ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាលដេរជាង១០ថ្នេរ ដោយអះអាងថា ខណៈដែលកំពុងធ្វើដំណើរវិលត្រឡប់មកពីផឹកសុីវិញ ត្រូវបានជនសង្ស័យគ្នា២នាក់ ប្រដាប់ដោយកំណាត់ឈើ ស្ទាក់វ៉ៃសំពង ដោះយកខ្សែដៃ កាបូបលុយ បានសម្រេចហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅដីវាល លក់ទឹកត្នោតជូរ ខាងក្រោយ សួនកាណាឌីយ៉ា ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ សារ៉ាន់ តយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិអង្គរបាន ឃុំអង្គរបានទី៤ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកសម្ភារៈបាត់បង់ត្រូវបានជនរងគ្រោះអះអាងថា ខ្សែដៃប្លាទីន៣ជី កាបូបលុយ ជាង១០០ដុល្លា កាតគ្រីមូ៉តូ អត្តសញ្ញាណប័ណ ។
តាមសម្តីជនរងគ្រោះបានតៀបរាប់ឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភ័ក្រ គ្នា៤នាក់ ជួបជុំគ្នាផឹកសុី នៅរោងទឹកត្នោតជូរ ដីវាល ក្បែរសួនកាណាឌីយ៉ា រហូតដល់វេលាម៉ោងខាងលើ ក្រោយបញ្ចប់ម៉ោងផឹកសុី ទើបងើបចែកផ្លូវគ្នាទៅផ្ទះ រៀងខ្លួន ហើយពេលជិះមូ៉តូវិលទៅផ្ទះ ក៏មានមិត្តភ័ក្រម្នាក់ ជិះម៉ូតូតាមជូន បានត្រឹម ចុងផ្លូវបេតុង ហើយគេត្រឡប់ក្រោយវិញ ចំណែកខ្លួនបន្តដំណើរទៅមុខ រហូតដល់ ផ្លូវលំ ក្នុងភូមិគោកចំបក់ ជាកន្លែង ទីតាំង សមត្ថកិច្ចបង្ក្រាបក្រុមចោរប្លន់កាលពីលើកមុននោះ ស្រាប់តែលេខមុខជនសង្ស័យគ្នា២នាក់ ប្រដាប់ដោយ ដំបងឈើ ស្ទាក់ផ្លូវ ធ្វើសកម្មភាព វ៉ៃដណ្តើមដោះយកខ្សែដៃ និងយកកាបូបលុយ ផ្អើលអ្នកជិតខាងចេញមក ជនសង្ស័យគេចខ្លួនបាត់ បន្សល់ទុកតែជនរងគ្រោះ រងរបួសបែកក្បាល សន្លប់ស្តូក ត្រូវបានហៅសាច់ញាតិ និងពលរដ្ឋក្បែរខាង ជូនទៅពេទ្យដេរអស់ជាង១០ថ្នេរ ។
ជនរងគ្រោះ រហូតដល់ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ ទើបសាខ់ញាតិនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវកំណត់មុខសញ្ញា ៕