Tuesday, May 19, 2026
Homeតារាខ្មែរនៅ សុនិតា បង្ហាញស្បៃខ្មែរ នៅបារាំង

នៅ សុនិតា បង្ហាញស្បៃខ្មែរ នៅបារាំង

ប្រទេសបារាំង ៖ នៅ សុនិតា បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលនាងគ្រងឈុតស្បៃខ្មែរ ថតជាប់ប៉មទួរអេហ្វែល (La Tour Eiffel) ប្រទេសបារាំង នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៦ ដែលនាងចាត់ទុកក្ដីស្រមៃក្លាយទៅ​ជាការពិត ព្រោះនាងចង់បំផុសឬផ្សព្វផ្សាយពីឈុតប្រពៃណីខ្មែរ នៅបរទេស។

នៅ សុនិតា និងបវរកញ្ញា កុយ អេនណា បានចូលជួបលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់នាងនៅប្រទេសបារាំង។

គួរបញ្ជាក់ថា នៅ សុនិតា បាននាំកូនប្រុស ហោះទៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៦ ហើយដំណើរលើកនេះ សំខាន់គឺនាងចង់ផ្សព្វផ្សាយពីស្បៃខ្មែរ ទៅអន្ដរជាតិ ហើយនាងនឹងវិលមកស្រុកវិញ នៅចុងខែឧសភា ពោលគឺក្រោយបញ្ចប់កម្មវិធីមហោ ស្រពភាពយន្ដអន្ដរជាតិក្រុងកាន លើកទី៧៩។ ការធ្វើយុទ្ធនា​ការផ្សព្វផ្សាយពីស្បៃខ្មែរនៅប្រទេសបារាំង របស់សុនិតា នាពេលនេះ កើតមានក្រោយពីមានតារាល្បីៗរបស់ខ្មែរ ជាច្រើន បានផ្សព្វផ្សាយពីស្បៃខ្មែរ ជាបន្ដបន្ទាប់ ក្នុងនោះមានដូចជា អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា​,នាដការីសុខគា គីមលាង   និងជូរី ល្អហួស ជាដើម ។

មានការកត់សម្គាល់ដែរថា នៅឆ្នាំ២០២៦ នៅ សុនិតា បានវិលមករកអាជីពចាស់វិញតាមរយៈការគ្រងតំណែងជាតួឯករឿង «សោកនាដកម្មភ្នំខ្មោច» បន្ទាប់ពីនាងធ្លាប់ថតរឿងឲ្យផលិតកម្មមួយនេះ កាលពីខែឧសភា ឆ្នាំ២០២៥ រឿង «អំពើអ្នកជិតខាង» ក្រោយផ្អាកថតសម្ដែងរឿង អស់រយៈពេល ៧ឆ្នាំ តាំងពីមានប្ដី លោកទិត ថាវរិទ្ធ និងកូនប្រុស ម្នាក់ អាយុជិត៧ឆ្នាំ។ តារាវ័យ៣៦ឆ្នាំ រូបនេះ មានតំណែងធំដល់ទៅ ២ដំណាលគ្នា នៅសមាគមសិល្បករខ្មែរ អាណត្តិទី៦ គឺជាអនុប្រធានសមាគមសិល្បករខ្មែរ និងប្រធានផ្នែកពិធីការរបស់សមាគមមួយនេះ ខណៈដែលស្វាមីនាងលោកទិត ថាវរិទ្ធ  កាន់តួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៨ ។ ឥទ្ធិពលរបស់សុនិតា ខ្លាំងជាងតារាធម្មតា ព្រោះជាង ២ឆ្នាំ មកនេះ នាងទៅដល់ទីណា ក៏ត្រូវបានគេហៅ «ជំទាវ» ហើយនាងថែមទាំងជាអ្នកតំណាងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ តាមកម្មវិធីមួយចំនួនទៀតផង ។ ប៉ុន្ដែអ្វីដែលសុនិតា នៅខ្វះនោះ គឺការគ្រងឈុតស្បៃខ្មែរ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់ខ្លួន ព្រោះគិតត្រឹមឆ្នាំ២០២៦ នេះ មង្គលការនាង ជាមួយលោកទិត ថាវរិទ្ធ ស្ងាត់ដូចចោរលួចសេះ ក្រោយមានព័ត៌មានថា នាងធ្លាប់បានភ្ជាប់ពាក្យជាមួយប្ដី កាលពីឆ្នាំ២០១៨។

នៅ សុនិតា អាយុ៣៦ឆ្នាំ ខណៈប្ដីនាង លោកថាវរិទ្ធ អាយុ៥៨ឆ្នាំ ពោលគឺនាងប្អូនស្វាមី ដល់ទៅ២២ឆ្នាំ ត្រូវបានអ្នករួមអាជីពដែលស្និទ្ធនាង ជំរុញឲ្យយកកូនភ្លោះ ហើយនាងក៏សប្បាយចិត្តពិ សេសនៅថ្ងៃខួបកំណើតខ្លួន ដែលគេជូនពរឲ្យបានកូនភ្លោះ តែពេលនេះ នាងមិនទាន់ពះពោះកូនភ្លោះឡើយ ។

ប្រភពថា សុនិតា នៅតែទទួលថតភាពយន្ដណាដែលខ្លួនស្រលាញ់ពេញចិត្ត តែបើមានឈុតឱបថើប គឺនាងមិន​លេងឡើយ ដោយសាតែខ្លាចប្ដីប្រចណ្ឌ ហើយខ្លួនឯងជាជំទាវផង ។

ក្រៅពីនៅ សុនិតា  តារានិងអតីតតារាដែលឡើងងារជំទាវ មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, ផាន់ ម៉ូនីកា, ពេជ្រ ច័ន្ទបរមី, ឱក បូរី និងស្រីតូច ចំណាន ។ សម្រាប់សុនិតា បើទោះជាស្នេហានាងមិនទាន់មានសុវត្ថិភាព ១០០% ព្រោះអត់ទាន់រៀបការ និងធ្លាប់លេចឮថារកាំរកូសម្ដងរួចទៅហើយ កាលពីឆ្នាំ២០២២ ក្ដី ប៉ុន្ដែសុនិតា តាំងពីចាប់ដៃជាមួយលោកថាវរិទ្ធ នាងរស់នៅយ៉ាងស៊ីវិល័យ ក្នុងនោះមានដូចជា មានវីឡាធំស្កឹមស្កៃ នៅបុរីប៉េងហួត (បឹងស្នោ) ជិះរថយន្ដទំនើបៗ ដូចជា Ford Raptor, Range Rover និង Alphard ស៊េរីខ្ពស់ ជាដើម៕

RELATED ARTICLES