ខេត្តស្វាយរៀង ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយ ជួញដូរនិងកែច្នៃ គ្រឿងញៀន ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ រឹបអូសបានវត្ថុតាងជាក់ស្តែង គ្រឿងញៀន សរុបជាង ៣គីឡូក្រាម នៅកណ្តាលក្រុងបាវិត។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿង ញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុត យឿត ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្ត ស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងខេត្តស្វាយរៀង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ថា ប្រតិបត្តិការនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែច្នៃនិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ក្នុងនោះកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះង្វៀង វ៉ាន់ជុង ភេទប្រុស ជនជាតិវៀតណាម ទី២-ឈ្មោះង្វៀង ស៊ឹងនិញ ភេទប្រុស ជនជាតិវៀតណាម ទី៣-ឈ្មោះវ៉ាន់ ឡុងវ៉ូ ភេទប្រុស ជនជាតិវៀតណាម និងទី៤-ឈ្មោះវ៉ាង ធីហឿង ភេទស្រី ជនជាតិវៀតណាម។
ចំពោះវត្ថុតាងដកហូត រួមមាន សារធាតុញៀន គ្រប់ប្រភេទទម្ងន់ ៣ ៥៥៧,៦៤ក្រាម (៣គីឡូ ៥៥៧,៦៤ក្រាម) ក្នុងនោះ រួមមាន ៖ -ថ្នាំញៀនប្រភេទ កេតាមីន ២ ០២៤,៦៦ក្រាម។ -ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ៣២១ ,៧៥ក្រាម។ -ថ្នាំញៀនប្រភេទ ហេរ៉ូអ៊ីន ៣០,២៥ក្រាម។ ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី (គ្រាប់) ២០,២៩ក្រាម។ -ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី ៤១៥,៧៩ក្រាម។ រថយន្ត ១គ្រឿង។ ម៉ូតូ ៣គ្រឿង។ ទូរស័ព្ទ ៨គ្រឿង។ ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង។ លិខិតឆ្លងដែន និងក្បាលបារីអេឡិចត្រូនិក។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕