Wednesday, May 13, 2026
Homeទេសចរណ៍អាជ្ញាធរអប្សរា ណែនាំដំណើរកម្សាន្ត ក្នុងរមណីយដ្ឋានអង្គរ នារដូវវស្សា

អាជ្ញាធរអប្សរា ណែនាំដំណើរកម្សាន្ត ក្នុងរមណីយដ្ឋានអង្គរ នារដូវវស្សា

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការនានា នារដូវវស្សា ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្តីពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណី យដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក មានខ្លឹមសារថា «អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជម្រាបជូនសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរ ជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនា ប្រកប ដោយភាព សប្បាយរីករាយ និងក្នុងគោលដៅបង្ការផលប៉ះពាល់ ព្រមទាំងធានាបាននូវសុវត្ថិភាពជាអតិបរមា នារដូវវស្សា ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទាំង អស់ក្នុងដំណើរកម្សាន្ត និងឆ្លងកាត់រមណី យដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា សូមរំលឹកអំពីវិធានការ គួរអនុវត្តមួយចំនួន ដូចខាងក្រោម ៖

១-សុវត្ថិភាពពីបាតុភូតធម្មជាតិ

– គ្រោះថ្នាក់ពីដើមឈើ ៖ សូមកុំចតយានយន្តគ្រប់ប្រភេទ ក្រោមដើមឈើ នៅពេលខ្យល់កន្ត្រាក់ ឬភ្លៀងខ្លាំង ដែលអាចបណ្តាលឱ្យសភាពដីទន់ជ្រាយខ្លាំង បង្កទៅជាការបាក់មែក ឬរលំដើមឈើ ជាយថាហេតុ។

– ប្រយ័ត្នផ្គររន្ទះ ៖ ក្នុងករណីមេឃខ្មៅ ធ្លាក់ភ្លៀង ឬមានផ្គររន្ទះខ្លាំង សូមចៀសវាងការប្រើឧបករណ៍អេឡិចត្រូនិក និងកុំជ្រកក្រោមដើមឈើធំៗ។

២-ការរៀបចំខ្លួន និងសម្លៀកបំពាក់

– ស្បែកជើង ៖ គួរប្រើប្រាស់ស្បែកជើង ដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទ អាចនឹងមានសភាពរអិលខ្លាំង នៅពេលសើម។

– អាវភ្លៀង និងឆត្រ ៖ គួរត្រៀមអាវភ្លៀង ឬឆត្រ ដែលមិនមានចុងស្រួចខ្លាំង (អាចប៉ះពាល់ថ្ម និងចម្លាក់ប្រាសាទ) និងចៀសវាងប្រើប្រាស់សម្ភារទាំងនោះ ដែលមានស្លាកសញ្ញា (Logo) តំណាងឱ្យការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ផ្ទុយពីគោលការណ៍គ្រប់គ្រងបេតិកភណ្ឌពិភពលោក។

– គោរពក្រមសីលធម៌ ៖ ស្លៀកពាក់ឱ្យបានសមរម្យ និងអនុវត្តវិធានផ្សេងៗទៀត ដូចមានកំណត់ក្នុងក្រមប្រតិបត្តិអង្គរ ជូនភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ។

៣-ផ្សេងៗ

– ការការពារសត្វល្អិត ៖ គួរលាបថ្នាំការពារសត្វល្អិត ដោយសាររដូវវស្សា អាចនឹងមានសត្វល្អិតច្រើន នៅតំបន់មានព្រៃ។

– គោរពស្លាកសញ្ញាព្រមាននានា ៖ អនុវត្តទៅតាមស្លាកសញ្ញាឱ្យដំណឹងនានា ជាពិសេសគោរពតាមណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ ប្រចាំការនៅតាមទីតាំងនីមួយៗ។

– អំពីសត្វស្វា ៖ ចៀសវាងជាដាច់ខាត ការផ្តល់ចំណី និងការប៉ះពាល់ផ្ទាល់ជាមួយសត្វស្វាពីព្រោះសកម្មភាពទាំងនេះ នឹងផ្តល់ផលអាក្រក់ ច្រើនជាងផលល្អ ធ្វើឱ្យរំខានដល់ឥរិយាបថធម្មជាតិរបស់សត្វ ធ្វើឱ្យសត្វពឹងផ្អែកលើមនុស្ស និងអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា បង្កើនហានិភ័យនៃជំងឺ ការប្រឈមមុខដាក់គ្នារវាងមនុស្ស និងសត្វ ប្រកបដោយគ្រោះថ្នាក់ ជាដើម។ តាមរយៈនេះ សូមទុកឱ្យសត្វរស់នៅតាមបែបធម្មជាតិ មានសុខភាពល្អ និងមានសេរីភាព៘

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរ ដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត តាមការគួរ»៕

RELATED ARTICLES