Saturday, May 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកលួចនាំចូល និងអ្នកលក់ទុរេនថៃ តុលាការសម្រេចចោទប្រកាន់

អ្នកលួចនាំចូល និងអ្នកលក់ទុរេនថៃ តុលាការសម្រេចចោទប្រកាន់

ខេត្តបាត់ដំបង ៖ តុលាការខេត្តបាត់ដំបង សម្រេចចោទប្រកាន់ស្រ្តីពីរនាក់ ដែលជាអ្នកលួចនាំចូល និងជាអ្នកកុម្មង់ទិញទុរេនថៃ យកមកលក់នៅកម្ពុជា ដោយភូតកុហកបោកប្រាស់ថាជាទុរេនខ្មែរ ។ ក្នុងនោះស្រ្តីឈ្មោះ ព្រឿន សាក់ឡែន ដែលសមត្ថកិច្ចឃាត់ខ្លួន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ «ការលួចនាំចូលទំនិញគេចពន្ធ» ជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា៧៥ នៃច្បាប់ស្តីពីគយ ។ ចំណែកស្រ្តីឈ្មោះ ព្រំ សុខណយ ហៅយ៉ាដា ដែលកំពុងរត់គេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ» ជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា៧៥ នៃច្បាប់ស្តីពីគយ ។

  អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ករណីលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) ដោយឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបានកម្មង់ទិញ ចំនួន៣លើក ហើយរាល់ទំនិញដែលនាំចូល ទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធគយនោះឡើយ។ ក្រោយមក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យ ឈ្មោះអឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ ខណៈដែលម្នាក់ទៀត ឈ្មោះព្រុំ សុខណយ កំពុងរត់គេចខ្លួន ។

 សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថៃ្ងព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) កាលពីថ្ងៃទី១៧-១៩ និង២១ ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារថា «អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៦១៧ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) ដោយឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបានកម្មង់ទិញ ចំនួន៣លើក ដោយលើកទី១ នៅថ្ងៃទី១៧ លើកទី២ នៅថ្ងៃទី១៩ និងលើកទី៣ នៅថ្ងៃទី២១ ខែ មេសាឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូល ទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធគយនោះឡើយ។ ក្រោយមក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះអឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ។

 ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភ័ស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ (គេចខ្លួន) ពីបទ «ផ្តើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ» ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ អឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) និងបក្ខពួក ពីបទ «ការលួចនាំចូលទំនិញគេចពន្ធ» ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧-១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទ ល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ចូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។

គួររំលឹកថា កាលពីពេលថ្មីៗនេះ មានភ្ញាក់ផ្អើលតាមបណ្ដាញសង្គម ហ្វេសប៊ុក ថាមានការនាំចូលទុរេនថៃ តាមច្រកព្រំដែន នៅក្នុងខេត្តបាត់ដំបង យកមកលក់នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ចាម ។ រហូតមកដល់ទី៤ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីឈ្មោះ ព្រឿន សាក់ឡែន ហៅអាឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាល ជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ថាបាននាំផ្លែទុរេនពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះ ព្រឿន សាក់ឡែន ហៅអឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានសារភាពថា សារសំឡេងដែលបែកធ្លាយនៅតាមបណ្តាញសង្គម រឿងទិញ-លក់ផ្លែទុរេន ពីប្រទេសថៃ នាប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាសំឡេងរបស់ខ្លួន ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេន ពិតមែន ដោយថែមទាំងបានបញ្ជាក់ថា ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦ ខ្លួនបានទំនាក់ទំនងជាមួយជនជាតិថៃ  ដែលធ្លាប់ស្គាល់និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមក ទិញផ្លែទុរេន បានចំនួន ០៣លើក មានចំនួនប្រមាណ ២០០០គីឡូក្រាម (ពីរពាន់គីឡូក្រាម) ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង០៣លើកនេះ ខ្លួនបានដាក់រថយន្ត ផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម តាមច្រកព្រំដែនកាប៊ីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់ ខ្លួនក៏ទទួល ហើយផ្ញើទៅខេត្តកំពង់ចាម តែម្ដង ។

 ដោយឡែក បុគ្គលឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ដែលជាអ្នកបញ្ជាទិញទុរេន ពី ព្រឿន សាក់ឡែន ចំនួន ៣លើក តាមច្រកព្រំដែនអូររំដួល ឬកាប៊ីន ក្នុងឃុំរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មិនទាន់បានចូលសារភាពទេ គឺកំពុងតែរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួន តាមដីការបស់តុលាការ ខណៈដែលមជ្ឈដ្ឋានមហាជន បានលើកឡើងថា ជននេះ នឹងមិនអាចរួចខ្លួន ឬរត់ផុតគេចពីសំណាក់ច្បាប់បានទេ ។ ប៉ុន្តែទន្ទឹមនេះ មជ្ឈដ្ឋានមួយចំនួន បានបង្ហាញក្តីមន្ទិល និងចោទជាសំណួរថា តើទុរេនខុសច្បាប់ទាំងនោះ អាចនាំចូលប្រទេសកម្ពុជា បានដោយរបៀបណា ប្រសិនបើមិនមានការបើកដៃពីមន្ត្រី នៅច្រកព្រំដែន? ដូច្នេះស្នើឱ្យមានការចាត់វិធានការច្បាប់ ចំពោះឈ្មួញ និងមន្ត្រីដែលគប់គិតលួចនាំចូលទំនិញហាមឃាត់ទាំងនេះផងដែរ ៕

RELATED ARTICLES