ភ្នំពេញ ៖ ប្ដីប្រពន្ធជនជាតិជប៉ុន ពីរនាក់ បានចូលទៅរកសេវាម៉ាស្សា នៅហាងម៉ាស្សា មួយកន្លែង ស្រាប់តែត្រូវនារីម៉ាស្សា លួចលុយ ចំនួន ២ពាន់ដុល្លារ រួចបិទទ្វារហាង ធ្វើឲ្យជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ កើតទុក្ខមិនសុខចិត្ត វាយទាត់ធាក់ទ្វារហាង ផ្អើលអ្នកសារព័ត៌មាន ចុះផ្សព្វផ្សាយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១:២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការអះអាងពីប្រជាពលរដ្ឋ ជាច្រើននាក់ បានឲ្យដឹងថា ទីតាំងហាងម៉ាស្សា ខាងលើនេះបានលួចដូរលុយភ្ញៀវជនជាតិបរទេស ដែលចូលម៉ាស្សា ជាច្រើនលើកច្រើនសា មកហើយ តែមិនឃើញសមត្ថកិច្ចមានវិធានការអ្វីទៅលើទីតាំងហាងម៉ាស្សានេះឡើយ ។ យ៉ាងណា ប្រជាពលរដ្ឋ បានពន្យល់ប្រាប់ទៅជនជាតិជប៉ុន ២នាក់ប្តីប្រពន្ធនោះថា ជនខិលខូច មានតែមួយចំនួនតូច ដូច្នេះសូមកុំវាយតម្លៃអវិជ្ជមានមកលើជនជាតិខ្មែរទូទៅអី ព្រោះជនជាតិខ្មែរ ភាគច្រើ គឺមានភាពសុចរិត ស្មោះត្រង់ រួសរាយរាក់ទាក់ចំពោះជនបរទេសគ្រប់ជាតិសាសន៍ ដែលជនបរទេសភាគច្រើន ក៏បានទទួលស្គាល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអញ្ជើញជនរងគ្រោះ ទាំងពីរនាក់ប្ដីប្រពន្ធ ទៅប៉ុស្តិ៍នគរ បាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា «ខ្ញុំសូមជម្រាបជូន មហាជន មេត្តាជ្រាបថា ចំពោះករណីជនជាតិជប៉ុន ប្រុសស្រី ចូលម៉ាស្សា ហើយត្រូវបានបុគ្គលិកស្រីម៉ាស្សា លួចយកលុយពីស្រ្តីជប៉ុន ចំនួន (20000 យ៉េនជប៉ុន បានដកហូតយកមកបានវិញហើយ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ) នៅពេលមានការភ្ញាក់ផ្អើលបាត់លុយ បុគ្គលិកនោះ បានប្រគល់លុយនោះទៅឱ្យម្ចាស់ហាង ម្ចាស់ហាង ក៏រួមគំនិតយកលុយនោះគេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវតាមចាប់ខ្លួនបាន និងបន្តរកបុគ្គលិកស្រីដែលជំនាញលួចលុយភ្ញៀវ ដើម្បីយកមកអនុវត្តន៍ច្បាប់»។

លោកស្នងការ ជួន ណារិន្ទ បន្តថា «ខ្ញុំបានដាក់បទបញ្ជាទៅការិយាល័យជំនាញប្រឆាំងការជួញដូរ និងលោកអធិការនគរបាលខណ្ឌ ទាំង១៤ ពីព្រឹកមិញរួចហើយ គឺមិនលើកលែងរាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុ ញ្ញាត ដែលមិនទទួលខុសត្រូវសុវត្ថិភាពសម្ភាររបស់ភ្ញៀវបែបនេះ ដែលធ្វើឱ្យខូចកិត្តិយស និងបាត់បង់ភ្ញៀវទេសចរ។ សូមអរគុណសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការបានលឿន»។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា សមត្ថកិច្ចខណ្ឌដូនពេញ បានប្រគល់ថវិកាដែលបុគ្គលិកម៉ាស្សា លួចពីភ្ញៀវ ចំនួន 20000យ៉េន ជូនដល់ជនរងគ្រោះ ជាជនជាតិជប៉ុន វិញនៅព្រឹកថ្ងៃទី២៧ ខែមេសា ៕



