Monday, May 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃគ្នាដណ្តើមស្រី របួស៣នាក់

វ៉ៃគ្នាដណ្តើមស្រី របួស៣នាក់

ខេត្តកំពង់ចាម ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបរាត្រី ១កន្លែង ក្រោយមកកើតមានជម្លោះដណ្តើមស្រី និងឈានដល់ការប្រើអំពើហិង្សា វាយតប់ និងគប់កែវ ដបស្រា ហោះពេញក្នុងក្លឹប និងបណ្តាលឱ្យអ្នកមិនដឹងរឿង ចំនួន៣នាក់ បានរងរបួស ចំណែកក្រុមក្មេងទំនើងទាំងសងខាង បាននាំគ្នារត់គេចខ្លួនបាត់អស់។

ករណីក្មេងទំនើងផ្ទុះហិង្សាដាក់គ្នានេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្លឹបរាត្រី Triple ម្តុំមាត់ទន្លេក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រុមក្មេងទំនើងដែលបាននាំគ្នាចូលផឹកស៊ីក្នុងក្លឹបនេះ បានបង្កវាយគ្នាបន្តបន្ទាប់ រហូតដល់ចំនួន ២លើក ដោយលើកចុងក្រោយ នៅវេលារំលងអធ្រាត្រ ឈានថ្ងៃទី២ ឧសភា ឆ្នាំ២០២៦ ដោយពួកគេមានទំនាស់នៅខាងក្នុងក្លឹប ហើយក៏បានយកកែវ និងដបស្រា គប់លើគ្នាទៅវិញទៅមក រហូតឈាន ប្រើកម្លាំងបាយដាក់គ្នា បណ្តាលឱ្យរងរបួសប៉ោងមុខ ប៉ោងភ្នែក។

ក្រោយកើតហេតុ លោកអធិការនគរបាលក្រុងកំពង់ចាម បានចាត់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ចាម សហការជាមួយជំនាញព្រហ្មទណ្ឌក្រុងកំពង់ចាម បានចុះពិនិត្យដល់កន្លែងកើតហេតុដោយធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២៦។

សមត្ថកិច្ចបានបង្ហើបប្រាប់ថា ក្នុងនោះគេបានស្គាល់អត្តសញ្ញាណក្រុមក្មេងទំនើង មកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយករណីនេះ ត្រូវបានអ្នករងគ្រោះ មានរហូតដល់២ទៅ៣នាក់ និងបានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម រួចរាល់ហើយដែរ។

ចំពោះមូលហេតុទំនាស់ និងឈានដល់ការប្រើកម្លាំងបាយនេះ មិនត្រូវបានសមត្ថកិច្ចទម្លាយឱ្យដឹងមូលហេតុពិតប្រាកដមកពីអ្វីនោះទេ តែតាមប្រភពបង្ហើបថា ក្មេងទំនើងទាំងនោះ សង្ស័យឈ្លោះគ្នា ដណ្តើមស្រី នៅក្នុងក្លឹប ទើបក្លាយជាអំពើហិង្សាបែបនេះ។

យ៉ាងណា សំណុំរឿងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES