ខេត្តសៀមរាប ៖ បុរសម្នាក់ បានអះអាងថា ត្រូវនគរបាលប៉ុស្តិ៍សាលាកំរើក ចាប់ឃាត់ខ្លួន ដាក់ខ្សែរឹតដៃ ទាំងគ្មានភ័ស្តុតាង ចោទថាជាអ្នកជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន លុះក្រោយពិនិត្យរកមិនឃើញមានសារធាតុញៀន សមត្ថកិច្ចមិនបានសុំទោសលោក និងថែមទាំងចំអកឡកឡឺយថា សមតែជាអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង ធ្វើឱ្យមហាជនមានការយល់ច្រឡំ គិតថាលោកជាអ្នកជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន នាំឱ្យលោកនិងក្រុមគ្រួសារ ជាពិសេសកូនៗ រងនូវភាពអាម៉ាស់យ៉ាងខ្លាំង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បុរសម្នាក់ឈ្មោះ នូ ចៅបូរិន អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានសម្តែងនូវការកើតទុក្ខមិនសុខចិត្ត ដោយផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បង្ហាញពីការមិនពេញចិត្តចំពោះទង្វើរបស់នគរ បាលប៉ុស្តិ៍សាលាកំរើក ដែលឃាត់ខ្លួននិងដាក់ខ្សែរឹតដៃលោក ដោយគ្មានភ័ស្តុតាង បង្កឱ្យលោកនិងគ្រួសារ រងភាពអាម៉ាស់ ដោយសមត្ថកិច្ចបានចោទថា លោកជាអ្នកជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ខណៈដែលលោកធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅយកកូនចេញពីសាលា វេលាម៉ោង ១១និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
បន្ទាប់មក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក នូ ចៅបូរិន បានសរសេរលិខិតផ្ទាល់ដៃ ១ច្បាប់ បកស្រាយថា គឺជាការយល់ច្រឡំ ដែលលោកមិនបានយល់ដឹងអំពីដំណើររឿងហេតុ ដែលបានកើតមានឱ្យបានពិតប្រា កដច្បាស់លាស់ អំពីកិច្ចប្រត្តិបត្តិការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបករណីគ្រឿងញៀន។
តាមរយៈលិខិតខាងលើ លោក នូ ចៅបូរិន បានបញ្ជាក់ថា «ការធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលបានចោទប្រកាន់លើសមត្ថកិច្ចប៉ុស្តិ៍នគរ បាលសាលាកំរើក អនុវត្តតួនាទីខុសនីតិវិធី ដោយបានឃាត់ខ្លួនរូបខ្ញុំ មកសួរនាំ ដោយគ្មានមូលហេតុច្បាស់ លាស់ គឺជាការយល់ច្រឡំរបស់រូបខ្ញុំ ដែលមិនបានយល់ដឹងអំពីដំណើររឿងហេតុដែលបានកើតមានឱ្យបានពិតប្រាកដច្បាស់លាស់ អំពីកិច្ចប្រត្តិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបករណីគ្រឿងញៀន នៅចំណុចផ្ទះរបស់ខ្ញុំបាទ កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
ខ្ញុំបាទសូមធ្វើការសុំអធ្យាស្រ័យអំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចប៉ុស្តិ៍សាលាកំរើក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះករណីដែលរូបខ្ញុំមានការភាន់ច្រលំក្នុងករណីនេះ។

ខ្ញុំបាទសូមធានាអះអាងថា រាល់ពាក្យសម្តីដែលរូបខ្ញុំបានឆ្លើយបំភ្លឺជូនសមត្ថកិច្ច គឺសុទ្ធតែជាពាក្យពិត មិនមានកុហកភូតភរ ឬមានការបង្ខិតបង្ខំពីបុគ្គលណាម្នាក់នោះទេ។ ជាចុងក្រោយ ខ្ញុំបាទសូមធ្វើការសហការជាមួយសមត្ថកិច្ច គ្រប់ពេល គ្រប់ទីកន្លែងទាំងអស់»៕