Saturday, May 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៦១នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៦១នាក់

ភ្នំពេញ ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងអគារខុនដូ អ៊ែក ស៊ីក និងសណ្ឋាគារ សូហូ ៨៥ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ ខ្លួនជនសង្ស័យ សរុបចំនួន៦១នាក់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ្ប លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់លោកសេង ហៀង លោក ចើង ជើងគ័ង និងលោកថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៦១នាក់ (ស្រី ៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តបទល្មើស Online Scams ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង ញៀន ចំនួន៤នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងនិងសម្ភារបច្ចេកវិទ្យា មួយចំនួន មានដូចជា ៖ កុំព្យូទ័រយួរដៃ ចំនួន ៤៨គ្រឿង ទូរស័ព្ទដៃ ចំនួន៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រ ចំនួន ៣២គ្រឿង  CPU ចំនួន ១០គ្រឿង Tablet ចំនួន១ គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេស មួយចំនួនធំ។

ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

RELATED ARTICLES