Saturday, May 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ទីតាំង សហការលុបបំបាត់បទល្មើសឆបោកអនឡាញ

អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ទីតាំង សហការលុបបំបាត់បទល្មើសឆបោកអនឡាញ

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនជាម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈាន ទៅលុបបំបាត់បទល្មើសឆបោកអនឡាញ (Online Scams) នៅទូទាំងរាជធានីភ្នំពេញ។ បើបទល្មើសទាំងនេះ ត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រ យោជន៍ច្រើនជាងគេ គឺបងប្អូននេះហើយ។

ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបន្តថា ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ តែងការពារនិងគិតគូរពីផលប្រយោជន៍បងប្អូន។ ភ្ញៀវបរទេសដែលមកស្នាក់នៅកម្ពុជា ស្របច្បាប់ មិនបង្កបទល្មើសផ្សេងៗ យើងស្វាគមន៍ពួកគាត់ តែបើពួកគាត់មកកម្ពុជា ដើម្បីបង្កបទល្មើស ប្រទេសកម្ពុជា យើងក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។ យើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើសឆបោកអន ឡាញ (Online Scams)  ដើម្បីឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់  នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រុបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេស គឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន អំពីភាពមិនប្រក្រតី ឬបទល្មើស Scams Online បានគ្រប់ពេលវេលា។

លើសពីនេះទៀត លោកអភិបាល ក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវពាក់ព័ន្ធ ឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។

កម្មវិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់តំណាងម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារ សហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនជាង៤០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញពីសំណាក់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងលោកប្រធានការិ យាល័យជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានី ផងដែរ។

លោកហ៊ុន សុរិទ្ធី បានលើកឡើងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៩ទំព័រ ៥ជំពូក និង២៤មាត្រា ហើយ ក្នុងច្បាប់នេះ លោកបានលើកឡើងតែចំនួន ៦មាត្រា តែប៉ុណ្ណោះ ដើម្បីពន្យល់បន្ថែមដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារ សហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំឱ្យបានយល់ដឹងបន្ថែម។ ទោះបីជាយ៉ាងណាក្តី អភិបាលរងរូបនេះ បានជំរុញឱ្យបងប្អូនទាំងអស់ ពិនិត្យច្បាប់នេះ ឱ្យបានលម្អិតល្អន់ ចៀសវាងមានបញ្ហា ឈានទៅមានទោសទណ្ឌ ដោយគិតមកដល់ពេលនេះ កម្លាំងគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសឆបោកអនឡាញ នេះបានចំនួន១៤២ ទីតាំងហើយ៕

RELATED ARTICLES