ភ្នំពេញ ៖ បុរសម្នាក់ ដែលអះអាងថាខ្លួនជាកម្មករ មេន ដុតខ្មោច ខំជិះម៉ូតូតាំងពីស្រុកឯខេត្តតាកែវ មកលេងមិត្តស្រីនៅផ្ទះជួលផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ ដើរឡើងទៅលើផ្ទះជួល នៅជាន់ទី២មួយភ្លែត អត់ទាំងបានជួបមិត្តស្រីផង ចុះមកវិញចោរលួចកាច់សោកម៉ូតូជិះយកទៅបាត់ ដោយសុវត្តិភាព ស្រីមិនបានជួបហើយអស់ម៉ូតូមួយគ្រឿងទៀត ។
ជនរងគ្រោះ មានឈ្មោះ ខុន ចាន់ថេត ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ មេន ដុតខ្មោច មានទីលំនៅភូមិអូរ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ រីឯមូ៉តូចោរលួចបាត់ ម៉ាក ហុងដា សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-6823 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយទំនេពីការងារដុតខ្មោច ឆ្លៀតថ្ងៃអាទិត្យ នឹកមានអារម្មណ៍ចង់ទៅលេង មិត្តភ័ក្រស្រី ស្គាល់គ្នាអស់រយៈពេល២ឆ្នាំមកហើយ ធ្វើជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី២ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ។ ជនរងគ្រោះបន្តទៀតថា ខំជិះម៉ូតូតាំងពីស្រុក មកដល់ផ្ទះជួលមិត្តស្រីហើយ ឡើងទៅតាមរកនៅជាន់ទី២ មិនឃើញមិត្តស្រីហើយចុះមកវិញ ស្រាប់តែម៉ូតូ ត្រូវបានជនសង្ស័យកាច់សោកម៉ូតូជិះយកទៅបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ដើម្បីឲ្យជួយស្រាវជ្រាវស្វែងរកម៉ូតូខ្លួន ខណៈមកភ្នំពេញ អត់ទាំងប្រាប់ ប្រពន្ធឲ្យដឹងផង បែជាបាត់បង់របស់ទ្រព្យទៀត ៕