ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បានបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៥៣ខ្នង ត្រូវបានអាជ្ញាធរមូលដ្ឋាន ដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន៥៣ខ្នងផ្ទះ ដោយក្នុងនោះ ប៉ើងដំបូល ខូចខាតស័ង្កសី ចំនួន៦១៧សន្លឹក និងបាក់ឈើផ្លានចំនួន៩០ដើម តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ។

លោកអភិបាលក្រុង បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានខ្យល់កន្ត្រាក់ វាយប្រហារលើសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ភ្លាម លោកបានដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យ និងអន្តរាគមន៍ ជួសជុលផ្ទះសម្បែងជូនប្រជាពល រដ្ឋរងគ្រោះ ចំនួន៥៣ខ្នងផ្ទះ ភ្លាមៗ ដោយក្នុងនោះ មានការចូលរួមពីកម្លាំងនគរបាលក្រុង និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុង ជាច្រើននាក់។

គួររំលឹកថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ កន្លងទៅ ខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយខ្យល់កន្ត្រាក់ រយៈពេល ២ថ្ងៃជាប់គ្នា បណ្តាលឱ្យប៉ះពាល់ ចំនួន៦ស្រុក-ក្រុង ក្នុងនោះបណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជា ពលរដ្ឋ ជិត៧០០ខ្នង និងស្លាប់ប្រជាពលរដ្ឋម្នាក់ របួស ១នាក់។ លុះមកដល់ដើមខែឧសភា ឆ្នាំ២០២៦ នេះ ខ្យល់កន្ត្រាក់ ប៉ះពាល់ក្រុងសិរីសោភ័ណខូចខាតផ្ទះសម្បែង ចំនួន៥៣ខ្នង ថែមទៀត៕


