Wednesday, May 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដោះលែងអ្នកនយោបាយ អ្នកឃ្លាំមើលថា ពង្រឹងឯកភាពជាតិ សាមគ្គីការពារទឹកដី

ដោះលែងអ្នកនយោបាយ អ្នកឃ្លាំមើលថា ពង្រឹងឯកភាពជាតិ សាមគ្គីការពារទឹកដី

ភ្នំពេញ ៖ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានតុលាការថៃ ដោះលែង នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ ក្រោយពីចោទប្រកាន់អស់ ២០ឆ្នាំ ក្នុងរឿងជម្លោះនយោបាយថៃ អ្នកឃ្លាំមើលកម្ពុជា បានលើកឡើងថា សម្រាប់កម្ពុជា ការដោះលែងអ្នកនយោបាយប្រឆាំង រួមមាន លោក កឹម សុខា និងលោក ថាច់ សេដ្ឋា រួមទាំងអ្នកជាប់ឃុំមនសិការទាំងអស់ ក៏គួរធ្វើនៅពេលនេះដែរ ដើម្បីពង្រឹងឯកភាពជាតិ សាមគ្គីភាពជាតិ ការពារទឹកដី ខណៈដែលកម្ពុជា កំពុងរងការប្រមាថនិងការឈ្លានពានពីប្រទេសជិតខាង (សៀម ឬថៃ) ។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថា “អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ត្រូវបានដោះលែងនៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ បន្ទាប់ពីតុលការថៃ ចោទប្រ កាន់លោក ប្រមាណ ២០ឆ្នាំមកនេះ ក្នុងរឿងជម្លោះនយោបាយថៃ។ ជាមួយគ្នានេះដែរ ក្រុមអ្នកប្រជាធិបតេយ្យ និងពលរដ្ឋខ្មែរ ជាច្រើន បានសរសេរសារលើបណ្តាញសង្គម ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះ លែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងអ្នកនយោបាយនិងសកម្មជនសង្គមនានា ដើម្បីជាការផ្សះផ្សាស្មារតីជាតិខ្មែរ ស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា និងគោលការណ៍ច្បាប់អន្តរជាតិ។ ការផ្សះផ្សាឯក ភាពជាតិ គឺជាយន្តការពង្រឹងស្មារតីសាមគ្គីជាតិ ការពារប្រយោជន៍ជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈដែលកម្ពុជា កំពុងរងការប្រមាថនិងការឈ្លានពានពីប្រទេសថៃ ជាដើម។ រដ្ឋាភិបាលកម្ពុជា គប្បីគិតគូរឡើង វិញ រួចត្រូវសម្រួលដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ដូចការផ្តល់យោបល់ខាងលើ” ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា ករណីដោះលែងអ្នកនយោបាយដែលមានឥទ្ធិពលក្នុងសង្គម គឺជាយន្តការទី១ ក្នុងការផ្សះផ្សា បង្ហាញអំពីសុច្ឆន្ទៈរដ្ឋាភិបាល ក្នុងការផ្សះផ្សាជាតិ ហើយនៅពេលដែលផ្សះផ្សាជាតិ ឯកភាពជាតិ ពល រដ្ឋខ្មែរមានស្មារតី នាំគ្នាកសាងប្រទេសរួមគ្នា អាចទប់ស្កាត់អំពើឈ្លានពានរបស់ប្រទេសជិតខាង ជាពិសេសថៃ សព្វថ្ងៃ ដែលកំពុងតែពង្រីកការឈ្លានពានបូរណភាពទឹកដីកម្ពុជាយើង  ដែលនេះវាអាស្រ័យលើឆន្ទៈនយោ បាយ គឺទាល់តែរដ្ឋាភិបាល បើកទូលំទូលាយនូវលំហសេរីភាព ទើបធ្វើឲ្យពលរដ្ឋ អាចរស់នៅជាសុខសាន្តបាន តែបើស្ថានភាពដូចបច្ចុប្បន្ន នៅតែប្រើយន្តការ ងើប១ វ៉ៃ១ ដូចដែលប្រមុខបក្សកាន់អំណាច បានដាក់ចេញ នោះហៅថា ជាអំណាចផ្ដាច់ការ គ្រួសារនិយម ។

លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ករណីដោះលែងលោក កឹម សុខា លោកថាច់ សេដ្ឋា អ្នកនយោ បាយដទៃៗក្រៅរដ្ឋាភិបាលហ្នឹង និងសកម្មជនសង្គមជាច្រើនទៀត មានសកម្មជនបរិស្ថាន សកម្មជនទិតៀនរឿងព្រំដែន កន្លងទៅ អ្នកកាសែត ប្រជាពលរដ្ឋដែលរងគ្រោះអយុត្តិធម៌ហ្នឹង ទាំងអស់ហ្នឹង គួរគប្បីរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ពិចារណាដោះលែងពួកគាត់វិញទៅ ព្រោះពួកគាត់ហ្នឹង វាជាប់ទោសទណ្ឌយ៉ាងអយុត្តិធម៌ទៅហើយ ហើយតុលាការប្រឌិតភ័ស្តុតាង ប្រឌិតសាច់រឿង ចោទប្រកាន់ទាំងអយុត្តិធម៌ ខណៈពេលដែលពួក គាត់គ្រាន់តែប្រើសិទ្ធិក្នុងការបញ្ចេញមតិ ។ តាមគោលការណ៍ប្រជាធិបតេយ្យ ដែលកម្ពុជា ប្រកាន់ខ្ជាប់នៅក្នុងរដ្ឋធម្មនុញ្ញហ្នឹង ដែលថា កម្ពុជា ដើរតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្សហ្នឹង ។ អ៊ីចឹងអាគោលការណ៍ប្រជាធិបតេយ្យមួយនេះ គឺបើកលំហសេរីភាពក្នុងការបញ្ចេញមតិ គ្មានទោសទណ្ឌទេ ក្នុងការបញ្ចេញមតិ វៀរ លែងតែករណីយកដៃ យកដំបង យកគ្រឿងអាវុធផ្សេងៗ បង្ករបួសស្នាមលើអ្នកដទៃ អាហ្នឹងបានមានទោសទណ្ឌ ប៉ុន្តែសេរីភាពបញ្ចេញមតិហ្នឹង គ្មានទេ ហើយម្យ៉ាងទៀត អ្នកនយោបាយ ពួកសកម្មជនទិតៀនមន្រ្តីសាធារណៈ ទិតៀនរដ្ឋាភិបាល រឹតតែអត់មានទោសអីទាំងអស់ អាហ្នឹងក្នុងគោលការណ៍ច្បាប់ អ៊ីចឹង ។ ម្ល៉ោះហើយ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គួរពិនិត្យមើលឡើងវិញ ទី១ ដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា ទម្លាក់ចោលបទចោទលោក រ៉ុង ឈុន ទម្លាក់ចោលការចោទប្រកាន់ដល់សកម្មជនសង្គម បរិស្ថាននានាទាំងអស់ ដូចខ្ញុំបញ្ជាក់ជូនអ៊ីចឹង ទម្លាក់ចោលឲ្យអស់ ដើម្បីឲ្យពួកគាត់មានសេរីភាពវិញទៅ ហើយនៅពេលនោះក្រុមគ្រួសារគាត់ ប្រាកដជាអរគុណរដ្ឋាភិបាលហ្នឹង អាហ្នឹងមួយទៅ។ ហើយមួយទៀត ប្រជាពលរដ្ឋ សាធារណជន គេមើលឃើញថា រដ្ឋាភិបាលហ្នឹង មិនតឹងតែងដូចមុនទេ សម្រួលសេរីភាព“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ករណីដែលមើលឃើញថា មិនតឹងតែង មិនឃើញថា វាប្រសើរជាងមុនហ្នឹងហើយ ដែលបញ្ជាក់ថា ជាការផ្សះផ្សាស្មារតីជាតិ ព្រោះស្មារតីជាតិ ស្មារតីហ្នឹង វាស្ថិតនៅលើចិត្តគំនិតរបស់ពលរដ្ឋ របស់មនុស្ស កាលណាមនុស្សមានស្មារតី មនុស្សឈប់ចោទប្រកាន់គ្នា ឬក៏រដ្ឋាភិបាល លែងធ្វើទុក្ខបុក្ខម្នេញទៅដល់អ្នកដែលទិតៀនហ្នឹងហើយ បញ្ជាក់ថា រដ្ឋាភិបាលហ្នឹង មានចិត្តទូលាយ មានចិត្តគោរពរដ្ឋធម្មនុញ្ញពេញលេញ ហើយមានចិត្តគោរពគោលការណ៍ច្បាប់អន្តរជាតិ ដែលកម្ពុជា បានទទួលស្គាល់ហើយនោះ ហើយពេលនោះ អ្នកទាំងអស់គ្នាហ្នឹង គឺមានសេរីភាពក្នុងការបញ្ចេញមតិ ហើយពេលដែលមានសេរីភាពហើយ រដ្ឋាភិបាលកម្ពុជា កែសម្រួលច្បាប់ទម្លាប់ ឲ្យល្អប្រសើរជាងមុនទៅ កែច្បាប់ណាអាក្រក់ៗហ្នឹង អវិជ្ជមានហ្នឹង កែឲ្យវិជ្ជមាន ឲ្យស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ស្របតាមស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ស្រប តាមគោលការណ៍ច្បាប់អន្តរជាតិទៅ អាហ្នឹងហើយដែលហៅថា ផ្សះផ្សា ឯកភាពជាតិ។ អ៊ីចឹងបានថា ករណីដោះលែងអ្នកនយោបាយដែលមានឥទ្ធិពលក្នុងសង្គម គឺជាយន្តការទី១ ក្នុងការផ្សះផ្សា បង្ហាញអំពីសុច្ឆន្ទៈរដ្ឋា ភិបាលក្នុងការផ្សះផ្សាជាតិ ហើយនៅពេលដែលផ្សះផ្សាជាតិ ឯកភាពជាតិ ពលរដ្ឋខ្មែរ មានស្មារតីទៅ យើងនាំគ្នាកសាងប្រទេសរួមគ្នាទៅ រួចអាចទប់ស្កាត់អំពើឈ្លានពានរបស់ប្រទេសជិតខាង ជាពិសេសថៃ សព្វថ្ងៃ ដែលកំពុងតែពង្រីកការឈ្លានពានបូរណភាពទឹកដីកម្ពុជាយើងនេះ ។ អាហ្នឹងវាអាស្រ័យលើឆន្ទៈនយោបាយ ដូចខ្ញុំបញ្ជាក់ជូនអ៊ីចឹង ទាល់តែរដ្ឋាភិបាលហ្នឹង បើកទូលំទូលាយនូវលំហសេរីភាព បានធ្វើឲ្យពលរដ្ឋហ្នឹងអាចរស់នៅជាសុខសាន្តបាន តែបើស្ថានភាពដូចកម្ពុជា ងើប១ វ៉ៃ១ តាមយន្តការ ងើប១ វ៉ៃ១ របស់លោក ហ៊ុន សែន ហ្នឹង អាហ្នឹងគេហៅថាជាអំណាចផ្ដាច់ការ គ្រួសារនិយម ។ អំណាចផ្ដាច់ការ វាស្ថិតនៅលើការប្រើកម្លាំងយោ ធា កម្លាំងសព្វាវុធ កម្លាំងនគរបាល អីអស់ហ្នឹង បង្រ្កាបទៅដល់ជនស្លូតត្រង់ ហើយដល់គ្រួសារនិយម គឺការតែងតាំងបក្ខពួកគ្នាឯង ឲ្យធ្វើជាមន្រ្តី អត់ខ្វល់ថា អ្នកហ្នឹងមានសមត្ថភាពឬអត់សមត្ថភាព ឲ្យតែបក្ខពួក សែស្រឡាយហ្នឹង គឺឲ្យធ្វើជាមន្រ្តីតូច មន្រ្តីធំ តាមសែស្រឡាយ ។ ដល់អ៊ីចឹងទៅ វាបង្កើតអំពើពុករលួយជាសាធា រណៈ អំពើបក្ខពួកនិយម ពេញប្រទេស ហើយអំណាចផ្ដាច់ការ គ្រួសារនិយមហ្នឹង គឺវាកាន់តែខ្លាំងក្លាជាងមុន ។ ម្ល៉ោះហើយ ធ្វើឲ្យប្រព័ន្ធសង្គមហ្នឹង វាលូតលាស់យឺតយ៉ាវ អភិវឌ្ឍវាយឺតយ៉ាវ ងើបមិនរួចទេ ហើយយើងមើលទៅប្រទេសទន់ខ្សោយទាំងអស់ នៅលើពិភពលោក វាសុទ្ធតែអ៊ីចឹង ដូចមួយចំណែក នៅស្រុកអាហ្វ្រិក មួយចំណែកនៅអាមេរិកខាងត្បូង មួយចំណែកនៅអឺរ៉ុបខាងកើត ជាពិសេសនៅអាស៊ីអាគ្នេយ៍យើងហ្នឹង ប្រ ទេសជាច្រើនណាស់ ដែលអាប្រព័ន្ធបក្ខពួកនិយម ប្រព័ន្ធអំពើពុករលួយ និងការប្រើអំណាចខុសឆ្គងហ្នឹង វាធ្វើឲ្យស្រុកទេសហ្នឹង វាលូតលាស់យឺត“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ែន ណាត ខាងលើនេះ បានធ្វើឡើងក្រោយពីអ្នកនយោបាយថៃ ជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកម្មវិធីដោះលែងមុនកាលកំណត់ ដោយមានលក្ខខណ្ឌថា លោកត្រូវតែពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក រហូតដល់ការកំណត់នៃការសាក ល្បង រយៈពេលបួនខែ របស់លោក សម្រាប់ការអនុវត្តទោសនៅក្រៅឃុំ។

 លោក ថាក់ស៊ីន គឺជាអ្នកទោសម្នាក់ ក្នុងចំណោមអ្នកទោស ជាង ៨៥០នាក់ ផ្សេងទៀត ដែលត្រូវបានដោះ លែង មុនកាលកំណត់។ កាលពីខែមុន អាជ្ញាធរថៃ បានប្រកាសពីការសម្រេចចិត្តរបស់ពួកគេ ក្នុងការដោះ លែងលោក ថាក់ស៊ីន ចេញពីពន្ធនាគារ មុនកាលកំណត់ ដោយលើកឡើងពីកត្តាអាយុរបស់លោក និងការពិតដែលថា លោកនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដើម្បីអនុវត្តទោស។

ជាការកត់សម្គាល់ សម្រាប់មជ្ឈដ្ឋានតាមដានព្រឹត្តិការណ៍នយោបាយនៅប្រទេសកម្ពុជា ជាពិសេសអ្នកប្រជា ធិបតេយ្យ នៃអតីតគណបក្សប្រឆាំង បានចាត់ទុកការដោះលែងលោកថាក់ស៊ីន ជានយោបាយផ្សះផ្សា របស់នាយករដ្ឋមន្រ្តីថៃ បច្ចុប្បន្ន ។ ដូច្នេះមជ្ឈដ្ឋានទាំងអស់នោះ ចង់ឃើញនាយករដ្ឋមន្រ្តីកម្ពុជា អនុវត្តនូវនយោ បាយផ្សះផ្សានេះ តាមរយៈការដោះលែងអ្នកទោសនយោបាយ រួមមានលោកកឹម សុខា និងលោកថាច់ សេដ្ឋា ជាដើម ដើម្បីស្មារតីការពារជាតិ ។

លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងតាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថា “ថ្ងៃនេះលោក ថាក់ស៊ីន ត្រូវបានដោះលែង ប៉ុន្តែមិនត្រូវបានជាប់បម្រាមធ្វើនយោបាយអស់មួយជីវិត ដូចលោក ស៊ុន ចន្ធី នោះទេ។ លោក កឹម សុខា ក៏ត្រូវជាប់បម្រាមធ្វើនយោបាយ អស់មួយជីវិតដែរ និងត្រូវឃុំខ្លួន ២៧ឆ្នាំ ហើយលោក រ៉ុង ឈុន ក៏ត្រូវបានហាមឈរឈ្មោះឲ្យគេបោះឆ្នោត អស់មួយជីវិត។ លោក សម រង្ស៉ី ក៏ត្រូវបានកាត់ ទោសឲ្យជាប់គុក ជាង១០០ឆ្នាំ ហើយអ្នកទោសមនសិការ ជាច្រើននាក់ កំពុងនៅក្នុងគុក។ អ្នកនយោបាយប្រឆាំង ជាច្រើននាក់ មិនអាចចូលស្រុកបាន និងលោក ថាច់ សេដ្ឋា ដល់ថ្ងៃត្រូវដោះលែង ប៉ុន្តែតុលាការ នៅបន្តឃុំខ្លួនគាត់។ នេះជាការបំបែកបំបាក់ជាតិខ្មែរ របស់លោក  ហ៊ុន សែន ដែលធ្វើឲ្យខ្មែរខ្សោយ និងធ្វើឲ្យថៃ ឈ្លានពានខ្មែរ ស្រេចចិត្ត ប៉ុន្តែបែរជាអ្នកគាំទ្របក្សប្រជាជន ចង់ផ្តល់គោរមងារលោក ហ៊ុន សែន ជាបិតាឯកភាពជាតិកម្ពុជា ទៅវិញ។ លោក ហ៊ុន សែន សុខចិត្តកម្ចាត់ខ្មែរគ្នាឯង ប៉ុន្តែមិនហ៊ានកម្ចាត់ថៃ ដែលកំពុងឈ្លានពានយកទឹកដី រាល់ថ្ងៃ។ លោក ហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ប៉ុន្តែគាត់កំសាកជាមួយថៃ ដែលខុសពីថៃ គេបង្រួបបង្រួមជាតិ ដើម្បីឈ្លានពានទឹកដីខ្មែរ។ យើងសូមផ្តល់គោរមងារលោក ហ៊ុន សែន ជាបិតាបំបែកបំបាក់ជាតិ និងបិតាធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ទៅថៃ ចំនួន៦២ទីតាំង និងបាត់បង់ទឹកដីទៅវៀត ណាម ឬបិតាបាត់ដី។ លោក ហ៊ុន សែន ការពារអំណាច ជាជាងការពារទឹកដី“ ។

លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីលោកកឹម សុខា បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថា “កាលពីមុនអ៊ូអរណាស់ តែពេលនេះឃើញតែរបងផ្ទះ ដែលបានបិទអស់ជាច្រើនឆ្នាំ ក្រោមការយាមកាមយ៉ាងតឹងរ៉ឹង ២៤ម៉ោង ពីសមត្ថកិច្ច មិនដឹងពេលណា ម្ចាស់ផ្ទះ មានសេរីភាពឡើងវិញ ។ ឃើញថៃ ដោះលែងអ្នកនយោបាយ ឲ្យមានសេរីភាព ដើម្បីផ្សះផ្សាជាតិ ស្រ ណោះដល់ខ្មែរយើងណាស់ តើខ្មែរ អាចដោះលែងអ្នកនយោបាយ និងផ្សះផ្សាជាតិ ដើម្បីទប់ទល់នឹងការឈ្លាន ពានរបស់ថៃទេ?“ ៕ កុលបុត្រ

RELATED ARTICLES