ខេត្តកោះកុង ៖ ចៅក្រម នៃសាលាដំបូងខេត្តកោះកុង បានសម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (វាយប្តី ចំនួន២ដំបង បណ្តាលឱ្យស្លាប់) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្រុកបទុមសាគរ ខេត្តកោះកុង នោះទេ មូល ហេតុដោយពិនិត្យឃើញថា ជនរងគ្រោះ ជាប្តី ជាមនុស្សញៀនថ្នាំ និងញៀនស្រា តែងវាយដំ គំរាមសម្លាប់ប្រ ពន្ធកូន ជាញឹកញាប់ ពិសេស ជនត្រូវចោទ មានកូននៅក្នុងបន្ទុក ដល់៦នាក់ ដែលសុទ្ធសឹងតែជាអនីតិជនត្រូវការម្តាយចិញ្ចឹមបីបាច់ ថែរក្សា ទំនុកបម្រុង មើលថែជាប្រចាំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៖ ១២៧ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកោះ កុង តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៖ ១១៣ អ.យ/២៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ (ឃាត់ខ្លួន) ពីបទ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧ៈ៣០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ដោយសារមរណភាពនៃជនរងគ្រោះ ចំនួន១ករណី ដែលបង្កឡើងដោយជនត្រូវចោទ ឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះ របស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មូលហេតុបណ្តាលមកពីជនរងគ្រោះ ត្រូវជាប្តីរបស់ជនត្រូវចោទ បានផឹកស៊ីស្រវឹង មកដល់ផ្ទះ រករឿងជនត្រូវចោទ ជាប្រពន្ធ ឈ្មោះ កៅ ណឹម ក៏មានទំនាស់ពាក្យសម្តី និងឈ្លោះប្រកែកគ្នា ពីរនាក់ប្តីប្រពន្ធ ហើយបានប្រតាយប្រតប់គ្នា ព្រមទាំងបានច្របាច់ករបស់ជនត្រូវចោទដែលត្រូវជាប្រពន្ធ ឈ្មោះ កៅ ណឹម។ បន្ទាប់មក ជនរងគ្រោះជាប្តី បានយកដំបងឈើបួនជ្រុង វាយទៅលើក្បាលជនត្រូវចោទ ចំនួនមួយដំបង ត្រូវចំខាងឆ្វេង បែកក្បាល របួសធ្ងន់ ឃើញបែបនេះជនត្រូវចោទ ត្រូវជាប្រពន្ធ ទ្រាំមិនបាន ក៏ដណ្តើមដំបងឈើនោះពីជនរងគ្រោះ ត្រូវជាប្តីវិញ ហើយក៏បានវាយទៅលើជនរងគ្រោះ ត្រូវចំក្បាល ចំនួនពីរដំបងឈើជ្រុង (របួសធ្ងន់)។ ក្រោយពីបានឃើញជនរងគ្រោះ ត្រូវជាប្តី រងរបួស ជនត្រូវចោទ បានស្រែកហៅគេ ឱ្យជួយជូនប្តីរបស់ខ្លួន ទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែដោយសារតែជនរងគ្រោះ រងរបួសធ្ងន់ធ្ងរពេក បណ្តាលឱ្យដាច់ខ្យល់ស្លាប់ពាក់ណ្តាលផ្លូវ។ បន្ទាប់មក ជនត្រូវចោទ បានដឹកសពជនរងគ្រោះ ត្រឡប់មកវិញ និងធ្វើបុណ្យតាមប្រពៃណី។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង សូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរ បានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចស៊ើបសួរ ទាំងដោះបន្ទុក និងដាក់បន្ទុក ស្របតាមនីតិវិធីច្បាប់ ដោយយោងទៅទៅលើអង្គហេតុ អង្គច្បាប់ និងភ័ស្តុតាងនានានៅក្នុងសំណុំរឿង យល់ឃើញថា ជនរងគ្រោះដែលត្រូវជាប្តីរបស់ជនត្រូវចោទ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងជា មនុស្សញៀនស្រា ជាប្រចាំ ដោយរាល់ពេលស្រវឹង ជនរងគ្រោះជាប្តី តែងតែរករឿងនិងប្រើអំពើហិង្សាទៅលើកូន ប្រពន្ធ ជាញឹកញាប់ ថែមទាំងគំរាមសម្លាប់កូន ប្រពន្ធ ព្រមទាំងមិនឱ្យកូន ប្រពន្ធ ប្តឹងសមត្ថកិច្ចថែមទៀតផង។ ម៉្យាងទៀត ជនត្រូវចោទ មានរបួសស្នាមដោយសារជនរងគ្រោះជាប្តី ជាអ្នកបង្កឡើង ដោយប្រើប្រាស់ដំបង វាយទៅលើជនត្រូវចោទជាប្រពន្ធ។ បន្ថែមពីនេះ ជនត្រូវចោទ មានកូននៅក្នុងបន្ទុក រហូតទៅដល់៦នាក់ ដែលសុទ្ធសឹងតែជាអនីតិជន ត្រូវការម្តាយ ដើម្បីចិញ្ចឹមបីបាច់ ថែរក្សា ទំនុកបម្រុង មើលថែជាប្រចាំថែមទៀត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ស្តាប់ចម្លើយសាក្សី និងការពិនិត្យរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងពិនិត្យភ័ស្តុតាងនានានៅក្នុងសំណុំរឿងខាងលើរួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានពិចារណាយល់ឃើញអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងផលលំបាកនៃជីវភាពនៅក្នុងគ្រួសាររបស់ជនត្រូវចោទ ហេតុនេះសម្រេចចេញដីកាសម្រេចមិនឃុំខ្លួនលើជនត្រូវចោទ និងសម្រេចដាក់ជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់…។
គួររំលឹកថា កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានករណីអំពើហិង្សាក្នុងគ្រួសារ (ប្រពន្ធប្រើដំបងវាយប្តី បណ្តាលឱ្យស្លាប់) បានកើតឡើងនៅចំណុចភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ដោយបុរសជាប្តីម្នាក់ ក្រោយពីផឹកស្រាស្រវឹង បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈានដល់អំពើហិង្សា ដោយទាញដំបងវាយប្រពន្ធ បណ្តាលឱ្យរយះក្បាល លុះស្ត្រីជាប្រពន្ធព្យាយាមប្រតាយប្រតប់ ដណ្តើមបានដំបងមកវិញ ក៏សំពងសងទៅប្តី ចំនួន២ដំបង ចំក្បាល បណ្តាលឱ្យបុរសជាប្តី ដួលសន្លប់ លុះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ ចំណែកស្ត្រីជាប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ស្ត្រីជាប្រពន្ធដែលវាយប្តីបណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកៅ ណឹម អាយុ៣៣ឆ្នាំ។ ចំណែកបុរសរងគ្រោះ ជាប្តី មានឈ្មោះខឹម ណេង។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង៕