ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ត្រូវបានអគ្គិ ភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង រួមទាំងតូបលក់ចាប់ហួយ ០១ខ្នង ប្រក់សង្ក័សី ទំហំ ៦ម៉ែត្រ x ១២ ម៉ែត្រ និងបានបណ្តាលឲ្យមនុស្សរបួសធ្ងន់-ស្រាល ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១២និង២០នាទី រំលង អធ្រាត្រ និងត្រូវបានពន្លត់ស្ថាពរ នៅម៉ោង ៣និង៥០នាទីព្រឹក ស្ថិតក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ ត្រី ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ផ្ទះដែលទទួលរងការឆាបឆេះ ជារបស់ឈ្មោះ ហេង ឡាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ប្រភពដដែល បន្តថា ករណីនេះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង ផ្ទះ ០១ខ្នង ទំហំ ០៨ម៉ែត្រ x ១២ម៉ែត្រ ប្រភេទឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿងនិងស័ង្កសី ព្រមទាំងតូបលក់ចាប់ហួយ ០១ខ្នង ប្រក់សង្ក័សី ទំហំ ៦ម៉ែត្រ x ១២ ម៉ែត្រ រួមទាំងឆេះរថយន្ត ០១គ្រឿង ម៉ាក តូយ៉ូតា តាកូម៉ា ម៉ូតូ ០៤គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក ០២គ្រឿង ហើយក៏បានបណ្តាលឲ្យរបួសម្ចាស់ផ្ទះ ០៤នាក់ (របួសធ្ងន់ ១នាក់) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ចំពោះទ្រព្យសម្បត្តិផ្សេងៗទៀត ពុំទាន់អាចវាយតម្លៃបាន។

ប្រភពខាងលើ បញ្ជាក់ថា ក្នុងប្រតិបត្តិការ ដោយសហការជាមួយអធិការដ្ឋាននគរបាលស្រុកបាគង រថយន្តអគ្គិភ័យ ០១គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប រថយន្តអគ្គិភ័យ ០៣គ្រឿង ប្រើប្រាស់រថយន្ដពន្លត់ ចំនួន ០៤រថយន្ត ។

ចំពោះមូលហេតុនៃការឆាបឆេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង ៕
