ភ្នំពេញ ៖ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា ដែលធ្លាប់ផុងខ្លួននឹងថ្នាំ ញៀន រហូតជាប់ពន្ធនាគារ និងធ្លាប់ទទួលបានការជួយជ្រោមជ្រែងឱ្យចូលមកកាន់វិស័យចម្រៀង ជាថ្មី ជា ច្រើនលើកច្រីនសា តែចុងក្រោយនៅតែធ្វើឱ្យអ្នកខំជួយ ខកបំណងជាបន្តបន្ទាប់នោះ ពេលនេះ បានចេញមកទទួលស្គាល់ថា ពិតជាគ្មានឱកាស ជាលើកទី៣ សម្រាប់ខ្លួននោះទេ ទោះបីជាខ្លួនខុស ចេះកែ តែបើគ្មានឱ កាស ក៏មិនអាចត្រឡប់ទៅដូចដើមបានឡើយ។

លោក ប៊ុត សីហា បានសរសេរក្នុងទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា “ទទួល ស្គាល់ហើយថា គ្មានឱកាសជាលើកទី៣ទេ មនុស្សខុស ចេះកែ ជារឿងល្អមែន តែបើគ្មានឱកាស ក៏មិនអាចត្រឡប់ទៅដូចដើមបានដែរ…”។
ដោយឡែក កន្លងមក អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ រូបនេះ ធ្លាប់បានបង្ហោះសំណេរថា “ខ្ញុំជាអ្នកជ្រើសផ្លូវទាល់ ក៏ជាខ្ញុំដែលត្រូវរកផ្លូវបន្ត ក្តីសង្ឃឹម នៅតែមាន ថាថ្ងៃណាមួយ ខ្ញុំនឹងឱ្យម្តាយខ្ញុំ ញញឹមអបអរខ្ញុំម្តងទៀត ជាពិសេស អ្នកដែលបោះឆ្នោតគាំទ្រខ្ញុំ…”។

ក្រោយឃើញការបង្ហោះសារ ក្នុងន័យបង្ហាញពីការអស់សង្ឃឹម និងតូចចិត្តបែបនេះ ក៏មានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានចូលមកខម្មិន ផ្តល់មតិ យោបល់ ជួយលើកទឹកចិត្ត ផ្តល់ជាកម្លាំងចិត្តឱ្យអតីតតារាចម្រៀងរូបនេះ រឹងមាំឡើង តស៊ូ ខំប្រឹងបន្តដំណើរទៅមុខទៀត។ ប៉ុន្តែជាមួយនេះ ក៏មានមតិវាយប្រហារ រិះគន់ទៅលើលោក ប៊ុត សីហា ដោយ សម្តីធ្ងន់ៗផងដែរ។
ក្នុងនោះ អ្នកគាំទ្រ ប៊ុត សីហា មួយចំនួន បានចូលទៅខម្មិនថា “សន្យានឹងខ្លួនឯង ជឿជាក់លើខ្លួនឯង និងមិនក្បត់ខ្លួនឯង នោះអ្វីៗនឹងប្រសើរឡើងបន្តិចម្តងៗ ត្រូវចាំថា គ្រប់យ៉ាង ត្រូវការពេលវេលា…”។
ចំណែកខ្លះទៀត បានលើកឡើងថា “ត្រូវចេះបង្កើតឱកាសឱ្យខ្លួនឯង កុំរំពឹងដង្ហើមគេដក…”។ រីឯខ្លះថា “ប្រឹងតស៊ូដើរទៅមុខ ដើម្បីអនាគតខ្លួនឯង កុំខ្វល់ជាមួយមនុស្ស ១ចំនួន ចាំតែជាន់ ពន្លិចយើង ដួលប៉ុន្មានដង ក៏ត្រូវតែក្រោកបន្ត…”។

ប៉ុន្តែជាមួយគ្នានេះ ក៏មានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចូលទៅខម្មិនរិះគន់ ដោយពាក្យធ្ងន់ៗទៅកាន់ ប៊ុត សីហា ថា “ទៅបួសទៅ Idol…ឱកាសមនុស្សថ្មី មនុស្សដូចអាយដល ប្រហែលជាគេលែងផ្តល់ឱកាសឱ្យហើយ ព្រោះអាយដល មិនមែនថោកតែខ្លួនឯងទេ គឺនាំគេថោក ខូចទាំងឈ្មោះ ហើយអាយដល ធ្វើឱ្យគេខាតទាំងពេលគេ ខាតទាំងទឹកចិត្តគេ ដែលខំជឿជាក់ ខំជួយ តែចុងក្រោយ នៅតែស៊ីអាចម៍ដដែល…” ។ ចំណែកខ្លះទៀត បានលើកឡើងថា “អស់ឱកាសហើយប្អូន នេះជាទម្លាប់របស់ប្អូនទៅហើយ ដូចពាក្យចាស់ថា ឈើកោង វល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត…”។
ជុំវិញការបញ្ចេញមតិរបស់មហាជន អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើនេះ លោកប៊ុត សីហា មិនបានចូលទៅឆ្លើយតប ឬវែកញែករកហេតុផលអ្វីជាមួយអ្នករិះគន់ ប្រមាថដល់ខ្លួននោះឡើយ ដោយលោកបានត្រឹមចូលទៅខម្មិនអរគុណ ចំពោះអ្នកដែលផ្តល់កម្លាំងចិត្តឱ្យខ្លួនប៉ុណ្ណោះ។

គួររលឹកថា ប៊ុត សីហា អាយុ៣១ឆ្នាំ បានលើកពាន The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៤ តែសីហា ត្រូវបានថៅកែហង្សមាស ដេញចេញពីផលិតកម្ម នៅឆ្នាំ២០១៨ ទាំងមិនទាន់ចប់កុងត្រា ព្រោះតែតារារូបនេះ មានការពាក់ព័ន្ធនឹងគ្រឿងញៀន។ សីហា ដែលត្រូវបានគេមើលឃើញថា ជាតារាមានសមត្ថភាពខ្ពស់ ក្នុងចំណោមម្ចាស់ពានទាំងឡាយ របស់ហង្សមាស នោះ ក៏ធ្លាប់ត្រូវបានប៉ូលិសចាប់ខ្លួន ពាក់ ព័ន្ធជក់គ្រឿងញៀន នៅផ្ទះសំណាក់ ដែលធ្វើឱ្យរូបគេអស់ផ្លូវដើរ ដោយសាតែអ្នកដែលធ្លាប់ជួយរូបគេ ក្នុងនោះមានទាំងលោកស្រី ទ្រី ដាណា ម្នាក់ផងដែរ ដែលចំណាយលុយអស់ជាង ១០ម៉ឺនដុល្លារ លើសីហា ក្នុងការផ លិតបទចម្រៀង ឱ្យសីហា និងផ្តល់ឱ្យប្រាក់ខែខ្ពស់នោះ លែងមានទំនុកចិត្ត ហើយឈប់ផ្តល់ឱកាសឱ្យម្ចាស់ពានរូបនេះទៀត។ សីហា ក៏ត្រូវបែកបាក់ប្រពន្ធ ហើយកូនស្រីខ្លួន បានទៅប្រពន្ធ ជាអ្នកមើលថែ ទើបពេលនេះ លោកតែលតោល ហើយការសន្យាថា ឈប់សេពគ្រឿងញៀន ម្តងជាពីរដងនោះ មិនត្រូវបានគេជឿជាក់ទេទើប តារាចម្រៀងរូបនេះ បានបញ្ចេញសារដូចខាងលើនេះ។

ទោះបីជាយ៉ាងណា អ្នកដែលអ្នកធ្លាប់គាំទ្រសំឡេងរបស់ ប៊ុត សីហា តាំងពីពេលប្រឡងនៅហង្សមាស នៅតែយល់ថា សំឡេងសីហា នៅតែល្អ បើព្យាយាមកែខ្លួន ប្រឹងហាត់ច្រៀងឡើងវិញ ផ្តាច់ពីគ្រឿងញៀនបានទាំង ស្រុង នោះទៅអនាគត អាចនឹងក្លាយជាតារាចម្រៀងល្បីឡើងវិញ ជាមិនខាន៕ ដារិទ្ធ
