ខេត្តបាត់ដំបង ៖ លោកយាយទុរគត វ័យ៨៥ឆ្នាំម្នាក់ រៀបនឹងចេញដំណើរទៅធ្វើបុណ្យ នៅខេត្តសៀមរាប ជាមួយគេឯង បានរៀបចំអុជទៀនធូប សែនព្រេននៅក្នុងផ្ទះ ដូចសព្វដង រួចឡើងឡានចាកចេញទៅផុតបានតែបន្តិច ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះផ្ទះហ្មត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
លំនៅឋានរបស់លោកយាយវ័យ៨៥ឆ្នាំ ដែលត្រូវអគ្គិភ័យឆេះអស់នោះ សង់ពីឈើ ប្រក់ស័ង្កសី មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជាកម្មសិទ្ធិរបស់លោកយាយ អាំ ឈឿម អាយុ៨៥ឆ្នាំ រស់នៅចំណុចកើតហេតុ។

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើង បន្ទាប់ពីលោកយាយជាម្ចាស់ផ្ទះ ជិះរថ យន្តចេញផុតបន្តិច នៅវេលាទៀបភ្លឺ។ លោកយាយ បានងើបពីយប់បន្តិច ជិះរថយន្តចេញទៅធ្វើបុណ្យ ជាមួយអ្នកភូមិដទៃៗ ទៀតនៅខេត្តសៀមរាប នាថ្ងៃកើតហេតុនោះ ប៉ុន្តែមុនពេលចេញទៅ គាត់បានអុជធូប នៅលើហ៊ឹងក្នុងផ្ទះ សុំសេចក្តីសុខសប្បាយ មុនពេលរថយន្តមកទទួលគាត់។

ប្រភពដដែល បន្តថា ក្រោយអុជធូបរួច រថយន្តមកទទួលគាត់ លុះលោកយាយចេញផុតមួយសន្ទុះ ស្រាប់តែអគ្គិភ័យបានកើតឡើងនៅក្នុងផ្ទះគាត់ យ៉ាងសន្ធោសន្ធៅ និងបានឆេះបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិខ្ទេចខ្ទីអស់គ្មានសល់តែម្តង សូម្បីរថយន្តពន្លត់អគ្គិភ័យ ក៏មិនអាចជួយអន្តរាគមន៍ទាន់ពេលវេលាដែរ។

ចំពោះការខូចខាត រួមមាន ប្រាក់សន្សំរបស់លោកយាយ ដែលទុកក្នុងផ្ទះ ចំនួន៥លានរៀល ព្រមទាំងសម្ភារៈ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ សរុបជាទឹកប្រាក់ប្រមាណ ១៥លានរៀលទៀត សរុបខូចខាតអស់ប្រមាណ ២០ លានរៀល។

លោកសុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា លោកយាយជាម្ចាស់ផ្ទះ គ្មានកូនចៅនៅក្បែរទេ គាត់រស់នៅម្នាក់ឯង ក្នុងផ្ទះជរា។ បើតាមអ្នកភូមិ គាត់មានសាច់ញាតិ កូនចៅដែរ ប៉ុន្តែពួកគេរស់នៅឆ្ងាយ ដូ ច្នេះហើយ ទើបពួកគេមិនអាចមកជួយគាត់បានទាន់ពេលវេលា។

លោកអធិការ បន្តថា បើតាមការសាកសួរ ម្ចាស់ផ្ទះបានប្រាប់ថា មុនពេលគាត់ឡើងរថយន្តចេញទៅសៀមរាប គាត់បានដុតធូបនៅក្នុងផ្ទះ ហើយរថយន្តក៏មកយកគាត់។ លុះចេញផុតក៏មានអគ្គិភ័យកើតឡើង ដូច្នេះគាត់សង្ស័យអគ្គិភ័យលេបយកផ្ទះគាត់ គឺផ្តើមចេញពីភ្លើងធូបដែលគាត់អុជទុកចោល មុនពេលគាត់ឡើងរថយន្ត៕

