Saturday, February 1, 2025
Homeព័ត៌មានជាតិបុរស​ពិការ​ជើង​សង​ខាង​២០​ឆ្នាំ ដេក​ចាំ​បង​ស្រី​ចិញ្ចឹម

បុរស​ពិការ​ជើង​សង​ខាង​២០​ឆ្នាំ ដេក​ចាំ​បង​ស្រី​ចិញ្ចឹម

ខេត្តកំពង់ស្ពឺ ៖ បុរសអភ័ព្វម្នាក់ បានធ្លាក់ខ្លួនពិការជើងទាំងសងខាងដោយសារសង្គ្រាម និងត្រូវដេកដួលលើកន្ទេលជាង២០ឆ្នាំមកហើយ ដោយរស់ពឹងលើបងស្រីជាអ្នករកស៊ីចិញ្ចឹម ទាំងត្រដាបត្រដួស លុះពេលនេះជីវភាពកាន់ តែដុនដាប គ្មានលុយយកប្អូនទៅព្យាបាលជំងឺ ផងនោះ ក៏ដាច់ចិត្តលើកដៃសំពះដង្ហោយរកជំនួយ ពីសប្បុរសជន។

បុរសពិការជើងទាំងសងខាង ដេកលើ កន្ទេលជាង២០ឆ្នាំនេះ មានឈ្មោះជា យីម អាយុ៥០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយបងស្រីបង្កើតក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុង ច្បារមន។

បុរសអភ័ព្វ បានរៀបរាប់ប្រាប់ថា រូបគាត់ បានចូលបម្រើការងារជាយោធាតាំងពីអំឡុង ឆ្នាំ១៩៨៦ ដោយកាលនោះ គាត់បម្រើការ ក្នុងអង្គភាព (វរៈជួសជុលសម្ភារៈចល័តរបស់ ក្រសួងការពារជាតិ) លុះដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ គាត់ត្រូវអង្គភាពចាត់បញ្ជូនទៅ កាន់សមរភូមិធ្វើសង្គ្រាម ក៏ទទួលរងរបួសត្រូវ គ្រាប់កាំភ្លើងចំបោះដៃផុតធ្ងន់ធ្ងរ និងត្រូវបាន ថ្នាក់លើចាត់បញ្ជូនទៅសង្គ្រោះ រហូតដល់ប្រទេស វៀតណាម ទើបនៅមានជីវិត មានសំណាង បានឃើញពន្លឺថ្ងៃរហូតមកដល់សព្វថ្ងៃ ប៉ុន្តែ អកុសលគ្រាប់កាំភ្លើងបានប៉ះពាល់ដល់ខួរឆ្អឹង ខ្នង រហូតដល់សរសៃជើង ទាំងគូរបស់គាត់ ទើបក្រោយពីគ្រូពេទ្យធ្វើការវះកាត់យកក្បាល គ្រាប់ចេញហើយ គាត់ក៏ដើរលែងរួច ចាប់ធ្លាក់ ខ្លួនពិការដេកដួលតែមួយកន្លែង តាំងពីពេល នោះមក រហូតមកដល់សព្វថ្ងៃនេះគិតទៅមាន រយៈពេលជាង២០ឆ្នាំមកហើយ និងបានបងស្រី ជាអ្នកមើលថែទាំ តាំងពីការហូបចុកលាងអាចម៍ ច្របាច់នោម ហើយបងស្រីរបស់គាត់ ក៏មាន ជីវភាពក្រីក្រទៀតមិនមានលុយកាក់ សម្រាប់ ឱ្យពេទ្យព្យាបាល និងលាងរបួសគាត់នោះទេ។

បុរសអភ័ព្វខាងលើ បន្តថា សព្វថ្ងៃនេះ មុខរបួសកំពុងក្លាយជាដំបៅស៊ីកាន់តែជ្រៅៗ ទៅរហូតដល់គ្រឿងក្នុងហើយ។ ដោយសារ តែមុខរបួសដំបៅ ឈឺចុកចាប់ខ្លាំងពេក ម៉្យាង បងស្រីអស់លទ្ធភាពរកប្រាក់នាំគាត់ទៅព្យា- បាលផង ហេតុនេះ គាត់មានតែសម្រេចចិត្ត លើកម្រាមដៃ១០ សំពះអង្វរដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយគាត់យក តែបុណ្យផងចុុះក្រែងបានលុយកាក់បន្តិចបន្តួច គ្រាន់ព្យាបាលជំងឺ។

តាមសម្តីស្ត្រីឈ្មោះជា ឡៃ អាយុ៥៣ឆ្នាំ មុខរបរកសិករ និងត្រូវជាបងស្រីបង្កើតរបស់ បុរសអភ័ព្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែក ថា រូបគាត់ពិតជាអាណិតអាសូរជីវិតប្អូនប្រុស ខ្លាំងណាស់ ដែលទៅបម្រើជាតិហើយត្រឡប់ មកវិញ បែរជាធ្លាក់ខ្លួនពិការ តាំងពីឆ្នាំ១៩៨៩ ដល់សព្វថ្ងៃ ពោលគឺតាំងពីប្អូនប្រុសនេះ ទើប នឹងមានអាយុ២៦ឆ្នាំម៉្លេះ។

ស្ត្រីជាបងស្រីរូបនេះ បន្តទាំងអួលអាក់ ថា រាល់ថ្ងៃនេះប្អូនប្រុសរបស់គាត់ មិនអាច ងើបអង្គុយឬឈរបានទេ គឺដេកតែនៅលើកន្ទេល តែម្តង រាល់ពេលហូបបាយរូបគាត់ជាអ្នកបញ្ចុក ជួនកាលហូបខ្លួនឯង ហើយបត់ជើងតូចធំគាត់ ជាអ្នកមើលថែប្អូនទាំងអស់ ដោយសារមាន តែ២នាក់បងប្អូន បើគាត់មិនមើលបានអ្នកណា មើល។ ពេលនេះមុខរបួស ហូរទឹករងៃមិនមាន លុយសម្រាប់ទិញថ្នាំលេប ឬព្យាបាលនោះទេ ចំណែកជីវភាពគ្រួសារគាត់ ដែលពឹងលើរបរ ស្រែចម្ការជួបការលំបាកខ្លាំងណាស់ ជួនធ្វើស្រែ បានផល ជួនមិនបានផល ប៉ុន្តែទោះបីជាមាន ហូបគ្មានហូប គាត់មិនអាចបោះបង់ប្អូនប្រុសដ៏ កម្សត់ម្នាក់នេះបានទេ។

ជាចុងក្រោយស្ត្រីជាបងរបស់បុរសពិការ បានទទូចអង្វរសូមឱ្យសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម- កម្ពុជា និងសម្តេចហ៊ុន សែន មេត្តាជួយប្អូន ប្រុសរបស់គាត់ផង ក្រែងបានលុយកាក់ខ្លះទៅ ពេទ្យព្យាបាលលាងរបួស៕ អ៊ុំ ណូន

RELATED ARTICLES