ្នឹង វាជាបទឧក្រិដ្ឋជាក់ស្តែង ឬក៏ក្បត់ជាតិ លក់ទឹក លក់ដី លក់ព្រៃព្រឹក្សា ឬក៏ក្បត់ជាមួយនឹងការចុះសន្ធិសញ្ញាឬក៏កិច្ចសន្យាណាជាមួយនឹងរដ្ឋបរទេសមួយណា ឬក៏ស្ថាប័នអន្តរជាតិធំៗ ធ្វើឲ្យប្រទេសជាតិ មានភាពវឹកវរ អស្ថិរភាព ដោយការប្រើហិង្សា ឬក៏ផ្តួលរំលំអីដែលរដ្ឋាភិបាល តែងតែចោទប្រកាន់បដិវត្តពណ៌ ឬក៏ចង់ផ្តួលរំលំ គឺសារនយោបាយ អត់មានអីក្រៅពីនិយាយអំពីគោលនយោបាយនៃគណបក្ស ហើយនៅជាមួយអតីតប្រធានអង្គការសិទ្ធិមនុស្ស ក៏និយាយអំពីគោលការណ៍ប្រជាធិបតេយ្យ ឲ្យពលរដ្ឋយល់ដឹងអំពីអ្វីទៅជាតួនាទី ជាសកម្មនៃការយល់ដឹងអំពីនយោបាយ ចូលរួមនយោបាយដើម្បីធ្វើការផ្លាស់ ប្តូរបែបអហិង្សា តាមរយៈការបោះឆ្នោតនៃប្រជាធិបតេយ្យ ។ អ៊ីចឹងប្រទេសកម្ពុជា គឺថា រដ្ឋធម្មនុញ្ញ បានធានានិងការពារឲ្យពលរដ្ឋយល់ដឹងអំពីកាតព្វកិច្ច ទៅនឹងពលរដ្ឋសកម្មពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់ប្រទេស“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ ទាំងខ្ញុំ ទាំងសហគមន៍អន្តរជាតិ ទាំងមជ្ឈដ្ឋានជាតិនិងមជ្ឈដ្ឋានអន្តរជាតិ គឺគេមើលឃើញថា រាល់ការចាប់លោក កឹម សុខា ដាក់ឃុំឃាំង រហូតកាត់ទោស 27ឆ្នាំ ឃុំនៅក្នុងផ្ទះទៅទៀត ហើយផ្ទុយទៅនឹងអ្វីដែលគេមើលឃើញ ក្រុមអ្នកច្បាប់ជាតិនិងអន្តរជាតិ ពិសេសមេធាវីរបស់លោក កឹម សុខា ហ្នឹង គឺថា ត្រូវបានបង្ហាញអំពីអ្វីដែលដើរផ្ទុយដោយអង្គហេតុ អង្គច្បាប់ ហើយយកអង្គហេតុ អង្គច្បាប់ហ្នឹងម កចង្អុលបង្ហាញបែបឥទ្ធិពលនៃសម្ពាធនយោបាយ ហេតុផលនៃនយោបាយ មិនមែនជាឧក្រិដ្ឋកម្ម បទល្មើសជាក់ស្ដែងណាដែលផ្ទុយទៅនឹងច្បាប់ នីតិវិធីក្រមព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ មាត្រា86 ហើយវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ នៃសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ក្នុងការនិយាយស្តីបញ្ចេញមតិ ហើយវាផ្ទុយទៅនឹងអ្វីដែលរដ្ឋធម្មនុញ្ញ ធានាការពារដល់អភ័យឯកសិទ្ធិ បុព្វហេតុនៃអភ័យឯកសិទ្ធិរបស់អ្នក តំណាងរាស្ត្រ ដែលកំពុងនៅជាតំណាងរាស្ត្រ ហើយការចាប់ចង ដោយចោទប្រកាន់ថា បទល្មើសជាក់ស្ដែង បែរជាយើងទៅកាត់ខ្សែអាត់សំឡេង ខុសពីការពិត ខុសនឹងខ្លឹមសារដើម គឺវាជាបទទុច្ចរិតមួយ ដែលជាការបង្ខំ ខុសនឹងវិជ្ជាជីវៈនៃអំណាចតុលាការ នៅក្នុងការចោទប្រកាន់ ។ អាហ្នឹងហើយជាចំណុចដែលខ្ញុំមើលឃើញថា ជាហេតុផលនយោបាយ ហើយមិនមែនតែបុគ្គលខ្ញុំ មើលឃើញថាជាហេតុផលនយោបាយ ព្រោះគាត់ជាអ្នកនយោបាយ មិនមែនជាការបង្កើតនូវការឧក្រិដ្ឋ បាញ់មនុស្សស្លាប់ភ្លាមភ្លាម ជាបទព្រហ្មទណ្ឌជាក់ស្ដែងអីទេ ។ អាទាំងអស់ហ្នឹងហើយ យើងឃើញថា សារនយោបាយរបស់គាត់ គឺធម៌អហិង្សា ហើយការដែលថា មានប្រទេស បរទេស មានអង្គទូតមានអង្គការ សុទ្ធតែជារឿងស្របច្បាប់នៃក្រសួងមហាផ្ទៃ ស្របច្បាប់នៃច្បាប់ប្រទេសជាតិ មិនដើរផ្ទុយពីរដ្ឋធម្មនុញ្ញ គឺថាគ្មានអីដែលត្រូវសម្តីបើកចំហ ក្នុងការធ្វើជាទីប្រឹក្សា ធ្វើជាការចង្អុលបង្ហាញបែបផែនប្រជាធិបតេយ្យ គឺយកការបោះឆ្នោត ធម៌អហិង្សា គឺមិនប្រើនូវមនោគមន៍វិជ្ជាជ្រុលនិយម ឬក៏គំនិតអគតិណាដែលឲ្យចេញជាហិង្សា ដើម្បីប៉ុនប៉ងផ្តួលរំលំអី វាអត់មាន ក្រៅពីបាតុកម្មអហិង្សា ដោះស្រាយដោយសន្តិវិធី តាមនិន្នាការនយោបាយ និន្នាការនយោបាយផ្ទុយគ្នា បក្សខុសគ្នា ទស្សនផ្ទុយគ្នា តែតម្កល់ផលប្រយោជន៍ជាតិនិងផលប្រយោជន៍ប្រជារាស្ត្រ ជាធំ ។ អាហ្នឹងខ្ញុំថា វាមិនមែនជាការចោទប្រកាន់រហូតដល់ទៅកាត់ទោសមនុស្សដែលជាអ្នកនយោបាយ មិនបានប្រព្រឹត្តនូវឧក្រិដ្ឋណាជាក់ស្ដែង ហើយយកទៅកាត់ទោសក្នុងច្បាប់ព្រហ្មទណ្ឌ ឲ្យធ្ងន់ធ្ងរដល់ទៅ 27ឆ្នាំ គ្រាន់តែហេតុផលនយោបាយ គឺយើងដោះបញ្ហាដោយនយោបាយ អ្នកនយោបាយដោះដោយនយោបាយ វាអត់មានអ្នកនយោបាយដោះដោយឧក្រិដ្ឋជន ដូចគេប្លន់ ឬក៏ឃាតកម្ម ឧក្រិដ្ឋជនលក់ដូរគ្រឿងញៀន ជួញមនុស្ស ឬក៏ឧក្រិដ្ឋជនអនឡាញ លក់ទឹកលក់ដី សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង អនុស្សរណៈណាដែលក្បត់ជាតិនោះទេ“ ។
ដោយឡែក ក្រោយបញ្ចប់សវនាការ នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា លោកកឹម សុខា បានសំណូមពរ ៣ចំណុច ដូចដែលលោកមេធាវី ផែង ហេង បានបញ្ជាក់ខាងលើ។
ទាក់ទងនឹងសំណូមពររបស់លោកកឹម សុខា ៣ចំណុច នៅក្នុងសវនាការសាលាឧទ្ធរណ៍នោះ លោក មាជ សុវណ្ណារ៉ា ចាត់ទុកជាបទពិសោធន៍សម្រាប់អ្នកនយោបាយ សម្រាប់គណបក្សប្រឆាំង និងគណបក្សក្រៅរដ្ឋាភិបាល ក្នុងការបែងចែកគ្នាឲ្យដាច់ រវាងការធ្វើនយោបាយបែបសុចរិត ស្មោះត្រង់ មិនស្ថិតនៅក្នុងហេតុផលនយោបាយ ទៅនឹងហេតុផលព្រហ្មទណ្ឌ ដូចដែលលោកបានលើកឡើង ។
លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ពីសំណូមទាំងបី របស់លោកកឹម សុខា នៅក្នុងសវនាការសាលាឧទ្ធរណ៍ថា “ …គាត់ (កឹម សុខា) ថា កុំចង់ដាក់បន្ទុកគាត់ឲ្យធ្ងន់ទោសឲ្យទៀត ព្រោះគាត់មិនមែនជាឧក្រិដ្ឋជនក្បត់ជាតិអីទេ ព្រោះគាត់អស់សាច់អស់ឈាមហើយ ហើយចង់បន្ថែមទោសអ្វីទៀត? បើសិនជាគាត់មានសិទ្ធិសេរីភាព គាត់នឹងចេញសេចក្ដីថ្លែងការណ៍ទៅទៀត កុំយកគាត់ទៅភ្ជាប់ជាមួយ ដែលរដ្ឋាភិបាលចោទ ហើយមកបញ្ជាន់ឲ្យគាត់មានទោស មានអីទៅទៀត គឺថា គាត់អាចចេញសេចក្ដីថ្លែងការណ៍គាំទ្រទៅដល់រដ្ឋាភិបាល ក្នុងការរួបរួមសាមគ្គី ក្នុងការកសាងជាតិទាំងអស់គ្នានៃជីវិតគាត់ចុងក្រោយ ។ គាត់មិននៅប៉ុន្មាន គាត់ថា នៅតែប៉ុន្មានឆ្នាំទៀត គាត់ស្លាប់បាត់ហើយ ។ អ៊ីចឹងគាត់អាចថ្កោលទោសអ្នកណាដែលចង់កម្ទេចកម្ពុជា ចង់ផ្ដួលរំលំកម្ពុជា គឺធ្វើឲ្យកម្ពុជា ជួបនូវអស្ថិរភាព វិទ្ធង្សនា វឹកវរធ្ងន់ធ្ងរបែបណាសម្រាប់ប្រទេសជាតិ ។ អាហ្នឹងគឺថា ខ្ញុំបានស្ដាប់ឮ រហូតដល់ថ្កោលទោសទៅដល់អតីតគូដៃរបស់គាត់ ដែលអតីតដៃគូរបស់ធ្វើអ្វីៗផ្ទុយពីខ្លួនគាត់ ហើយយកមកភ្ជាប់ចំណងទោសឲ្យគាត់…។ គាត់ខកចិត្ត នៅពេលដែលឃើញប្រទេសជាតិកំពុងអ៊ីចឹង ខ្មែរបែកបាក់គ្នា ហើយយើងមិនមានការយល់គ្នា អភ័យទាន សន្ដោសប្រណី ហើយជជែកគ្នាបាន ក្នុងនាមខ្មែរដូចគ្នា យើងចង់ឃើញខ្មែរ រួមគ្នាកសាងជាតិ ។ រហូតគាត់និយាយចុងក្រោយហ្នឹង គាត់អួលដើមក ស្រក់ទឹកភ្នែក នៅចំពោះមុខភ្ញៀវ ដែលចូលមើល ចូលសង្កេត មុខក្រុមជំនុំជម្រះ គឺថា វាជាការបង្ហាញពីសមានចិត្តរបស់គាត់ ដើម្បីបង្ហាញថា គាត់មិនបានក្លាយជាជនក្បត់ជាតិ ធ្វើអ្វីក្រៅតែពីធម៌អហិង្សា មិនយកខ្មែរណាជាសត្រូវ ហើយចង់កសាងជាតិទាំងអស់គ្នា ក្នុងនាមជាអ្នកនយោបាយ ដែលមិនបានប្រព្រឹត្តនូវបទឧក្រិដ្ឋ ក្រៅពីជាអ្នកនយោបាយបង្ហាញនូវសេចក្ដីល្អសម្រាប់ជាតិរួម ដល់ក្មេងជំនាន់ក្រោយ។ អ៊ីចឹងយើងមើលទៅ អ្វីដែលគាត់ចង់បានហ្នឹង គឺថា ទី១ គឺជាតិជាធំ ទី២ ខ្មែររួបរួមគ្នា ទី៣ ការកសាងជាតិ និងទី៤ កុំឲ្យប្រទេសមហាអំណាច ឬក៏បរទេសគេអាក់អន់ចិត្ត ខូចកិត្តិយសគេ មើលងាយ មើលថោកគេ ក្នុងខណៈដែលគេខំជួយយើង សម្រាប់កសាងជាតិ សម្រាប់សេចក្ដីសុខនៃប្រជាជាតិខ្មែរ“ ។
គួរបញ្ជាក់ថា ក្រោយពីបើកសវនាការពិភាក្សាដេញដោល ចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជ ធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទ «សន្និដ្ឋភាពជាមួយបរទេស» ព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដាក់ជនជាប់ចោទ ឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ។

បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២៧ឆ្នាំ លោក កឹម សុខា តាមរយៈសហមេធាវីការពារក្តីរបស់ខ្លួន បានសម្រេចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចនេះ។ គិតចាប់ តាំងពីឆ្នាំ២០២៤ មក សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចំនួនជាង ១០លើក។ តែស្ថិតនៅដំណាក់កាលនៃការចេញសេចក្តីសន្និដ្ឋានរឿងសាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេលជាច្រើនលើក និងផ្អាករាប់ខែ មកហើយ ទើបតែមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចលើកយកសំណុំរឿងលោកកឹម សុខា មកធ្វើការជំនុំជម្រះសាជាថ្មី ខណៈដែលមជ្ឈដ្ឋាននយោបាយ និងមជ្ឈដ្ឋានបញ្ញវន្ត យល់ថា ករណីនេះជារឿងនយោបាយ គួរតែដោះស្រាយគ្នាតាមបែបនយោបាយ ដោយការបង្រួបបង្រួម ឯកភាពជាតិ ផ្សះផ្សាស្មារតីជាតិ ៕ កុលបុត្រេ