ខេតឧត្តរមានជ័យ ៖ ជនជាតិថៃ ម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នោះ ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០និង៥៩នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈ កម្មា ធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។

ការប្រគល់ខ្លួនជនជាតិថៃ ដែលបានរំលោភច្បាប់កម្ពុជា ទៅឱ្យភាគីថៃ នេះ ធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

បន្ទាប់ពីការពិនិត្យនិងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤ កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃ ខុសច្បាប់នោះ ទៅប្រគល់ជូនឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ ថៃ ដើម្បីមកទទួលដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ស្របតាមគោលការណ៍មនុស្សធម៌។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរពនិងការអនុវត្តឱ្យបានម៉ឺងម៉ាត់ពេញលេញ និងដោយស្មោះត្រង់ នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែន។

ភាគីថៃ បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជារៀងរាល់ថ្ងៃ ជាពិសេស ការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញ ដោយសុវត្ថិភាព៕
