Wednesday, May 20, 2026
Homeព័ត៌មានជាតិអ្នកជំនាញហិរញ្ញវត្ថុ ណែនាំពីឥណទានសុវត្ថិភាព និងកម្ចីអនឡាញ

អ្នកជំនាញហិរញ្ញវត្ថុ ណែនាំពីឥណទានសុវត្ថិភាព និងកម្ចីអនឡាញ

ភ្នំពេញៈ កម្ចីអនឡាញ ឬកម្ចីប្រាក់ក្រៅប្រព័ន្ធ ថ្វីត្បិតតែលឿនរហ័ស មិនពិបាកស្មុគស្មាញដូចការការ​ខ្ចីតាម​ប្រព័ន្ធហិរញ្ញវត្ថុ​ផ្លូវការ ដូចជា​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញហិរញ្ញវត្ថ ព្រមានថា កំពុងជះផលអវិជ្ជមានយ៉ាងច្រើនដល់កូនបំណុល ជាឥណទានដែលគ្មានសុវត្ថិភាព និងក្លាយជាអន្ទាក់បំណុល ក្នុងសម័យឌីជីថល ធ្វើឲ្យប្រជាពលរដ្ឋដែលខ្វះការយល់ដឹងផ្នែកចំណេះដឹងហិរញ្ញាវត្ថុ លង់ជឿតាមការឃោសនារបស់អ្នកផ្ដល់កម្ចីអនឡាញដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយចុងក្រោយ កូនបំណុលទាំងនោះ ដោះខ្លួនមិនរួច ប្រឈមនឹងបំណុលវ័ណ្ឌក រហូតឈានដល់ការធ្វើអត្តឃាត និងជួបបញ្ហានៅក្នុងគ្រួសារ ក្លាយជាវិបត្តិសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ និងជាតថភាពសង្គម បង្ហាញឲ្យឃើញថា ពលរដ្ឋខ្មែរនៅខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។

ការស្វែងយល់ពីចំណេះដឹងឥណទាន គឺជាការយល់ដឹងពីគោលការណ៍ សិទ្ធិ និងកាតព្វកិច្ចក្នុងការខ្ចីប្រាក់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ទាំងអត្រាការប្រាក់ ការគណនាប្រាក់សង របាយការណ៍ប្រវត្តិឥណទាន និងការជ្រើសរើសឥណទានឱ្យស្របតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនសំដៅត្រឹមតែចេះតួលេខលុយនោះទេ ប៉ុន្តែបានក្លាយជាបំណិនជីវិតមិនអាចខ្វះបានរបស់មនុស្ស ជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើការសម្រេចចិត្តចំពោះលុយឱ្យបានត្រឹមត្រូវ និងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន ។ ដូច្នេះការស្រាវជ្រាវស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីពង្រឹងបំណិនជីវិតហិរញ្ញវត្ថុ និងកសាងអនាគតប្រកបដោយសុវត្ថិភាព គឺជារឿងចាំបាច់បំផុត ខណៈដែលការយល់ដឹងផ្នែកហិរញ្ញវត្ថុ នៅមានកម្រិតទាប ។ 

យោងតាមរបាយការណ៍អក្ខរកម្មហិរញ្ញវត្ថុសកលឆ្នាំ២០១៥ បង្ហាញថា កម្ពុជា មានអត្រាអ្នកយល់ដឹងពីហិរញ្ញវត្ថុ ត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលឈរនៅលេខរៀងទី ១៣៥ ក្នុងចំណោម ១៤៤ ប្រទេស។ ចំណែករបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបង្ហាញដែរថា ពិន្ទុយល់ដឹងផ្នែកហិរញ្ញវត្ថុសរុបរបស់កម្ពុជា ស្ថិតនៅកម្រិតទាបនៅឡើយ បើប្រៀបធៀបជាមួយប្រទេសចំនួន ៣០ ផ្សេងទៀត។ ដូច្នេះការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ជួយបណ្តុះស្មារតីទទួលខុសត្រូវ ការគិតពិចារណា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា ផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ភាពជោគជ័យរបស់ប្រជាជនម្នាក់ៗ ។

ចំណេះដឹងហិរញ្ញវត្ថុដែលចាំបាច់ត្រូវដឹងនៅពេលនេះ គឺអ្នកជំនាញណែនាំឲ្យយល់ច្បាស់ពីឥណទានសុវត្ថិភាព ដែលជាការគ្រប់គ្រង ប្រើប្រាស់ និងស្នើសុំប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយធានាថា កម្ចីនោះមិនបង្កបន្ទុកធ្ងន់ធ្ងរដល់ចំណូល និងមិនធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ ឬអាជីវកម្មរបស់ខ្លួន ។ ដើម្បីប្រើប្រាស់ឥណទានឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត អ្នកជំនាញថា គួរអនុវត្តតាមគន្លឹះសំខាន់ៗ ដូចខាងក្រោម៖

ខ្ចីតាមតម្រូវការ៖ ត្រូវប្រាកដថា ប្រាក់ដែលខ្ចីមានគោលដៅច្បាស់លាស់ ដូចជាការពង្រីកអាជីវកម្ម ឬតម្រូវការចាំបាច់ មិនមែនសម្រាប់ការចំណាយហ៊ឺហា ឬទិញសម្ភារៈមិនចាំបាច់ឡើយ។

-វាយតម្លៃលទ្ធភាពសង៖ មុននឹងសម្រេចចិត្តខ្ចី ត្រូវគណនាប្រាក់ចំណូល និងចំណាយប្រចាំខែ ដើម្បីធានាថា ការសងប្រាក់ដើម និងការប្រាក់មិនលើសពី ៣០ ទៅ ៤០ភាគរយ នៃចំណូលសរុប ។

-ជ្រើសរើសស្ថាប័នស្របច្បាប់៖ ស្វែងរកកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដើម្បីការពារហានិភ័យ និងការកេងប្រវ័ញ្ចផ្សេងៗ។

-យល់ដឹងពីលក្ខខណ្ឌកម្ចី៖ ត្រូវអាន និងស្វែងយល់ឱ្យច្បាស់អំពីអត្រាការប្រាក់ កម្រៃសេវាផ្សេងៗ កាលបរិច្ឆេទសងប្រាក់ និងការពិន័យពេលយឺតយ៉ាវ មុននឹងចុះហត្ថលេខាលើកិច្ចសន្យា។

សម្រាប់គន្លឹះបន្ថែមទាក់ទងនឹងរបៀបគ្រប់គ្រងឥណទានឱ្យមានសុវត្ថិភាពខ្ពស់ ឥណទានពីរទៀត ក៏ជួយដល់សុវត្ថិភាពឥណទាន ផងដែរ គឺឥណទានក្រុម (Group Loan) សំដៅដល់ទ្រព្យសម្បត្តិរបស់សមាជិកក្រុមទាំងអស់ ឬសមាជិកក្រុមណាម្នាក់ គឺជាទ្រព្យធានាឥណទានសរុបរបស់ក្រុម ធានាគ្នាជាក្រុម (ធានាដោយស្ម័គ្រចិត្ត) គ្រប់សមាជិកក្រុម (អ្នកខ្ចី) និងអ្នករួមខ្ចី ត្រូវតែព្រមព្រៀងចុះកិច្ចសន្យាធានាអះអាងបំណុល ឬអាចមានលក្ខខណ្ឌតម្រូវផ្សេងៗទៀត អាស្រ័យតាមកម្រិតនៃហានិភ័យ (Risk) ។ ឥណទានទោល (Individual Loan) តម្រូវឲ្យមានទ្រព្យធានា ដូចជា គេហដ្ឋាន ដី ឬអចលនទ្រព្យផ្សេងៗទៀត ។

ប្រភេទនៃឥណទាននេះដែរ អ្នកជំនាញនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបែងចែកជាពីរបន្ថែមទៀត គឺឥណទានមានទ្រព្យធានា និងឥណទានគ្មានទ្រព្យធានា។ ឥណទានមានទ្រព្យធានា ជាប្រភេទឥណទានដែល​ត្រូវការទ្រព្យបញ្ចាំមកធានា ក្នុងនាមជាលក្ខខណ្ឌដើម្បីស្នើសុំកម្ចី។ ជាទូទៅ ឥណទានបែបនេះ អាចនិយាយបានថាជាកម្ចីស្របច្បាប់ ដែល​ចេញពីស្ថាប័នហិរញ្ញវត្ថុ រួមមាន កម្ចីបុគ្គល កម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម ជាដើម ។ រីឯឥណទានគ្មានទ្រព្យធានា គឺជាប្រភេទឥណទានដែលមិនត្រូវការទ្រព្យបញ្ចាំជាលក្ខខណ្ឌក្នុងការស្នើសុំកម្ចីឡើយ។ ជាទូទៅ កម្ចីប្រភេទនេះ ផ្លូវការ គឺជាកម្ចីពីស្ថាប័នហិរញ្ញវត្ថុដែល​មានអាជ្ញាប័នត្រឹមត្រូវ និងមិនផ្លូវការ ជាកម្ចីបានពីអ្នកស្គាល់ ឬសាច់ញាតិ ឬអ្នកឃោសនាផ្សេងៗ ។

ទាក់ទងនឹងកម្ចីក្រៅប្រព័ន្ធ គឺជាកម្ចី​ពី​ឯកជន ឬក្រុមហ៊ុនដែល​មិន​មាន​អាជ្ញាប័ណ្ណត្រឹមត្រូវ មិន​ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់​សហគ្រាស​ហិរញ្ញវត្ថុ។ កម្ចី​ក្រៅ​ប្រព័ន្ធ ត្រូវបានកត់សម្គាល់ឃើញថា មានពីររូបភាព គឺមួយ ជា​កម្ចី​ដែល​ច្រើនតែ​ធ្វើឡើង​ជាមួយនឹង​អ្នករកស៊ី​ចងការ​ប្រាក់ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ស្ថិតនៅក្រោម​រូបភាព​ជា​អង្គការ ឬ​អ្នករកស៊ី​ចងការ​ប្រាក់​ឯកជន ​និងពីរ កម្ចីអនឡាញ ទទួលការទាក់ទាញខ្លាំង តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬការបិទលេខទូរស័ព្ទតាមដើមឈើ តាមទីសាធារណៈ ជាដើម ។
ការផ្សព្វផ្សាយកម្ចីអនឡាញ របស់ឯកជនមួយចំនួន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលប្រទះឃើញជាញឹកញាប់ គឺធានាពីកម្ចីបានពិត មិនមែនជាកម្ចីបោកប្រាស់ បើទោះបី​ពិបាកក្នុងការស្នើទៅខាងធនាគារ ឬស្នើច្រើនដងមិនជោគជ័យ ព្រោះចំណូលមិនគ្រប់គ្រាន់ក្នុងការស្នើក៏ដោយ ក៏ម្ចាស់កម្ចីអនឡាញទាំងនោះ ដែលចាត់ទុកជាកម្ចីខុសច្បាប់ បានផ្សព្វផ្សាយឲ្យអតិថិជនរបស់ខ្លួនមានការជឿជាក់ថា អាចស្នើបាន២៥រាជធានី-ខេត្ត សិក្សារយៈពេលខ្លី បើកកម្ចី២៤ម៉ោង រាល់ការកម្ចី និងសាកសួរព័ត៌មាន សូមចូលឆាត លុយឆក់ លុយរាប់ ពី៥០ដុល្សារ ដល់១០០០០ដុល្លារ មិនបង់សេវាមុន មិនត្រូវការអ្នកធានា ព្រមទាំងសម្រួលដល់សេវាផ្សេងៗទៀត ។

ប្រជាពលរដ្ឋ​មួយចំនួនធំ ដែល​ជ្រើសរើស​កម្ចី​អនឡាញ ច្រើនតែ​ជា​កសិករ អាជីវករ ឬ​អ្នក​ដែល​ត្រូវការ​លុយ​បង្វិល​ភ្លាមៗ ព្រោះ​កម្ចី​មួយ​នេះ ​មាន​ភាពងាយស្រួល រហ័ស ដោយគ្រាន់តែធ្វើឯកសារមួយចំនួន ហើយតម្កល់ទុកអត្តសញ្ញាណប័ណ្ណច្បាប់ដើមនៅអ្នកឱ្យខ្ចី ជាការស្រេច ។ ជាពិសេសគ្រាន់តែឱ្យអ្នកខ្ចី ថតជាវីដេអូនិយាយអំពីខ្លឹមសារនៃការស្នើសុំ និងការសន្យា រួមទាំងការអនុញ្ញាតឱ្យម្ចាស់បំណុលយករូបភាព ឬវីដេអូរបស់ខ្លួន ទៅបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម នៅពេលដែលអ្នកខ្ចី មិនបានសងប្រាក់ជូនអ្នកឱ្យខ្ចីវិញ ។​ ជាគុណវិបត្តិ តាមប្រភពថា កម្ចីអនឡាញនេះ មិនបាន​ធ្វើ​ឲ្យអ្នកខ្ចី​ បានប្រសើរឡើង​នូវ​ជីវភាពទេ តែបែរជា​អាច​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដូចជា​ បំណុល​វ័ណ្ឌក​ ដោយសារ​ការប្រាក់​ខ្ពស់ និង​រយៈពេល​បង់​សង​ត្រឡប់​លឿន​ពេក ធ្វើ​ឲ្យ​អ្នក​ខ្ចីប្រាក់ ​រត់រក​ខ្ចីប្រាក់​ពីនេះពី​នោះ ​ដើម្បី​ដោះស្រាយ​បញ្ហា ​ដែល​នឹងធ្វើ​ឲ្យ​ជាប់បំណុល​គ្រប់​ទីកន្លែង ហើយ​ឈានទៅលក់​ទ្រព្យសម្បត្តិ​ចាំបាច់ ​ដើម្បី​ដោះស្រាយ​បំណុល​ ។ មិនតែប៉ុណ្ណោះ ក្រៅ​តែ​មិន​ទទួលបាន​ប្រាក់ចំណូល​ពី​កម្ចី​ហើយ ថែមទាំង​កើន​ការចំណាយ​មួយ​ភាព​ធំ​លើ​ការប្រាក់​ថែមទៀត ​ដែល​ធ្វើ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ធ្លាក់ចុះ​ ឬធ្វើឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ជួប​បញ្ហា​ ហើយ​​វិវាទ​ក្នុង​គ្រួសារ​ក៏ចាប់ផ្ដើមកើតមានឡើង ដោយឈ្លោះប្រកែក​គ្នា​រវាង​សមាជិក​នៅក្នុង​គ្រួសារ រហូត​ពេលខ្លះ​អាចឈាន​ទៅរក​ការបែកបាក់​គ្រួសារ​ក៏មាន​ និងចំណាកស្រុក ​ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​ ​ជួយ​ដោះ​បន្ទុកគ្រួសារ​ផងដែរ​។​

ជុំវិញគុណវិបត្តិទាំងនេះ អ្នកជំនាញ បានណែនាំថា បើចង់បានឥណទានដែលមានសុវត្ថិភាព គ្មានបង្កហានិភ័យ អ្នកខ្ចី ត្រូវឆ្លាតវៃ​ក្នុងការ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​សេវា​ប្រាក់កម្ចី​នីមួយៗ​ តាមរយៈ​ការសាកសួរ​ផ្ទាល់​ជាមួយ​បុគ្គលិក​បម្រើការ​ងារ​នៅ​ទីនោះ ស្តាប់​យោបល់​អ្នក​ធ្លាប់មាន​បទពិសោធន៍​ទទួល​សេវា​ប្រាក់កម្ចី​ផ្ទាល់ ឬ​ផ្តល់​ប្រឹក្សា​យោបល់​ពី​កម្ចី​នៅក្នុង​ភូមិ ​ជាដើម​។ អ្វីដែលសំខាន់នោះ ត្រូវ​ជ្រើសរើស​ទទួល​សេវា​ប្រាក់កម្ចី​ពី​ស្ថាន​ប័ន​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ព្រោះថា​ស្ថាន​ប័ន​ប្រភេទ​នេះ តែងតែ​ផ្តល់​អត្រា​ការប្រាក់​សមរម្យ និង​គិតគូរ​ពី​ផលប្រយោជន៍​អតិថិជន​ជាធំ​។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា បច្ចុប្បន្ន ការផ្ដល់កម្ចីអនឡាញខុសច្បាប់ បាននិងកំពុងធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថាជាកម្ចីស្របច្បាប់។ លោកថា ជាការពិត ស្ថាប័នស្របច្បាប់ក៏មានផ្ដល់កម្ចីអនឡាញដែរ ប៉ុន្ដែគ្រាន់តែជារូបភាពនៃការប្រើប្រព័ន្ធអនឡាញដើម្បីទំនាក់ទំនងនិងផ្ដល់ព័ត៌មានជូនអតិថិជនប៉ុណ្ណោះ ឯរាល់ការផ្ដល់ឥណទាន វាយតម្លៃ គឺនៅតែប្រើនីតិវិធីធម្មតា។ ផ្ទុយទៅវិញ អ្វីដែលឃើញនៅលើបណ្ដាញសង្គមសព្វថ្ងៃ ស្ទើរទាំងអស់ជាក្រុមផ្ដល់កម្ចីខុសច្បាប់ ។ ការរងគ្រោះដោយកម្ចីអនឡាញ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនឈានដល់ការធ្វើអត្តឃាត ។

លោក កាំង តុងងី បានមានប្រសាសន៍ថា “ កម្ចីក្រៅប្រព័ន្ធ ក្នុងហ្នឹងមានកម្ចីអនឡាញដែរ សំដៅទៅលើកម្ចីដែលផ្ដល់ដោយក្រុមបុគ្គល ឬក៏ក្រុមបក្ខពួកមួយចំនួន ដែលគាត់អត់មានអាជ្ញាប័ណ្ណទេ ។ អ៊ីចឹងកម្ចីទាំងអស់នេះ គឺវាមានគ្រោះថ្នាក់ និងបង្កហានិភ័យច្រើនដល់អ្នកប្រើប្រាស់ ទី១ គឺវាមានអត្រាការប្រាក់ថ្លៃខ្ពស់ហួសហេតុ ក្នុងករណីខ្លះ តម្លៃការប្រាក់ហ្នឹង វាហាហុកសិបភាគរយ ក្នុងមួយខែក៏បានដែរ ។ ទី២ មិនមានការការពារដល់អតិថិជនទេ គឺគាត់មានការផ្ដល់កម្ចីហ្នឹង នៅពេលដែលអតិថិជនមានបញ្ហា មានការគំរាមកំហែង ការបង្ហោះរូបបរិហារជាសាធារណៈ ការប្រើអំពើហិង្សា ហើយពេលខ្លះដាក់សម្ពាធរហូតដល់ពលរដ្ឋរងគ្រោះ អាចឈានដល់អត្តឃាតជារឿយៗ ដែលយើងឃើញតាមបណ្ដាញសារព័ត៌មានជាដើម ហើយទី៣ហ្នឹង ដោយសារតែការផ្ដល់កម្ចីរបស់គាត់ហ្នឹង មិនមានការសិក្សាលម្អិតទៅលើលទ្ធភាពសង ទៅលើគោលបំណងនៃការប្រើប្រាស់កម្ចីរបស់ពលរដ្ឋហ្នឹង យើងឃើញថា មានពលរដ្ឋហ្នឹងជួបបញ្ហារហូតដល់ធ្លាក់ខ្លួនក្នុងរឿងបំណុលវ័ណ្ឌកអីជាដើមផងដែរ ។ អ៊ីចឹងបានក្នុងន័យនេះ យើងលើកទឹកចិត្តដល់ពលរដ្ឋសុំចៀសពីកម្ចីក្រៅប្រព័ន្ធទាំងអស់នេះ ពីព្រោះវានឹងបង្កបញ្ហា ធ្វើឲ្យពួកគាត់មានបញ្ហាវិបត្តិ ។ ចំពោះការសម្គាល់កម្ចីមានអាជ្ញាប័ណ្ណ និងមិនមានអាជ្ញាប័ណ្ណ តាមរយៈណា? មិនពិបាកទេ យើងងាយក្នុងការសម្គាល់ ទី១ កាលណាបើជាគ្រឹះស្ថានត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវនៃផ្លូវច្បាប់ គឺគាត់មានទីតាំងច្បាស់លាស់ គាត់នឹងមិនចេះតែផ្សព្វផ្សាយថានៅឯណេះ នៅឯណោះនោះទេ គឺគាត់មានទីតាំងច្បាស់លាស់ គាត់មានលើកស្លាកសញ្ញាឈ្មោះក្រុមហ៊ុនគាត់ត្រឹមត្រូវ ហើយចូលទៅ គឺគាត់ដាក់តាំងអាជ្ញាប័ណ្ណពួកគាត់តែម្ដង ។ អ៊ីចឹងប្រជាពលរដ្ឋយើងប្រសិនបើមានតម្រូវការសេវាហិរញ្ញវត្ថុ រកប្រាក់កម្ចីហ្នឹង យើងទៅគ្រឹះស្ថានណាដែលយើងស្គាល់ មានទីតាំងនៅជិតផ្ទះយើងអីអ៊ីចឹងទៅ ។ អ៊ីចឹងនេះគឺជាវិធីមួយដែលអាចជួយយើងឲ្យផុតពីកម្ចីក្រៅប្រព័ន្ធបាន ។ ក្នុងន័យនេះដែរ ធម្មតាកម្ចី វាមានតាមប្រភេទផលិតផល កាលណាយើងខ្ចីកាន់តែច្រើន កាន់តែធំ ជាទូទៅ គេតម្រូវឲ្យមានទ្រព្យធានា ។ ទ្រព្យធានាហ្នឹង វាអាចជាប្លង់ដី ប្លឹងផ្ទះ ឬក៏ក្នុងករណីខ្លះ ប័ណ្ណកម្មសិទ្ធិឡាន ម៉ូតូអី ក៏គេអាចប្រើប្រាស់បានដែរ ។ ប៉ុន្តែទោះជានៅគ្រឹះស្ថានផ្លូវការក៏ដោយ គ្រឹះស្ថានស្របច្បាប់ក៏ដោយ បើសិនជាមានប្រភេទកម្ចីតូច គេមិនជាតម្រូវឲ្យយើងមានទ្រព្យធានាទេ “ ។

កម្ចីអនឡាញ និងកម្ចីក្រៅប្រព័ន្ធ បានជះចំហាយមិនល្អ ដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រោះកម្ចីអនឡាញ​ និងកម្ចីក្រៅប្រព័ន្ធនេះ ជាប្រភេទកម្ចីដែលមិនមានក្រមសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់អតិថិជនយ៉ាងធ្ងន់ធ្ងរ។ ពោលគឺការ​កើនឡើង​នៃ​បំណុល​តាម​អន​ឡាញ​បាន​កំពុង​តែ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សង្គម​យ៉ាង​ជ្រាលជ្រៅ ។ ដូច្នេះអ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អំពាវនាវពលរដ្ឋត្រូវចិត្តទុកដាក់ស្វែងយល់ឲ្យបានច្បាស់ពីហានិភ័យនៃកម្ចីក្រៅប្រព័ន្ធ ឬកម្ចីអនឡាញ ។ ចំណុចមួយដែលគួរកត់សម្គាល់សំខាន់ ដើម្បីចៀសវាងកុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ ប្រសិនបើពួកគេទាមទារឱ្យបង់ប្រាក់មុនពេលទទួលបានឥណទាន នោះពួកគេគឺជាក្រុមបោកប្រាស់ហើយ ។

លោក កាំង តុងងី បានមានប្រសាសន៍បន្តថា “មែនទែនទៅ ក្រៅតែពីកម្ចីក្រៅប្រព័ន្ធនេះ យើងឃើញមានការឆបោកកើតឡើងនៅរយៈពេលចុងក្រោយនេះ គឺយើងឃើញព័ត៌មានហ្នឹង មានការកើនឡើងច្រើន ដោយមានបុគ្គលមួយចំនួន ឬក្រុមបក្ខពួកមួយចំនួន គាត់បន្លំខ្លួនថាជាគ្រឹះស្ថាននេះ គ្រឹះស្ថាននោះ ទាក់ទងទៅប្រជាពលរដ្ឋ ដើម្បីផ្ដល់កម្ចី ក៏ប៉ុន្តែជាក់ស្ដែងនោះ ពួកគាត់អត់មានផ្ដល់កម្ចីទេ ជាក្រុមហ៊ុនបោកប្រាស់ ដែលពួកគាត់ប្រាប់ឲ្យប្រជាពលរដ្ឋដាក់ឯកសារ ក្រោយមក គាត់ទារឲ្យបង់ថ្លៃសេវាអីជាដើម ។ អ៊ីចឹងឆ្លៀតក្នុងឱកាសនេះ ក៏អរគុណដល់សារព័ត៌មាន (នគរធំ) ដែរ ដែលបានយកប្រធានបទនេះមកចែករំលែក មករំលឹកប្រជាពលរដ្ឋយើង ។ អ៊ីចឹងដើម្បីដឹងថា គ្រឹះស្ថានហ្នឹង ឬក៏ក្រុមបក្ខពួកហ្នឹងជាក្រុមបោក ឬក៏មិនបោក ងាយទេ ឲ្យតែថា ទារលុយមុន គឺបោកហើយ ព្រោះគ្រឹះស្ថានស្របច្បាប់ គ្រឹះស្ថានផ្លូវការ គឺគេមិនតម្រូវឲ្យប្រជាពលរដ្ឋហ្នឹងបង់លុយមុនទទួលកម្ចីនោះទេ ។ អ៊ីចឹងបើសិនជាមានអ្នកណា បុគ្គលណាដែលគាត់ទាមទារឲ្យបង់សេវាមុនបានកម្ចី មួយរយភាគរយ គឺជាករណីបោកប្រាស់ទេ ពិសេសគឺនៅអនឡាញនេះឯង ។ ដូច្នេះប្រសិនបើប្រជាពលរដ្ឋយើងមានតម្រូវការកម្ចី សុំប្រើប្រាស់កម្ចីពីគ្រឹះស្ថានផ្លូវការ អាចជាគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏ក្រុមហ៊ុនឥណទានជនបទ ដោយសារតែគ្រឹះស្ថានស្របច្បាប់ ក្រៅតែពីមានអត្រាការប្រាក់សមរម្យ មិនលើសពី១,៥% ក្នុង១ខែហើយ គឺគេមានយន្តការច្បាស់លាស់ក្នុងការការពារអតិថិជន ឬក៏ដោះស្រាយបញ្ហាអតិថិជន នៅពេលអតិថិជន គាត់ជួបបញ្ហាណាមួយ “ ។

ទោះយ៉ាងណា ឆ្លើយតបនឹងការលើកឡើងថា កម្ចីអនឡាញ គឺជា “អន្ទាក់បំណុល” ដ៏គ្រោះថ្នាក់ដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញប្រជាពលរដ្ឋឱ្យធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ និងបញ្ហាសន្តិសុខផ្ទាល់ខ្លួននោះ អ្នកជំនាញបានធ្វើការវាយតម្លៃថា តាមពិតទៅ កម្ចីអនឡាញ មិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ បើសិនជាកម្ចីអនឡាញនោះ ជារបស់គ្រឹះស្ថានស្របច្បាប់ ដែលរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ។

លោកស្រីបណ្ឌិតព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា ស្របពេលបច្ចេកវិទ្យា អាចជួយមនុស្សបានច្រើន មានធនាគារពាណិជ្ជនៅព្រះរាជាណាចក្រកម្ពុជា មួយចំនួន បានបើកឲ្យខ្ចីជាលក្ខណៈអនឡាញដែរ ដើម្បីជួយសម្រួលកុំឲ្យអ្នកនៅឆ្ងាយពីធនាគារ ពិបាកធ្វើដំណើរមកដល់ទីតាំងរបស់ធនាគារ ។ ដូច្នេះពាក្យថា “កម្ចីអនឡាញ” អត់មានអីអាក្រក់ទេ លើកលែងតែកម្ចីអនឡាញខុសច្បាប់ ព្រោះលុយមិនមែនស្រួលរកទេ បើគេឲ្យងាយៗ ចេះតែយក វាគឺជានុយដែលគេទាញយើងឲ្យជាប់បំណុលរបស់គេហើយ ។

លោកស្រីបណ្ឌិតព្រុំ ទេវី បានមានប្រសាសន៍ថា “ ពាក្យថា កម្ចីអនឡាញ ត្រឹមប៉ុណ្ណឹង វាអត់មានអីអាក្រក់ទេ ពីព្រោះធនាគារពាណិជ្ជនៅព្រះរាជាណាចក្រកម្ពុជាយើងក៏មានការឲ្យខ្ចីជាលក្ខណៈអនឡាញដែរ ។ អនឡាញ គឺគេធ្វើឡើងដើម្បីជួយសម្រួលកុំឲ្យអ្នកនៅឆ្ងាយពីធនាគារ ពិបាកធ្វើដំណើរមកដល់ទីតាំងរបស់ធនាគារតែប៉ុណ្ណឹងទេ ព្រោះអ្វីៗបច្ចេកវិទ្យា អាចជួយមនុស្សយើងបានច្រើន ។ អ៊ីចឹងបើសិនជាជាប់អន្ទាក់ហ្នឹង វាមិនពាក់ព័ន្ធជាមួយនឹងអ្វីទៅដែលហៅថា “អនឡាញ” ទេ ។ កម្ចីអនឡាញដែលខុសច្បាប់ទេ ដែលធ្វើឲ្យប្រជាពលរដ្ឋយើងហ្នឹង គឺជាប់ជំពាក់បំណុលច្រើន ដោយសារតែអ្នកដែលគេឲ្យខ្ចីខុសច្បាប់ហ្នឹង គឺដោយសារលក្ខខណ្ឌងាយៗ ដូចជាថា មិនបាច់ឯកសារអីច្រើន ហើយអាចំណុចដែលថា មិនបាច់មានឯកសារច្រើន លក្ខខណ្ឌអីច្រើនហ្នឹងហើយ ដែលជាអន្ទាក់ ដែលធ្វើឲ្យពលរដ្ឋយើងយល់ច្រឡំ ធ្វើឲ្យចាញ់បោកអ្នកទាំងអស់ហ្នឹង ដែលគេរកស៊ីខុសច្បាប់ហ្នឹង មិនខុសអីដូចពីសម័យមុន ដែលថា ខ្ចីចិន និងផ្សារធូរ អត់បាច់មានកក់អីៗអ៊ីចឹង ហើយខ្ចីនៅធនាគារ វាពិបាក ។ អ៊ីចឹងឥឡូវនេះ គឺទូរស័ព្ទដៃ គឺមានសឹងគ្រប់ដៃហើយ ប្រទេសខ្មែរយើង គឺប្រើទូរស័ព្ទវៃឆ្លាតហ្នឹងច្រើន អ៊ីចឹងងាយខ្ចីលុយ អ៊ីចឹងគ្រាន់តែចុចមួយប៉ឹកពីរប៉ឺកបានលុយ គិតឃើញថាអ៊ីចឹង ក៏ងាកខ្ចីៗអ៊ីចឹងទៅ ។ អ៊ីចឹងចង់និយាយថា អារឿងអ្វីដែលស្រួល គឹវាតែងតែធ្លាក់ខ្លួនអ៊ីចឹងហើយ ព្រោះលុយមិនមែនស្រួលរកទេ ។ អ៊ីចឹងឃើញគេឲ្យងាយហ្នឹងៗ ចេះតែយក តាមពិតអាហ្នឹងគឺជានុយដែលគេទាញយើងឲ្យជាប់បំណុលគេតែប៉ុណ្ណឹងទេ “ ។

បន្ថែមលើចំណុចនេះ លោកកាំង តុងងី បានបញ្ជាក់ថា ដោយមើលឃើញថា កម្ចីអនឡាញ ភាគច្រើនលើសលុប គឺជាកម្ចីដែលមិនមានច្បាប់នោះ លោកនៅតែលើកទឹកចិត្តប្រជាពលរដ្ឋដែលត្រូវការឥណទានមានសុវត្ថិភាព សូមទៅសាកសួរព័ត៌មាន និងការផ្ដល់សេវាហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដោយផ្ទាល់ ដែលមានទីតាំងនៅជិតកន្លែងរស់នៅរបស់ខ្លួន ឬអាចសួរនាំមន្រ្តីឥណទានដែលចុះទៅផ្សព្វផ្សាយដល់ភូមិស្រុក ។

លោកកាំង តុងងី បានមានប្រសាសន៍បន្ថែមថា “ មែនទែនទៅ មិនប្រាកដថា កម្ចីអនឡាញ សុទ្ធតែអាក្រក់ទេ ប្រសិនបើគាត់ជាគ្រឹះស្ថានដែលស្របច្បាប់ គឺកម្ចីអនឡាញ ក៏មិនខុសពីកម្ចីទូទៅដែរ ឲ្យគាត់ជាគ្រឹះស្ថានមានអាជ្ញាប័ណ្ណ ។ ក៏ប៉ុន្តែអ្វីដែលយើងសង្កេតឃើញជាក់ស្ដែងនៅក្នុងទីផ្សារបច្ចុប្បន្ននេះ កម្ចីអនឡាញ ភាគច្រើនលើសលុប គឺជាកម្ចីដែលមិនមានច្បាប់នោះទេ ជាទូទៅពួកគាត់ជាក្រុមបក្ខពួកមួយចំនួន ដែលគាត់ផ្ដល់កម្ចីអត្រាការប្រាក់ខ្ពស់ ហើយគាត់ប្រើប្រាស់នូវរបៀបធ្វើអាជីវកម្មដែលមិនមានក្រមសីលធម៌ មានការគំរាមកំហែងអីផ្សេងៗ ដើម្បីបង្ខំឲ្យអតិថិជនបង់ប្រាក់ទៅពួកគាត់ ។ អ៊ីចឹងបានសុំសំណូមពរប្រជាពលរដ្ឋ បើត្រូវការ ទៅរកគ្រឹះស្ថានដែលមានច្បាប់ ព្រោះក្នុងប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណរាប់រយ ។ អ៊ីចឹងប្រសិនបើយើងមិនស្គាល់គាត់ទេ មិនស្គាល់ទីតាំងគាត់ទេ មិនច្បាស់ទេ យើងប្រើសេវាអី ទៅរកសេវានៅក្នុងតំបន់របស់យើងទៅ តាមភូមិស្រុករបស់យើងហ្នឹង ជាទូទៅគឺមានហើយ ឬក៏គាត់មានបុគ្គលិករបស់គាត់ដែលចុះដល់មូលដ្ឋាន ធ្វើការផ្សព្វផ្សាយហ្នឹង ក៏យើងអាចសួរព័ត៌មានពីពួកគាត់បានដែរ “ ។  

ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានទទួលស្គាល់ថា កម្ចីក្រៅផ្លូវការ ដែលគ្មានប្រភពច្បាស់លាស់ នឹងក្លាយជាប្រភពដ៏គ្រោះថ្នាក់ ប្រសិនបើពលរដ្ឋពុំបានពិចារណាឱ្យបានច្បាស់លាស់ ។ ដូច្នេះពលរដ្ឋគួរប្រុងប្រយ័ត្នពីការចាញ់បោកកម្ចីក្រៅផ្លូវការ ឬការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ ដោយត្រូវងាកមកខ្ចីកម្ចីជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ។ ទាក់ទិននឹងករណីនេះ ធនាគារជាតិមើលឃើញថា កម្ចីខុសច្បាប់ ប្រឈមនឹងបំណុលវ័ណ្ឌក  ដោយសារអត្រាការប្រាក់និងកម្រៃសេវាខ្ពស់ខ្លាំងជាងគ្រឹះស្ថានស្របច្បាប់ ការគណនាការប្រាក់ ក៏ពុំត្រឹមត្រូវតាមច្បាប់និងបញ្ញត្តិ អតិថិជនប្រឈមនឹងការគំរាមកំហែង គាបសង្កត់ និងគ្រោះថ្នាក់គ្រប់រូបភាព ដោយសារការបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ មិនសមហេតុផល តាមក្រុមហ៊ុនឬម្ចាស់កម្ចី ទ្រព្យធានារបស់អតិថិជន អាចត្រូវម្ចាស់កម្ចី រឹបអូស ដោយពុំមានការឆ្លងកាត់ការសម្រេចរបស់តុលាការ។

ក្រៅពីលើកឡើងបែបនេះ ធនាគារជាតិ ក៏បានស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ លើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាពអស់ទាំងនោះផងដែរ ។ រហូតកន្លងមក ធនាគារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ដៃគ្នាធ្វើការ ហើយចេញសេចក្ដីថ្លែងការណ៍រួម ចាត់ទុកការផ្ដល់កម្ចីខុសច្បាប់ មានការប្រាក់ខ្ពស់ ការគំរាមគំហែង ការអនុវត្តកិច្ចសន្យាសុចរិត ជាការកេងចំណេញហួសហេតុ និងប៉ះពាល់ជីវភាពរបស់ពលរដ្ឋ ខណៈដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ក៏បានអំពាវនាវពលរដ្ឋរាយការណ៍ព័ត៌មានទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ផងដែរ បើក្នុងករណីរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញ ៕

RELATED ARTICLES